ជាតិ
រដ្ឋាភិបាលបង្កើតគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
22, Apr 2022 , 6:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ ការសម្រេចនេះ បន្ទាប់ពីរកឃើញបទល្មើសជលផលនៅបឹងទន្លេសាប និងចំណាត់ការក្ដៅចេញដោយនាយករដ្ឋមន្ត្រីផ្ទាល់។


បន្ទាប់ពីការដាក់បញ្ជាដោយផ្ទាល់ដោយ សម្ដេច ហ៊ុន សែន ដល់អន្តរក្រសួង ពាក់ព័ន្ធនឹងបទល្មើសជលផលបឹងទន្លេសាបរួចមក នៅថ្ងៃទី២០ ខែមេសានេះ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង។ ការណ៍នេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ 
 
នៅក្នុងសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលកម្ពុជា គណៈកម្មការអន្តរក្រសួងនេះរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, អាជ្ញាធរទន្លេសាប, ក្រសួងមហាផ្ទៃ, រដ្ឋបាលជលផល។ ក្រៅពីក្រសួងស្ថាប័នថ្នាក់ជាតិ ក៏មានសមាសភាពចូលរួមពីថ្នាក់ក្រោមជាតិ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
 
ក្នុងលិខិតសម្រេចខាងលើ លើកឡើងបន្ថែមថា គណៈកម្មការនេះ មានសិទ្ធិក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនចំបាច់។ គណៈកម្មការនេះ ក៏មានសិទ្ធិ ក្នុងការប្រើប្រាស់ត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ រីឯការចំណាយលើបេសកកម្មវិញ គណៈកម្មការអន្តរក្រសួងទាំងអស់ ត្រូវប្រើប្រាស់ថវិការបស់ក្រសួង ស្ថាប័នរៀងៗខ្លួន។ 
 
ដោយឡែក ភារកិច្ចរបស់គណៈកម្មការវិញ ត្រូវរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងត្រូវអង្កេត និងស្រាវជ្រាវរកជនល្មើស ព្រមទាំងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ។ លើសពីនេះ ត្រូវស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 
 
ជាមួយគ្នានេះ គណៈកម្មការក៏មានភារកិច្ចរៀបចំផែនការ ចាត់វិធានការ ត្រួតពិនិត្យការអនុវត្តរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព។ មួយវិញទៀត គណៈកម្មការ ត្រូវធ្វើរបាយការណ៍លទ្ធផលការងារជូនប្រមុខរដ្ឋាភិបាល និងត្រូវទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រមុខរដ្ឋាភិបាលប្រគល់ជូន។ 
 
គួររំឭកផងដែរថា ការបង្កើតគណៈកម្មការអន្តរក្រសួងខាងលើនេះ បន្ទាប់ពីបទល្មើសនេសាទបឹងទន្លេសាបកើតមានឡើង និងត្រូវបានរាយការណ៍ដោយ លោក សុខ​ ទូច ជុំវិញបញ្ហានេះ។ តបនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើមន្ត្រី ចៅហ្វាយខេត្ត រដ្ឋមន្ត្រី មេទាហាន និងមេប៉ូលិសទាំងអស់ មិនអាចបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានទេនោះ ពួកគាត់មិនគួរបន្តការងារខ្លួនឡើយ៕ 
 

Tag:
 ThmeyThmey25
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com