កីឡាជាតិ
ជាតិ
ឥណ្ឌូណេស៊ី ដក​វិញ្ញាសាបាល់ទាត់នារី និងហ្វុត​សាលនារីពីស៊ីហ្គេម​នៅ​វៀតណាម
22, Apr 2022 , 3:57 pm        
រូបភាព
ជម្រើសជាឥណ្ឌូណេស៊ី រូបពីគេហទំព័រ Vietnameplus
ជម្រើសជាឥណ្ឌូណេស៊ី រូបពីគេហទំព័រ Vietnameplus
ក្រុម​កីឡា​បាល់ទាត់ និង​ហ្វុត​សាល​ជម្រើសជាតិនារីរបស់​ឥណ្ឌូណេស៊ី បានដកខ្លួនជាពីព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ នេះបើយោងតាម​លិខិត​របស់គណៈកម្មការកីឡាអូឡាំពិកជាតិឥណ្ឌូណេស៊ី ផ្ញើទៅកាន់ម្ចាស់ផ្ទះ​វៀតណាម។

 
កាលពីថ្ងៃទី១៥ ខែមេសា គណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ឥណ្ឌូណេស៊ី នឹងចូលរួមប្រកួតលើវិញ្ញាកីឡាបាល់ទាត់ផ្នែកបុរសប៉ុណ្ណោះ។ 
 
សម្រាប់​កីឡា​បាល់ទាត់នារី ឥណ្ឌូណេស៊ី និងវៀតណាម គឺជាក្រុមដែលមានសមត្ថភាព ដោយជម្រើសជាតិទាំង២ សុទ្ធធ្លាប់បានប្រកួតជម្រុះយកកៅអីក្នុង World Cup។ កម្ពុជា​ស្ថិតនៅក្នុងពូល A ជាមួយក្រុមទាំងពីរ ប៉ុន្តែក្រោយ​ការដក​ខ្លួនរបស់​ឥណ្ឌូណេស៊ី ពូលនេះ នៅ​សល់តែម្ចាស់ផ្ទះវៀតណាម ដែលធ្លាប់ឈ្នះ​មេដាយមាស​៦លើក ហ្វីលីពីន មានប្រវត្តិបានមេដាយសំរឹទ្ធ១លើក និងកម្ពុជា។
 
សម្រាប់កម្ពុជា ការប្រកួតនៅវៀតណាម ជាការវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ សម្រាប់កីឡការិនី កម្ពុជា លើកដំបូង​បំផុត​។ លោក ប្រាក់ វុទ្ធី គ្រូបង្គោលជម្រើសជាតិបាល់ទាត់នារី បានប្រាប់សារពត៌មានថ្មីៗកាលពីថ្ងៃទី១៩កន្លងទៅ ថា ការប្រកួតនៅវៀតណាម ជាម៉ែត្រវាស់ស្ទង់សមត្ថភាពកីឡាការីនី ដើម្បីដំណើឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
«បទពិសោធន៍មួយនេះ គឺជាម៉ែត្រវាស់សម្រាប់កំណត់ វាស់ស្ទង់ទៅលើសមត្ថភាពកីឡាការិនី មានកំរិតបែបណា ក្រោយពីប្រកួតចប់ស៊ីហ្គេមមួយនេះ»។ គ្រូបង្គោលរូបនេះ បានបញ្ជាក់ដូច្នេះ។
 
សម្រាប់​វិញ្ញាសា​ហ្វុតសាលផ្នែកនារីកម្ពុជា មិនបានចូលរួមទេ ដោយមិនទាន់មានផ្នែកនេះនៅឡើយ។ លោក ប្រាក់ វុទ្ធី ថា ការបង្កើតក្រុម​ហ្វុតសាលនារី ស្ថិតនៅក្នុងគម្រោងនៅឡើយ ដោយនៅចាំការបញ្ជាក់ពីអ្នកជំនាញ និងអ្នកបច្ចេកទេស៕
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com