បុរសម្នាក់នៅរដ្ឋ Kentucky សហរដ្ឋអាម៉េរិក បានឈ្នះក្តីនូវទឹកប្រាក់ចំនួន៤៥ម៉ឺនដុល្លារ ក្នុងសំណុំរឿងមួយជុំវិញការមិនសប្បាយចិត្ត ក្រោយក្រុមហ៊ុនបានរៀបចំពិធីខួបកំណើតដ៏ភ្ញាក់ផ្អើលជូនគាត់។
រឿងរ៉ាវបានកើតឡើងកាលពីអំឡុងឆ្នាំ២០១៩ ដោយលោក Kevin Berling បានស្នើកុំឲ្យមានការរៀបចំខួបកំណើតសម្រាប់គាត់ ព្រោះវាអាចបណ្តាលឲ្យជំងឺស្រឺត ថប់បារម្ភ របស់លោករើឡើងវិញ។ ជាពិសេសលោកមិនចង់ឲ្យអនុស្សាវរីយ៍អាក្រក់ៗកាលពីកុមារភាពវិលត្រឡប់មកវិញ។
យោងតាមការផ្សាយរបស់ BBC លោក Kevin Berling បានចោទថ្នាក់ដឹកនាំក្រុមហ៊ុនថា មិនគោរពតាមការសម្រេចចិត្តរបស់គាត់ និងមានចេតនារើសអើងទាក់ទងនឹងពិការភាព ដោយពួកគេបានរៀបចំពិធីខួបកំណើត កាលពីអំឡុងខែសីហា ឆ្នាំ២០១៩។
ពេលនោះ លោក Berling ខឹងយ៉ាងខ្លាំង ហើយលោកបានដើរចេញពីពិធីជប់លៀងអបអរ ដោយទៅអង្គុយញ៉ាំបាយក្នុងរថយន្តតែម្នាក់ឯង។ មួយថ្ងៃក្រោយមក លោកប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីបណ្តាមិត្តរួមការងារនៅ Gravity Diagnostics ដែលមិនគោរពសន្តានចិត្តល្អរបស់ពួកគេ ហើយថាលោកបែរជាមានចរិតដូចក្មេងស្រី។
កាលពីថ្ងៃទី១១ ខែសីហា ក្រុមហ៊ុនបានបញ្ចប់លោកពីការងារដោយបង្ហាញពីការព្រួយបារម្ភចំពោះសុវត្ថិភាពការងារ។ ក្នុងពាក្យបណ្តឹងរបស់ខ្លួន លោក Berling បានរក្សាជំហរថា ការរៀបចំពិធីបញ្ញាក់ខួបកំណើត ពិតជាបានធ្វើឲ្យជំងឺស្រឺត និងថប់បារម្ភរបស់លោករើឡើងវិញ ហើយម្យ៉ាងទៀត លោកក៏បានប្រាប់ពួកគេមុនផងដែរ។
ក្នុងសវនាការរយៈពេល២ថ្ងៃ ចៅក្រមបានកាត់ក្តីឲ្យលោកទទួលបាន៤៥ម៉ឺនដុល្លារ ដោយ៣០ម៉ឺនដុល្លារពាក់ព័ន្ធនឹងការបង្កផលអវិជ្ជមានផ្នែកអារម្មណ៍ និង១៥ម៉ឺនដុល្លារទាក់ទងនឹងការបាត់បង់ប្រាក់ចំណូលកន្លងមក។
លោកស្រី Julie Brazil ប្រធានផ្នែកប្រតិបត្តិការរបស់ Gravity Diagnostics បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុក Link KNY ថា ការសម្រេចបញ្ឈប់ការងារលោក Berling ដោយការព្រួយបារម្ភចំពោះករណីហិង្សាដែលអាចកើតឡើង ហើយបុគ្គលិកទាំងអស់គឺជាជនរងគ្រោះក្នុងសំណុំរឿងនេះ មិនមែនលោក Berling នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Tony Bucher មេធាវីរបស់លោក Berling បានបញ្ជាក់ថា គ្មានភស្តុតាងណាមួយបង្ហាញថា កូនក្តីលោកគំរាមកំហែងបុគ្គលិកផ្សេងទៀតនោះឡើយ ហើយគាត់ពិតជារងការប៉ះទង្គិចធ្ងន់ធ្ងរ ដោយសារតែការបន្តរៀបចំពិធីខួបកំណើតទាំងមិនស្តាប់ហេតុផលគាត់។
លោក Bucher បានស្នើឲ្យមានការពិចារណាឲ្យបានល្អិតល្អន់ទាក់ទងនឹងបញ្ហាផ្លូវចិត្ត ហើយការបណ្តេញលោក Berling ចេញ ជាទង្វើនៃការរើសអើងមួយ៕