អន្តរជាតិ
ប្រមុខUN នឹងជួបជាមួយលោកពូទីន និងហ្សេលេនស្គី ដោយផ្ទាល់ នៅសប្តាហ៍ក្រោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នាសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ស្របគ្នានេះ លោកក៏នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរ។
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន នេះជាលើកទីមួយហើយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ អញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់។ លោកស្រី Eri Kaneko អ្នកនាំពាក្យរងលោកហ្គូតេរ៉េស ថ្លែងប្រាប់នៅសន្និសីទសារព័ត៌មានពីទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែមេសា អគ្គលេខាធិការនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នាថ្ងៃទី២៦ខែមេសាខាងមុន ក្នុងគោលបំណងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។
ប្រមុខ UN សញ្ជាតិព័រទុយហ្កាល់រូបនេះ ក៏នឹងអញ្ជើញទៅទីក្រុងកៀវនៅថ្ងៃទី២៨ ខែមេសា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ព្រមទាំងរដ្ឋមន្រ្តីការបរទេស Dmytro Kuleba និងបុគ្គលិកនៅទីភ្នាក់ងារ UN លើការបង្កើនកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យអ្នកនាំពាក្យរបស់ UN ។
នៅក្នុងដំណើរទស្សនកិច្ចទាំងពីរនេះ លោកហ្គូតេរ៉េស មានបំណងពិភាក្សាពីជំហានដែលអាចធ្វើបាន នៅពេលឥឡូវនេះ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយជួយប្រជាជនឱ្យទទួលបានសុវត្ថិភាព។ អ្នកនាំពាក្យរង បានបន្ថែមថា លោកហ្គូតេរ៉េស សង្ឃឹមនឹងអាចចរចាជាមួយរុស្ស៊ីពីអ្វីដែលអាចធ្វើបាន ដើម្បីនាំសន្តិភាពដល់អ៊ុយក្រែនឱ្យបានឆាប់រហ័ស។
ពាក់ព័ន្ធនឹងជំនួបនេះ លោកហ្គូតេរ៉េស បានស្នើសុំជួបមេដឹកនាំនៃប្រទេសទាំងពីរ តាមរយៈលិខិតពីរផ្សេងទៀតដែលប្រគល់ទៅឱ្យស្ថានបេសកកម្មអចិន្រ្តៃយ៍នៃប្រទេសទាំងពីរប្រចាំអង្គការសហប្រជាជាតិ។
លោកស្រី Kaneko បានលើកឡើងទៀតថា អគ្គលេខាធិការ UN មិនមានការខកចិត្តខ្លាំងណាស់ណាទេ ដែលការអំពាវនាវរបស់លោក ឱ្យមានការឈប់បាញ់ មិនត្រូវបានគេយកចិត្តទុកដាក់ ប៉ុន្តែ អ្វីដែលសំខាន់នោះ ការមិនមានកិច្ចព្រមព្រៀងផ្អាកបទឈប់បាញ់ បានបណ្តាលឱ្យជនស៊ីវិលមិនអាចចាកចេញពីតំបន់ឡោមព័ន្ធ ហើយជំនួយរបស់ UN និងដៃគូជំនួយដែលត្រៀមបញ្ជូនទៅកាន់តំបន់ឡោមព័ន្ធ ក៏មិនអាចធ្វើដំណើរទៅបាន។ បើតាមអ្នកនាំពាក្យរង លោក ហ្គូតេរ៉េស នឹងពិភាក្សាពីបញ្ហាទាំងនោះបន្ថែមទៀតអំឡុងទស្សនកិច្ចក្រុងម៉ូស្គូ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនលើកនេះ ជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៤៥មកដែលបានសម្លាប់មនុស្ស ឬរបួសរាប់ពាន់នាក់។ មកទល់ពេលនេះ មនុស្សច្រើនជាង ១២លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេស៕
Tag:
រុស្ស៊ី
អ៊ុយក្រែន
UN
© រក្សាសិទ្ធិដោយ thmeythmey.com