ជាតិ
តំបន់នគរភ្នំ-ឈើកាច់បាភ្នំ អាចនឹងកែប្រែជាកន្លែងបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត
22, Apr 2022 , 7:59 pm        
រូបភាព
ដោយ:
ក្រសួងបរិស្ថាន ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងសិក្សាពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ខេត្តព្រៃវែង។ ស្ថាប័នពាក់ព័ន្ធនឹងចុះពិនិត្យផលប៉ះពាល់ និងទីតាំងជាក់ស្ដែង សម្រាប់ស្នើរដ្ឋាភិបាលប្រែទីតាំងនេះទៅជាតំបន់បេតិកភណ្ឌ។



តំបន់នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់នេះ ជាទីតាំងវប្បធម៌ ប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋតែងគោរព និងឱ្យតម្លៃខ្ពស់។ ប្រជាពលរដ្ឋមួយចំនួន ជឿថាទីតាំងនគរភ្នំ-ឈើកាច់បាភ្នំ ជាកន្លែងកកើតនៃទឹកដីខ្មែរ។
 
ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងកែប្រែតំបន់នគរភ្នំ-ឈើកាច់បាភ្នំ ជាទីតាំងបេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ។ ជំហានដំបូងក្រុមការងារអន្តរក្រសួង នឹងចុះពិនិត្យផលប៉ះពាល់ និងទីតាំងជាក់ស្ដែង ដើម្បីស្នើគម្រោងនេះ ទៅរដ្ឋាភិបាល។ ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៅទីស្ដីក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២០ មេសា។
 
គម្រោងនេះ ក៏ទទួលបានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងដែនដី នគរូបនីយកម្ម, ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តព្រៃវែង៕
 
 
 
 

Tag:
 ThmeyThmey25
  នគរភ្នំ
  ឈើកាច់បាភ្នំ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com