អន្តរជាតិ
អាម៉េរិក ផ្ដល់ជំនួយ១,៣ពាន់លានដុល្លារទៀតទៅអ៊ុយក្រែន, ៨០០លានដុល្លារជាជំនួយយោធា
22, Apr 2022 , 10:50 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងសុន្ទរកថាពីសេតវិមាននៅថ្ងៃទី២១ ខែមេសា។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងសុន្ទរកថាពីសេតវិមាននៅថ្ងៃទី២១ ខែមេសា។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២១ ខែមេសា បានសន្យាផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចទំហំ ១,៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ដើម្បីជួយពង្រឹងយោធាអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី និងរក្សាស្ថិរភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ លោកបៃឌិន ក៏បានស្នើសុំជំនួយបន្ថែមពីសភាទៅឱ្យក្រុងកៀវផងដែរ។

 
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង អាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត បានប្រកាសផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចក្នុងទំហំជាច្រើនពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែនជាបន្តបន្ទាប់ ដើម្បីជួយប្រទេសនៅអឺរ៉ុបខាងកើតមួយនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ក៏ដូចជាជួយប្រជាជនស៊ីវិល ដែលរងគ្រោះដោយសារសង្រ្គាម។ ជាថ្មីម្តងទៀត អាម៉េរិក បានសម្រេចផ្តល់កញ្ចប់ជំនួយយោធា និងសេដ្ឋកិច្ច ក្នុងទំហំ ១,៣ពាន់លានដុល្លារ ដោយជំនួយយោធាមានចំនួន ៨០០លានដុល្លារ និងជំនួយសេដ្ឋកិច្ចដោយផ្ទាល់ទៅអ៊ុយក្រែនមានតម្លៃ ៥០០លានដុល្លារ។ 
 
តាមរយៈជំនួយចុងក្រោយនេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានអះអាងថា វានឹងជួយរក្សាស្ថិរភាពអ៊ុយក្រែន គាំទ្រសហគមន៍អ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយរុស្ស៊ី និងផ្តល់ថ្លៃពលកម្មដល់កម្មករ ដែលបន្តផ្តល់សេវាទៅប្រជាជនអ៊ុយក្រែន បើទោះប្រទេសកំពុងស្ថិតក្នុងសង្រ្គាមក៏ដោយ។ ទន្ទឹមនេះ លោកបៃឌិន បានយល់ឃើញថា សង្រ្គាមនៅអ៊ុយក្រែន កំពុងស្ថិត​ក្នុងដំណាក់កាលសំខាន់។ 
 
«យើង ពេលនេះ កំពុងនៅក្នុងដំណាក់កាលសំខាន់ ដែលពួកគេ (រុស្ស៊ី)កំពុងកំណត់ដំណាក់កាលថ្មីសម្រាប់សង្រ្កាមមួយនេះ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះពីសេតវិមាន ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងចាត់វិធានការឱ្យរហ័ស ដើម្បីផ្តល់ជំនួយអាវុធ និងសម្ភារផ្សេងទៀតទៅអ៊ុយក្រែន។ 
 
កញ្ចប់ជំនួយយោធាទំហំជាង ៨០០លានដុល្លារនោះ មានបញ្ចូល​ កាំភ្លើងធំធន់ធ្ងន់, កាំភ្លើងធំ ប្រភេទ howitzer, គ្រាប់កាំភ្លើង និងដ្រូនPhoenix Ghost ជាដើម។ យុទ្ធោបករណ៍ទាំងនេះ មិនខុសគ្នាពីអ្វីដែលអាម៉េរិកប្រកាសក្នុងកញ្ចប់ជំនួយ៨០០លានដុល្លារដែលប្រកាសកាលពីសប្ដាហ៍មុនដែរ។
 
ជាមួយគ្នានេះ លោក បៃឌិន បានបន្តថា លោកនឹងស្នើសុំជំនួយបន្ថែមទៅសភានៅសប្តាហ៍ក្រោយ ខណៈចំនួននៃជំនួយនោះ កំពុងតែពិភាក្សា។ ស្របគ្នានេះ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាង បានប្រាប់អ្នកសារព័ត៌មានថា សភាតំណាងនឹងពិចារណាលើជំនួយបន្ថែមឱ្យបានឆាប់ត្រឹមសប្តាហ៍ក្រោយ។ 
 
ការប្រកាសរបស់ប្រធានាធិបតីអាម៉េរិកខាងលើ ធ្វើឡើងបន្ទាប់ពីជំនួបជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal នៅក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីការប្រកាសរបស់អាម៉េរិក លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសរសេរលើបណ្តាញសង្គម Twitter អរគុណអាម៉េរិក ដោយបានចាត់ទុកជំនួយជាច្រើនលានដុល្លារនោះ​ ជួយការពារប្រជាធិបតេយ្យ និងសេរីភាពរបស់អ៊ុយក្រែន។ 
 
ការបញ្ចេញជំនួយលើកចុងក្រោយរបស់អាម៉េរិកនេះ ធ្វើឡើងស្របពេលរុស្ស៊ីបានផ្តោតការវាយប្រហាររបស់ខ្លួននៅតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែនវិញម្តង និងចំពេលរុស្ស៊ីប្រកាសគ្រប់គ្រងក្រុង Mariupol ជាផ្លូវការ។ 
 
ទាក់ទិននឹងការគ្រប់គ្រងក្រុងសំខាន់នេះ លោក ហ្សេលេនស្គី បានលើកឡើងថា ស្ថានភាពនៅក្រុង Mariupol មិនមានការផ្លាស់ប្តូរអ្វីឡើយ។ បើតាមប្រធានាធិបតីអ៊ុយក្រែន កន្លងមក កងទ័ពរុស្ស៊ី បានគ្រប់គ្រងក្រុង Mariupol បានមួយភាគធំហើយ ខណៈយោធាអ៊ុយក្រែន នៅតែបន្តគ្រប់គ្រងមួយផ្នែកនៃទីក្រុង៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com