ជាតិ
ការនាំចូលជ្រូកខុសច្បាប់បន្តកើតឡើង ខណៈជំងឺប៉េស្តអាហ្រ្វិកនៅវៀតណាមមិនទាន់ធូរស្រាល
22, Apr 2022 , 9:59 pm        
រូបភាព
(រូបភាពដោយ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា)
(រូបភាពដោយ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា)
ជ្រូករាប់រយក្បាល ត្រូវបានលួចនាំចូលដោយខុសច្បាប់ពីវៀតណាម តាមច្រករបៀងផ្សេងៗ ពិសេសតាមផ្លូវទឹក ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅវៀតណាមមិនទាន់ធូរស្រាលនៅឡើយ។ កន្លងទៅ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីសុំអន្តរាគមន៍ ប៉ុន្តែហាក់ពុំសូវទទួលបានការសហការ។

 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បច្ចុប្បន្នការនាំចូលខុសច្បាប់ពីវៀតណាម កើនឡើងច្រើន តាមច្រករបៀងតូចៗ និងផ្លូវទឹក ដែលធ្វើឱ្យអាជ្ញាធរ ពិបាកទប់ស្កាត់។ លោក បារម្ភថា ជ្រូកលួចនាំចូលទាំងនោះ មានផ្ទុកជំងឺប៉េស្តអាហ្រិក ខណៈជំងឺនេះ ផ្ទុះឡើងបន្តបន្ទាប់ នៅតាមខេត្តមួយចំនួនរបស់វៀតណាម ជាប់នឹងកម្ពុជា។ 


 
លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមតេឡេក្រោមដូច្នេះថា៖«សព្វថ្ងៃ កម្ពុជា និងវៀតណាម មានច្រករបៀងច្រើន ដូចរន្ធស្រមោច។ អ៊ីចឹង ពិបាកទប់ស្កាត់ណាស់ ព្រោះការនាំចូលនេះ គ្រាន់តែឆ្លងកាត់ទឹកបន្តិច ដល់កម្ពុជា។ មួយទៀត ជំងឺប៉េស្តអាហ្រិ្វក កំពុងផ្ទុះនៅខាងកម្ពុជាក្រោម អ៊ីចឹង ជ្រូកដែលនាំចូលមកនាំមានតម្លៃថោក ដោយសារវាមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិក»។ 
 
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ បញ្ជាក់ថា ខេត្ត ដែលមានករណីលួចនាំចូលច្រើនជាង គឺខេត្តស្វាយរៀង និងតាកែវ ដោយឈ្មួញធ្វើសកម្មភាពជាហូរហែ តាមច្រករបៀងជាឫស្សី តានូ ស្វាយជ្រុំ ក្រាំងលាវ ឫស្សីបីគុម្ព និងយឺនយ៉ាង។ 
 

សកម្មភាពក្រុមការងារចម្រុះចុះបង្រ្កាបឈ្មួញខិលខូចនាំជ្រូកចូលខុសច្បាប់នៅខេត្តស្វាយរៀង

លោក ស្រ៊ុន ពៅ ក្រើនរំលឹកថា ការនាំចូលជ្រូក ឬសាច់សត្វខុសច្បាប់ នឹងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ និងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយសារគ្មានការត្រួតពិនិត្យ​ ឬការបញ្ជាក់ពីសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ប្រសិន បើសត្វរស់ ឬសាច់បង្កក មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកទៀតនោះ នឹងធ្វើឱ្យប្រជាកសិករ ឬកសិដ្ឋាចិញ្ចឹមជ្រូកមួយចំនួននៅកម្ពុជា រងការបំផ្លាញ៕  
 
 
 
 
 

Tag:
 ជ្រូក
  ប៉េស្តជ្រូកអាហ្រ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com