សុខភាព
អន្តរជាតិ
ការសិក្សា៖ ឆ្កែដែលស៊ីបន្លែ មានសុខភាពល្អជាងឆ្កែដែលស៊ីសាច់ ការសិក្សា៖ ឆ្កែដែលស៊ីបន្លែ មានសុខភាពល្អជាងឆ្កែដែលស៊ីសាច់
× យោងតាមការសិក្សាមួយនៅអង់គ្លេស សុនខដែលត្រូវបានចិញ្ចឹមដោយចំណីអាហារបួសពោលគឺបន្លែ ធ្លាក់ខ្លួនឈឺតិចជាងសុនខ ដែលស៊ីសាច់។ នេះជាដំណឹងល្អមួយសម្រាប់បណ្តាម្ចាស់សុនខ លើការរៀបចំរបបអាហារដល់សត្វជាទីស្រឡាញ់របស់ខ្លួន។
ចំពោះទ្រឹស្តី «បរិភោគអាហារបួស មានសុខភាពល្អ» ត្រូវបានក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រផ្តល់ការសន្និដ្ឋានថា មិនត្រឹមតែប្រើសម្រាប់មនុស្សនោះឡើយ ប៉ុន្តែពេលនេះ គេអាចអនុវត្តបានចំពោះសត្វចិញ្ចឹមដ៏ស្មោះត្រង់បំផុត គឺ «ឆ្កែ»។
ការសិក្សាដែលដឹកនាំដោយ វេជ្ជបណ្ឌិត Simon Clegg ពីសាកលវិទ្យាល័យ Lincoln ចក្រភពអង់គ្លេស និងចេញផ្សាយនៅលើគេហទំព័រ Plos One បានផ្តល់ទម្រង់សំណួរទៅដល់អ្នកចិញ្ចឹមឆ្កែចំនួន២៥៣៦នាក់។ ពួកគេត្រូវស្ម័គ្រចិត្តឆ្លើយទាក់ទងនឹងព័ត៌មាននានាស្តីពីរបបអាហារ ក៏ដូចជាស្ថានភាពសុខភាពនៃសត្វជាទីស្រឡាញ់របស់ខ្លួន។
បន្ថែមពីលើនេះ ក្រុមអ្នកស្រាវជ្រាវបានចំណាយពេល១ឆ្នាំ ដើម្បីវិភាគលើព័ត៌មានពាក់ព័ន្ធ រួមទាំងការចុះផ្សាយទៅមន្ទីរបសុព្យាបាល និងវិធីព្យាបាលផ្សេងៗ។ ចំណោមឆ្កែដែលស្ថិតក្នុងការសិក្សា ជាងពាក់កណ្តាល ស៊ីសាច់ជាប្រចាំ ហើយ១៣ភាគរយ ស៊ីផលិតផលបន្លែជាពិសេស។
លទ្ធផលបានបង្ហាញថា បណ្តាសុនខដែលស៊ីអាហារបួស ត្រូវបាននាំទៅពេទ្យតិចជាងសុនខ ដែលមានរបបអាហារធម្មតា ដល់ទៅ៤ដង។ បើតាមរបាយការណ៍ជាក់ស្តែងប្រចាំឆ្នាំ ៤៩ភាគរយនៃឆ្កែដែលមានរបបអាហារធម្មតា ជួបបញ្ហាសុខភាព ខណៈឆ្កែដែលស៊ីអាហារបួស មានត្រឹមតែ៣៦ភាគរយប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ មិនហ៊ានណែនាំឲ្យអ្នកចិញ្ចឹមបញ្ឈប់ការផ្តល់សាច់ឆៅឲ្យឆ្កែនោះដែរ ព្រោះវាជាអាហារមូលដ្ឋានទៅហើយ ប៉ុន្តែពួកគេគ្រាន់តែបង្ហាញការសន្និដ្ឋានថា ការស៊ីសាច់ឆៅប្រឈមហានីភ័យច្រើន ដូចជាកង្វះសារធាតុចិញ្ចឹម និងអតុល្យភាពផ្សេងៗដែលនាំឲ្យកើតជំងឺ ខណៈអាហារបួស ជារបបអាហារដែលប្រឈមគ្រោះថ្នាក់តិច៕
© រក្សាសិទ្ធិដោយ thmeythmey.com