អន្តរជាតិ
ការសិក្សា៖ វត្តមានប្លាស្ទិក បានទៅដល់សមុទ្រទឹកកកអាក់ទិកហើយ រូបភាព៖ Shutterstock
× បច្ចុប្បន្ន ប្លាស្ទិកកំពុងសាយភាយទៅគ្រប់ទីកន្លែង សូម្បីតែប៉ូលខាងជើងនៃពិភពលោកក្នុងតំបន់ទឹកកកអាក់ទិកក៏មិនអាចគេចផុតពីការគំរាមកំហែងនៃការបំពុលប្លាស្ទិកដែរ។ ការសិក្សាស្រាវជ្រាវអន្តរជាតិមួយ បានបង្ហាញថា ជំនន់ប្លាស្ទិកបានទៅដល់គ្រប់កន្លែងនៃតំបន់អាក់ទិក។ បរិមាណដ៏ច្រើននៃប្លាស្ទិកនៅមហាសមុទ្រអាក់ទិកត្រូវបានហូរតាមទឹក តាមខ្យល់ និងតាមការដឹកជញ្ជូនផ្សេងៗពីកន្លែងដែលជាទីប្រជុំជនមនុស្សរស់នៅ។
សព្វថ្ងៃនេះ សម្រាមប្លាស្ទិកមានចន្លោះពី ១៩ ទៅ ២៣លានតោនក្នុងមួយឆ្នាំ ដែលត្រូវបានហូរចាក់ចូលទៅក្នុងទឹកស្ទឹង ទន្លេ និងសមុទ្រ។ ដោយសារប្លាស្ទិកមានភាពធន់ខ្លាំង វាបានកកកុញនៅក្នុងទឹកពិសេសមហាសមុទ្រ។ តាមពិតប្លាស្ទិកអាចបំបែកបន្តិចម្តងៗទៅជាបំណែកតូចៗ តែប្រើពេលយូរ ហើយភាគល្អិតរបស់វាអាចចូលទៅក្នុងចរន្តឈាមរបស់មនុស្ស សត្វបង្កឱ្យមានការប៉ះពាល់សុខភាព។
ការស្រាវជ្រាវអន្តរជាតិ ដែលចេញផ្សាយនៅលើទស្សនាវដ្តី Nature Reviews Earth & Environment បានបង្ហាញថា ជំនន់នៃប្លាស្ទិកបានហូរទៅដល់តំបន់អាក់ទិកហើយ។ សូម្បីតែប៉ូលខាងជើងនៃពិភពលោកក្នុងតំបន់ទឹកកកអាក់ទិកក៏មិនអាចគេចផុតពីការគំរាមកំហែងនៃការបំពុលប្លាស្ទិកដែរ។ ប្លាស្ទិកយ៉ាងច្រើន ត្រូវបានរកឃើញនៅក្នុងទឹក នៅតាមមាត់សមុទ្រ ឆ្នេរដាច់ស្រយាល ក្នុងទន្លេ និងសូម្បីតែនៅក្នុងទឹកកក និងព្រិល។
ប្រភពនៃប្លាស្ទិកសំខាន់ៗមួយចំនួន មានដូចជាកាកសំណល់ទូទៅរបស់មនុស្សតាមទីប្រជុំជន សំណល់ពីសហគមន៍តំបន់អាក់ទិក និងកម្ទេចកម្ទីប្លាស្ទិកពីកប៉ាល់ ជាពិសេសកប៉ាល់នេសាទ រួមមានសំណាញ់នេសាទ និងខ្សែពួរផ្សេងៗដែលបង្កបញ្ហាធ្ងន់ធ្ងរដល់ជីវិតនៅក្នុងទឹក។ មិនថាការចោលសម្រាមប្លាស្ទិកដោយចេតនា ដោយអចេតនាក្តីទៅក្នុងមហាសមុទ្រ វាសុទ្ធតែបានរួមចំណែកដ៏ធំក្នុងការបំពុលទឹកទូទាំងពិភពលោក។
ការសិក្សាអំពីផលប៉ះពាល់នៃប្លាស្ទិកលើជីវិតក្នុងសមុទ្រតំបន់អាក់ទិកនៅមានតិចតួចណាស់។ ប៉ុន្តែព័ស្តុតាងនៃផលវិបាកនៅទីនោះ គឺស្រដៀងគ្នាទៅនឹងតំបន់ដទៃទៀតដូចជា ពពួកសត្វខ្លាឃ្មុំតំបន់ប៉ូល ឆ្មាទឹក ក្ដាន់ទឹកកក និងសត្វសមុទ្រដទៃទៀត បានទាក់ជាប់ប្លាស្ទិកនឹងខ្លួនហើយងាប់។ ចំណែកសត្វដែលបានលេបប្លាស្ទិកចូលក្នុងក្រពះដោយអចេតនា ទំនងជានាំឱ្យមានការថយចុះនៃការលូតលាស់ និងការបន្តពូជ និងមានបញ្ហារលាកនៅក្នុងជាលិការបស់សត្វ។ ម៉្យាងវិញទៀត ប្លាស្ទិកគឺជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤,៥ភាគរយនៃការបំភាយសកល ដែលប៉ះពាល់ដល់កម្ដៅផែនដីធ្វើឱ្យទឹកកករលាយកាន់តែលឿន។
ស្របពេលដែលស្ថានភាពបម្រែបម្រួលអាកាសធាតុកាន់អាក្រក់ តំបន់អាក់ទិកបានរងការកើនកម្ដៅលឿនជាងតំបន់ផ្សេងនៃពិភពលោកចំនួន ៣ដងឯណោះ។ ឥឡូវវត្តមានប្លាស្ទិកនឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អាក់ទិកបន្ថែមទៀត។ ហេតុនេះ មហាសន្និបាទបរិស្ថានរបស់អង្គការសហប្រជាជាតិបានអនុម័តសន្ធិសញ្ញាប្លាស្ទិកសកលដែលជាជំហានដំបូងដោះស្រាយបញ្ហប្លាស្ទិក។ ក្រោមសន្ធិសញ្ហានេះ គោលដៅកាត់បន្ថយការផលិតប្លាស្ទិកគឺជាវិធានការចម្បងដែលបានអនុម័ត៕
© រក្សាសិទ្ធិដោយ thmeythmey.com