អន្តរជាតិ
លោក ស៊ី ជិនភីង៖ ចិន​ប្រឆាំងការដាក់ទណ្ឌកម្មឯកតោភាគី និងការជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដទៃ
21, Apr 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាទៅកាន់វេទិកាបូអៅសម្រាប់អាស៊ី។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាទៅកាន់វេទិកាបូអៅសម្រាប់អាស៊ី។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីចិន​ ស៊ី ជិនភីង បានលើកឡើងជាថ្មីជំហររបស់ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃ។ ប្រមុខដឹកនាំចិនបានថ្លែងបែបនេះនៅឯសុន្ទកថាមួយនាថ្ងៃទី២១ ខែមេសា ​ដោយមិននិយាយចំៗសំដៅបស្ចិមលោកដែលកំពុងដាក់ទណ្ឌកម្មយ៉ាងគំហុកលើរុស្ស៊ីជុំវិញការវាយលុកអ៊ុយក្រែនឡើយ។


អំឡុងសុន្ទកថា​តាមប្រព័ន្ធវីដេអូក្នុងឯកិច្ចប្រជុំប្រចាំឆ្នាំវេទិកាបូអៅសម្រាប់តំបន់អាស៊ី (Boao Forum for Asia) ​នៅកោះហៃណាន ​លោក ស៊ី ជិនភីង បានព្រមានថា ​ការផ្តាច់ចរន្តសេដ្ឋកិច្ច និងយុទ្ធសាស្រ្ត នៃការដាក់សម្ពាធដូចជាការកាត់ផ្ដាច់ច្រវាក់ផ្គត់ផ្គង់ មិនមានប្រសិទ្ធភាពទេ។
 
«ចិន​ ចង់ស្នើឡើងគំនិតផ្តួតផ្តើមសន្តិសុខសកលមួយដែលប្រកាន់យកគោលការណ៍សន្តិសុខដែលមិនអាចបំបែក​។» លោក ស៊ី បានអះអាងបែបនេះ ដោយបន្ថែមថា ​ប្រទេសនានាគួរតែ​គាំទ្រគោលការណ៍នៃការមិនបំបែកបាននៅសន្តិសុខ​សកល ដោយកសាងតុល្យភាពសន្តិសុខ ប្រសិទ្ធភាព និងនិរន្តភាព ហើយប្រឆាំងរាល់ការបង្កើតសន្តិសុខជាតិរបស់ប្រទេសណាមួយដែលបង្កអសន្តិសុខក្នុងប្រទេសដទៃ។
 
មេដឹកនាំចិនរូបនេះ បានលើកឡើងទៀតថា ​​ចិននៅតែបេ្តជ្ញាគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ដោយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងទេ​។ បើតាមប្រមុខរដ្ឋចិនរូបនេះ ចិនក៏នៅតែគោរពតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ​​​បដិសេធគំនិតធ្វើសង្រ្គាមត្រជាក់, និងប្រឆាំងដាច់ខាត​ចំពោះនយោបាយជាក្រុម ​និងការប្រឈមមុខដាក់គ្នាជាប្លុកណាមួយ។
 
លើសពីនេះ លោក ស៊ី ប្រកាសជំហរចិនទៀតថា ​ចិនបេជ្តាចិត្តក្នុងការជួយដោះស្រាយជម្លោះរវាងប្រទេសដោយសន្តិវិធីតាមរយៈការសន្ទនា និងការចរចា​​ដោយច្រានចោលគោលការណ៍ស្តង់ដារពីរ​ ព្រមទាំងប្រឆាំងការដាក់ទណ្ឌកម្មឯកតោភាគីយ៉ាងឥតត្រាប្រណី។
 
គោលការណ៍នៃសន្តិសុខមិនអាចបំបែកបានដែលលោក ស៊ី លើកឡើង សំដៅដល់ស្ថានភាពដែលគ្មានប្រទេសណាមួយអាចពង្រឹងសន្តិសុខរបស់ខ្លួន ហើយបង្កគ្រោះថ្នាក់ដល់ប្រទេសផ្សេងឡើយ។កាលពីដើមខែកុម្ភៈ រុស្ស៉ី​  ក៏បានទទូចឱ្យរដ្ឋាភិបាលលោកខាងលិចគួរតែគោរពនៅកិច្ចព្រមព្រៀងដែលលេចចេញនៅឆ្នាំ១៩៩៩ មុនឈ្លានពានអ៊ុយក្រែន៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com