ជាតិ
នយោបាយជាតិ
ទូតបារាំង បង្ហាញក្តីបារម្ភពីការអូសបន្លាយរឿងក្តីលោក កឹម សុខា ជំនួបរវាងលោក កឹម សុខា និង លោក Jacques PELLET នៅស្ថានទូតបារាំង កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
× តបតាមការអញ្ជើញ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅជួបលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅស្ថានទូតបារាំង កាលរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
«អ្នកទាំង២ បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងនយោបាយ សិទ្ធិមនុស្ស នីតិរដ្ឋ សារសំខាន់នៃប្រជាធិបតេយ្យ ឯករាជ្យ និងការរីកចម្រើនរបស់កម្ពុជា។ ការបារម្ភពីរយៈពេលនៃការជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក កឹម សុខា ក៏ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរ»។ នេះជាសំណេរ ដែលស្ថានទូតបារាំង បានបង្ហោះលើបណ្តាញធ្វីតធឺ។
ចំណែក លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុកថា៖«ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសួរខ្ញុំភាគច្រើនអំពីដំណើរការសវនាការ ដែលគាត់មើលឃើញថា មានការអូសបន្លាយ និងការចោទប្រកាន់ខ្ញុំនោះពាក់ព័ន្ធជាមួយអង្គការ និងរដ្ឋបរទេសជាច្រើន ដោយឮថាមានឈ្មោះសហភាពអឺរ៉ុបផង ព្រោះប្រទេសបារាំងក៏ជាសមាជិកសហភាពអឺរ៉ុបដែរ»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការបារម្ភរបស់លោកឯកអគ្គរដ្ឋទូតបារាំងលើសំណុំរឿងលោក កឹម សុខា ថា ជាសិទ្ធិសេរីភាពរបស់លោក។ យ៉ាងណា លោកអ្នកនាំពាក្យ បកស្រាយថា អ្វីៗ ត្រូវផ្អែកទៅតាមផ្លូវច្បាប់។
លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖«តុលាការ បានធ្វើតាមនីតិវិធីច្បាប់របស់គេ ដែលមានជាធរមានហើយ អាហ្នឹង ជាដំណើរការសង្គមប្រជាធិបតេយ្យវាអ៊ីចឹង»។
នៅចំពោះមុខលោក Jacques Pellet លោក កឹម សុខា បានអរគុណរដ្ឋាភិបាលបារាំង រួមទាំងសហភាពអឺរ៉ុប ដែលបានចូលរួមជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបន្តជួយដល់ប្រជាពលរដ្ឋខែ្មរលើវិស័យនានា ជាពិសេសនៅតែតាមឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ជូនអ្នកការទូត ឲ្យតាមដានសវនាការរបស់លោក។
សូមជម្រាបថា តុលាការភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តីលើលោក កឹម សុខា អស់ចំនួន៣៧លើករួចមកហើយ ដោយមិនទាន់ឈានដល់ការធ្វើសេចក្តីសម្រេចនោះទេ៕
Tag:
កឹម សុខា
ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com