ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុនៅអឺរ៉ុប បានប្រមូលម្តុំគ្នា នៅថ្ងៃទី២២ ខែមេសា ដែលជាថ្ងៃទិវាភពផែនដី ដើម្បីទាមទារឱ្យបណ្តាប្រទេសអឺរ៉ុប ជាពិសេស អាល្លឺម៉ង់ផ្អាកការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីជាបន្ទាន់ ហើយបញ្ចប់គម្រោងសាងសង់រោងចក្រឥន្ធនៈហ្វូស៊ីល។
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក សហភាពអឺរ៉ុបបានចំណាយប្រាក់ប្រមាណ ៣៧ពាន់លានដុល្លារលើក្រុមហ៊ុនថាមពលរបស់រុស្ស៊ី ដែលសកម្មជនអះអាងថា កំពុងផ្តល់លើមូលនិធិដល់សង្រ្កាមប្រឆាំងអ៊ុយក្រែន។ ក្រុមសកម្មជន ក៏បានរិះគន់អាល្លឺម៉ង់ចំពោះជំហរទន់ជ្រាយលើការឈ្លានពានរបស់រុស្ស៊ីដែរ។
អំឡុងទិវាភពផែនដី នៅតំបន់អឺរ៉ុប សកម្មជននៅក្រុងបែរឡាំង វ៉ាសូវី ព្រុចសែល និងតំបន់ផ្សេងទៀត បានហែរក្បួនតវ៉ាសំដៅទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ និងស្ថានទូតអាល្លឺម៉ង់នៅតាមប្រទេសរបស់ពួកគេ ដើម្បីទាមទារឱ្យមន្រ្តីអាល្លឺម៉ង់បង្កើនទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។
សកម្មជនចំនួន៥០នាក់ ដែលឈរនៅខាងក្រៅការិយាល័យតំណាងរបស់អាល្លឺម៉ង់នៅក្រុងព្រុចសែល បាននាំគ្នាស្រែកថា «សុំឱ្យក្លាហានដូចអ៊ុយក្រែន» ខណៈអ្នកតវ៉ាមួយចំនួនទៀត បានដេកនៅលើដីសម្តែងធ្វើដូចជាស្លាប់ដោយរុំទង់ជាតិអ៊ុយក្រែន និងលាបសម្លៀកបំពាក់ពួកគេដូចជាប្រលាក់ឈាម។
កញ្ញា Nastya Pavlenko ដែលជាសកម្មជនជនជាតិអ៊ុយក្រែន និងស្ថិតនៅក្នុងហ្វូងបាតុករនៅព្រុចសែល បាននិយាយថា លុយដែលចំណាយលើការទិញប្រេងឥន្ធនៈពីរុស្ស៊ី គឺមានតែបង្កើនវិបត្តិបម្រែបម្រួលអាកាសធាតុ និងសង្រ្គាមនៅអ៊ុយក្រែនកាន់តែខ្លាំង។
«មិនមានលុយណាដែលមានតម្លៃជាងអាយុជីវិតរបស់កុមារដែលបានស្លាប់នៅពេលនេះក្នុងសង្រ្គាមអ៊ុយក្រែននិងជីវិតរបស់មនុស្សដែលត្រូវផ្លាស់ប្តូរទីលំនៅនិងស្លាប់ដោយសារបម្រែបម្រួលអាកាសធាតុទេ»។ កញ្ញា Pavlenko បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ ។
បន្ថែមពីនេះ សកម្មជនរាប់សិននាក់ទៀកនៅឯក្រុង Lviv ភាគខាងលិចនៃអ៊ុយក្រែនក៏បានធ្វើបាតុកម្មផងដែរ ដោយមានកាន់បដាសរសេរថា«ពហិការឥឡូវនេះ» ដោយចង់សំដៅឱ្យអាល្លឺម៉ង់ឈប់ទិញប្រេងពីរុស្ស៊ី។ ក្នុងសប្តាហ៍នេះ តំបន់មួយចំនួននៃក្រុង Lviv ក៏ត្រូវបានរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីដែលបានសម្លាប់មនុស្ស៧នាក់។
ប្រធានក្រុមសង្គមស៊ីវិល EcoAction និងជាអ្នកតវ៉ាម្នាក់នៅក្រុង Lviv លោកស្រី Natalia Gozak បានលើកឡើងថា នៅពេលអាល្លឺម៉ង់បន្តទិញឧស្ម័ន និងប្រេងពីរុស្ស៊ី នោះមានន័យថា ពួកគេកំពុងចំណាយប្រាក់ពួកគេលើជួយសាងសង់ម៉ាស៊ីនយោធាថ្មី គ្រាប់បែកថ្មី ដែលកំពុងសម្លាប់ប្រជាជនអ៊ុយក្រែន។
កន្លងមក រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់ បានការពាររដ្ឋាភិបាលថា អាល្លឺម៉ង់ មិនអាចផ្អាកនាំចូលហ្គាស និងប្រេងពីរុស្ស៊ីបានភ្លាមៗឡើយ។ ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងបែរឡាំង នឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីនៅដំណាច់ឆ្នាំនេះ ខណៈហ្គាស នឹងផ្អាកនាំចូលតាមក្រោយ៕