អន្តរជាតិ
អាមេរិក ​ព្រមានពីផលវិបាកនៃ​វត្តមាន​យោធាចិន​នៅ​ប្រជុំ​កោះសូឡូម៉ុន
23, Apr 2022 , 9:08 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មន្ត្រីអាម៉េរិក ដែលទៅធ្វើទស្សនកិច្ចនៅប្រជុំកោះសូឡូម៉ុន នៅថ្ងៃទី២២ ខែមេសា បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនជាចិនអាចបង្កើតវត្តមានយោធាអចិន្ត្រៃយ៍នៅទីនោះ បន្ទាប់ពីដែនកោះ ក្នុងតំបន់ប៉ាស៊ីហ្វិកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយចិន។

 
គណៈប្រតិភូសេតវិមាន នៅរដ្ឋធានី Honiara ថ្ងៃទី២២ ខែមេសា បានព្រមានយ៉ាងម៉ឺងម៉ាត់ ក្នុងថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតចិន បានចូលរួមព្រឹត្តិការណ៍មួយជាមួយនាយករដ្ឋមន្ត្រីសូឡូម៉ុន Manasseh Sogavare​។ អាម៉េរិក ​រួមនឹងអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តយូអង្វែងមួយ បានបង្ហាញការមិនពេញចិត្ត និងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ ដោយបារម្ភថា វាអាចធ្វើឱ្យចិនមានជំហរយោធានៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
 
បើតាមសេតវិមាន ក្រុមមន្ត្រីអាម៉េរិកធ្លាប់បានប្រាប់លោក Sogavare រួចហើយថាថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ អាចនឹងបង្កផលប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។
 
«ប្រសិនបើចំណាត់ការ ត្រូវបានអនុវត្ត ដើម្បីបង្កើតយោធាចិនអចិន្ត្រៃយ៍ជាក់ស្តែង រួមមានសមត្ថភាពវាយតម្លៃកម្លាំងយោធា ឬការដាក់ទ័ព គណៈប្រតិភូអាម៉េរិកបានបញ្ជាក់ថា អាម៉េរិកនឹងមានការព្រួយបារម្ភជាខ្លាំង និងឆ្លើយតបឱ្យបានសមរម្យ»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។
 
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិកលោក Kurt Campbell និងឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានដឹកនាំគណៈប្រតិភូដែលរួមមានមន្ត្រីពីមន្ទីរបញ្ចកោណ ទៅធ្វើទស្សនកិច្ចនៅកោះសូឡូម៉ុន។
 
តាមសេចក្តីថ្លែងការណ៍សេតវិមាន នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន បានអះអាងម្តងទៀតថា កិច្ចព្រមព្រៀងជាមួយចិននេះ នឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនក្នុងតំបន់ គ្មានវត្តមានរយៈពេលវែង និងគ្មានសមត្ថភាពវាយតម្លៃកម្លាំងយោធាឡើយ។ 
 
នៅសប្តាហ៍នេះទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលមិនបញ្ចេញឈ្មោះជាមួយទីក្រុង Honiara។ ការប្រកាសនេះ បានធ្វើឱ្យប្រទេសផ្សេងៗក្នុងតំបន់ រួមមានអូស្ត្រាលី​ និងអាម៉េរិក ភ្ញាក់ផ្អើលជាខ្លាំង។ 
 
ខ្លឹមសារលម្អិតទាក់ទងនឹងកិច្ចព្រមព្រៀងនេះ នៅមិនទាន់ត្រូវបានភាគីចិន និងសូឡូម៉ុនបញ្ចេញនៅឡើយ​។ យ៉ាងណាមិញ កាលពីខែមុន សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះត្រូវបានបែកធ្លាយ ដែលបង្កការភ្ញាក់ផ្អើលក្នុងតំបន់ ជាពិសេសវិធានការដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពជើងទឹកចិននៅកោះសូឡូម៉ុន ដែលមានចម្ងាយតែជាង ២ ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីអូស្ត្រាលី។
 
ក្រោយមានការមិនពេញចិត្តពីប្រទេសមួយចំនួន នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក Sogavare បានចេញមុខការពារកិច្ចព្រមព្រៀងនេះ ដោយអះអាងថា លោកបានចុះហត្ថលេខា ដោយមានការយល់ច្បាស់ពីបញ្ហា និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនោះ។ លើសពីនេះ លោកក៏បានប្រាប់ឱ្យប្រទេសផ្សេងៗ គោរពផលប្រយោជន៍ រួមទាំងអធិបតេយ្យភាពរបស់កោះសូឡូម៉ុនផងដែរ៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com