អន្តរជាតិ
ចិន ផ្តល់សច្ចាប័នអនុសញ្ញាការងារអន្តរជាតិ ខណៈសហគមន៍អន្តរជាតិបារម្ភពីបញ្ហាសិទ្ធិមនុស្ស
22, Apr 2022 , 9:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
សភាចិន បានប្រកាសនៅថ្ងៃទី២០ ខែមេសាថា ចិនបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ស្តីពីការងារដោយបង្ខំចំនួនពីរ បន្ទាប់ពីអ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានបង្ហាញការព្រួយបារម្ភអស់រយៈពេលជាច្រើនខែ ជុំវិញសកម្មភាពចិនលើជនជាតិភាគតិច​​ នៅតំបន់ស៊ីនជាំង។

 
តាមការប្រកាសជាផ្លូវការនៅលើវេបសាយ សភាប្រជាជនចិន នៅថ្ងៃទី២០ ខែមេសា បានអនុម័តការផ្តល់សច្ចាប័ន លើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO) ចំនួនពីរ រួមមានអនុសញ្ញាស្តីពីការងារដោយបង្ខំ និងអនុសញ្ញាស្តីពីការលុបចោលការងារដោយបង្ខំ។ 
 
យោងតាម ILO អនុសញ្ញាទី១ សំដៅលើការបញ្ឈប់ពលកម្មដោយបង្ខំបែបឯកជន រួមមានការជួញដូរមនុស្ស ទាសភាព និងភាពជាខ្ញុំបម្រើ។ រីឯអនុសញ្ញាទី២ គឺតម្រូវឱ្យរដ្ឋ អនុម័តអនុសញ្ញានេះ លុបបំបាត់ការងារបែបចាប់បង្ខំ ដែលប្រើជាមធ្យោបាយបង្ខិតបង្ខំផ្នែកនយោបាយ ការអប់រំ ឬជាការដាក់ទោសសម្រាប់ការប្រកាន់យកទស្សនៈនយោបាយ ឬមនោគមវិជ្ជាប្រឆាំងនឹងប្រព័ន្ធសេដ្ឋកិច្ច សង្គម និងនយោបាយដែលមានស្រាប់។ បន្ថែមពីនេះ អនុសញ្ញាទី២ ក៏តម្រូវឱ្យបញ្ឈប់ប្រើប្រាស់ពលកម្មដោយបង្ខំ ទៅលើការរើសអើងពូជសាសន៍ សង្គម ជាតិ ឬសាសនាផងដែរ។ 
 
អនុសញ្ញាទាំងពីរនេះ ស្ថិតក្នុងចំណោមអនុសញ្ញា ILO សំខាន់ៗចំនួន៨ ដែលគ្របដណ្តប់លើសិទ្ធិការងារមូលដ្ឋាន ដូចជាការចរចាជាសមូហភាព និងសិទ្ធិបង្កើតសហជីព។ កន្លងមក ចិនបានធ្វើសច្ចាប័នលើអនុសញ្ញា ៤ ដូចជា អនុសញ្ញាស្តីពីប្រាក់ឈ្នួលស្មើគ្នា ការរើសអើង អាយុអប្បបរមា និងពលកម្មកុមារ។ 
 
ស្របគ្នានេះ អង្គការពលកម្មអន្តរជាតិ បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់ចិននេះ។ តាមរយៈការផ្តល់សច្ចាប័នទាំងនេះ ចិនពង្រឹងការប្តេជ្ញាចិត្តលុបបំបាត់រាល់ទម្រង់ការធ្វើការងារដោយបង្ខំ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដឹងពីសេរីភាពការងាររបស់ប្រជាជនចិន ក៏ដូចជាគោរពគោលការណ៍មូលដ្ឋានរបស់ ILO និងសិទ្ធិនៅកន្លែងធ្វើការ។
 
កន្លងមក ក្នុង​របាយការណ៍​ខែ​កុម្ភៈ អង្គការពលកម្មអន្តរជាតិ បាន​រិះគន់​ចិន​យ៉ាង​ខ្លាំង។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) មួយនេះ បានបង្ហាញការព្រួយបារម្ភ ចំពោះការប្រព្រឹត្តិទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅចិន ជាពិសេសតំបន់ស៊ីនជាំង។
 
ការធ្វើសច្ចាប័នលើអនុសញ្ញាទាំងនេះ ត្រូវបានអនុម័ត បន្ទាប់ពីកិច្ចចរចាដែលប្រើរយៈពេលអស់ ៧ ឆ្នាំ ជុំវិញកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងចិន និងសហភាពអឺរ៉ុប (EU) មិនបានសម្រេចកាលពីចុងឆ្នាំ ២០២០ ដោយសារចិនមិនធ្វើសច្ចាប័នលើអនុសញ្ញាទាំងនេះ។ ទន្ទឹមនេះ ឧត្តមស្នងការសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet នឹងធ្វើទស្សនកិច្ចនៅចិន និងតំបន់ស៊ីនជាំង នៅខែឧសភាផងដែរ ក្រោយត្រូវបានពន្យារពេលយ៉ាងយូរ។ 
 
កន្លងមក ចិនបានរងបទចោទពីបណ្តាប្រទេស និងអង្គការជាច្រើន ជុំវិញការប្រើប្រាស់ការងារដោយបង្ខំ នៅតំបន់ស៊ីនជាំង ព្រមទាំងការរំលោភសិទ្ធិមនុស្សទូទៅផង។ ប៉ុន្តែ ចិនបានបដិសេធការចោទប្រកាន់ទាំងនោះម្តងហើយម្តងទៀត ដោយអះអាងថា វាមិនផ្អែកលើការពិត តែលម្អៀងទៅផ្នែកនយោបាយ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com