អន្តរជាតិ
អភិបាលក្រុងMariupol៖ អាយុជីវិតប្រជាជនជាង១០ម៉ឺននាក់ កំពុងស្ថិតក្នុងដៃលោក ពូទីន
22, Apr 2022 , 4:31 pm        
រូបភាព
អាគារក្នុងក្រុង Mariupol រងការបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។ រូបភាព៖ AFP
អាគារក្នុងក្រុង Mariupol រងការបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែម្នាក់ឯង អាចកំណត់វាសនាប្រជាជនស៊ីវិលអ៊ុយក្រែន ប្រមាណ ១០ម៉ឺននាក់ ដែលជាប់នៅក្នុងក្រុង Mariupol។ អភិបាលក្រុង Mariupol លោក Vadym Boichenko បានយល់ឃើញបែបនេះ នៅថ្ងៃទី២១ ខែមេសា ក្រោយមេដឹកនាំរុស្ស៊ីប្រកាសពីការគ្រប់គ្រងទីក្រុង។

 
ក្រុង Mariupol ត្រូវបានរុស្ស៊ីប្រកាសគ្រប់គ្រងជាផ្លូវការនៅថ្ងៃទី២១ ខែមេសា។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានហៅការគ្រប់គ្រងក្រុងកំពង់ផែមួយនេះ ជាការរំដោះដោយជោគជ័យពីសំណាក់កម្លាំងទ័ពរុស្ស៊ី។ យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃទី២១ ខែមេសា លោក លោក Vadym Boichenko អភិបាលក្រុង Mariupol បានហៅការគ្រប់គ្រងរបស់រុស្ស៊ីជាការបំផ្លាញ និងអះអាងថា ជីវិតប្រជាជនស៊ីវិលនៅក្នុងក្រុងជាច្រើនម៉ឺននាក់ កំពុងស្ថិតនៅក្នុងដៃរបស់លោកពូទីន។ 
 
«វាពិតជាចាំបាច់ ដើម្បីយល់ថា ជីវិតប្រជាជនជាច្រើន ស្ថិតនៅក្នុងដៃមនុស្សម្នាក់ គឺលោក វ្ល៉ាឌីមៀ ពូទីន»។ លោក Boichenko បានសង្ក់តធ្ងន់បែបនេះ ដោយបន្ថែមថា រាល់ជីវិតទាំងអស់ ដែលអាចបាត់បង់ជីវិត ក្រោយរុស្ស៊ីគ្រប់គ្រងក្រុង ក៏ស្ថិតនៅក្នុងដៃលោក ពូទីន ដែរ។ 
 
អភិបាលក្រុង Mariupol បានជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជម្លៀសប្រជាជនស៊ីវិលដែលជាប់ក្នុងក្រុងប្រមាណ ១០ម៉ឺននាក់ចាកចេញ។ ប្រជាជន ដែលស្ថិតនៅក្នុងក្រុង Mariupol មិនអាចជម្លៀសចេញបានឡើយ ដោយសារតែរុស្ស៊ីនៅតែវាយប្រហារលើច្រកមនុស្សធម៌។ 
 
ទន្ទឹមនេះ អភិបាលក្រុង Mariupol បានរិះគន់លោកពូទីនថា រុស្ស៊ីមិនបានរំដោះក្រុង Mariupol ឡើយ ប៉ុន្តែវាជាគម្រោងនៃការបំផ្លិចបំផ្លាញប៉ុណ្ណោះ។ បើតាមលោក Boichenko ក្រុងកំពង់ផែមួយនេះ បានរងការបំផ្លាញប្រមាណ៩០ភាគរយ បើគិតចាប់តាំងពីរុស្ស៊ីឈ្លានពាន។ 
 
ក្នុងថ្ងៃប្រកាសគ្រប់គ្រងក្រុងកំពង់ផែ ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែននេះ លោក ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ីលុបចោលការវាយប្រហារលើរោងចក្រដែក Azovstal។ យោធារុស្ស៊ី ត្រូវឡោមព័ទ្ធរោងចក្រដែកនោះឱ្យជិត និងមិនអនុញ្ញាតឱ្យសូម្បីតែរុយឆ្លងកាត់ឡើយ។ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានប្រាប់លោក ពូទីន ថា ទាហានអ៊ុយក្រែនលាក់ខ្លួន ក្នុងរោងចក្រដែក មានប្រមាណ ២ពាន់នាក់។ 
 
ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុង Mariupol បានលើកឡើងថា ទាហានក្នុងរោងចក្រAzovstal មិនមានឆន្ទៈចុះចាញ់ឡើយ ដោយមានតែឆន្ទៈប្រយុទ្ធ ដើម្បីការពារមាតុភូមិរបស់ខ្លួនប៉ុណ្ណោះ។ ដោយមានព័ស្តុតាងរូបភាពបានមកពីការថតតាមរយៈផ្កាយរណបពីក្រុមហ៊ុនបច្ចេកវិទ្យា Maxar Technologies  មន្រ្តីអ៊ុយក្រែនរូបនេះ បានចោទយោធារុស្ស៊ីថា ព្យាយាមកប់សាកសពមនុស្ស ដើម្បីលាក់បាំងពីតួលេខមនុស្សស្លាប់នៅក្នុងក្រុង ក៏ដូចជាឧក្រិដ្ឋកម្មសង្រ្គាមរបស់ខ្លួន។ 
 
ក្រុមប្រឹក្សាក្រុងMariupol នៅថ្ងៃទី២១ ខែមេសា បានរាយការណ៍តាម Telegram ថា រណ្តៅកប់សាកសព អាចដាក់មនុស្សបានរហូតដល់ ៩ពាន់នាក់ឯណោះ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com