អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
24, Apr 2022 , 10:19 pm        
រូបភាព
រយៈពេលពីរខែហើយ សង្រ្គាមអ៊ុយក្រែន នៅតែមិនទាន់បញ្ចប់ទេ ដោយរុស្ស៊ីបានផ្តោតការវាយប្រហាររបស់ខ្លួននៅភាគខាងកើតវិញម្តង ដើម្បីគ្រប់គ្រងតំបន់ដុនបាស។ ស្របពេលមានភាពតានតឹងបែបនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានប្រកាសពីការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន​ ដោយផ្ទុយនឹងការចោទប្រកាន់ពីអ៊ុយក្រែន និងប្រទេសលោកខាងលិចកន្លងមក។

 
ថ្ងៃទី១៨ ខែមេសា
 
​លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យោធារុស្ស៊ី បានចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់ដុនបាសហើយ។ បើតាមលោកប្រធានាធិបតីរូបនេះ អ៊ុយក្រែន នឹងបន្តការពារប្រទេសខ្លួន មិនថារុស្ស៊ីបញ្ជូនកម្លាំងយោធាមកប៉ុន្មានក៏ដោយ។
 
ប្រេសិតអាម៉េរិកសម្រាប់បញ្ហាកូរ៉េខាងជើង លោកសុង គីម បានទៅដល់ទីក្រុងសេអ៊ូលដើម្បីជួបជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូងជុំវិញការឆ្លើយតបទៅនឹងការបាញ់មីស៊ីល និងកង្វល់ជុំវិញការសាកល្បងឡើងវិញអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក សុង អះអាងថា អាម៉េរិក និងកូរ៉េខាងត្បូង នឹងឆ្លើយតបទៅតាមសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។
 
ថ្ងៃទី១៩ ខែមេសា
 
លិចតិចស្តាញ នឹងកោះប្រជុំសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីជជែកដេញដោលសេចក្តីព្រាងដំណោះស្រាយមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង ៥នៃក្រុមប្រឹក្សាសន្តិសុខ ប្រើប្រាស់សិទ្ធិវេតូប្រក​បដោយហេតុផល។ សេចក្តីព្រាងនេះ ត្រូវគាំទ្រ (co-sponsor) ដោយប្រទេសប្រមាណ៥០ ក្នុងនោះក៏មានអាម៉េរិកផង។
 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា រុស្ស៊ី នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីប្រទេសលោកខាងលិចបានព្រមានថា ក្រុងមូស្គូ អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
 
ថ្ងៃទី២០ ខែមេសា
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការគ្រប់គ្រងក្រុង Mariupol ហើយចាត់ទុកជាការរំដោះក្រុងបានដោយជោគជ័យ បន្ទាប់ពីកម្លាំងរុស្ស៊ីវាយប្រហារអស់រយៈពេលជាច្រើនសប្ដាហ៍។ លោក ពូទីន ក៏បានបញ្ជាឱ្យយោធារុស្ស៊ីលុបចោលគម្រោងវាយប្រហារលើរោងចក្រដែក Azovstal ក្នុងក្រុង Mariupol ដែលជាកន្លែងយោធាអ៊ុយក្រែនលាក់ខ្លួន។
 
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare បានលើកឡើងថា រដ្ឋាភិបាលកោះសូឡូម៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន បើទោះអូស្រ្តាលី​​ និងអាម៉េរិកបង្ហាញក្តីព្រួយបារម្ភក៏ដោយ។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ លោក Sogavare បានអះអាងថាលោកបានចុះហត្ថលេខា ដោយមានការយល់ច្បាស់ពីបញ្ហា និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនោះ។
 
ថ្ងៃទី២១ ខែមេសា
 
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានផ្ញើសារគោរពទៅដល់ទីសក្ការយ៉ាស៊ូគូនី (Yasukuni)​ សម្រាប់ឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធបុព្វបុរសនិងមេដឹកនាំជប៉ុនសម័យសង្រ្គាមមួយ​ចំនួនដែរ។ កូរ៉េខាងត្បូង ក៏បានតវ៉ាចំពោះរឿងនេះ ព្រោះវាមានន័យថា រដ្ឋាភិបាលតូក្យូក៏គោរពវិញ្ញាណក្ខន្ធ​ឧក្រិដ្ឋជនសង្គ្រាមដែលបានសម្លាប់ប្រជាជនកូរ៉េខាងត្បូង។
 
ប្រធានាធិបតីចិន​ ស៊ី ជិនភីង បានលើកឡើងជាថ្មីជំហររបស់ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃ។ ប្រមុខដឹកនាំចិនបានថ្លែងបែបនេះនៅឯសុន្ទកថាមួយ ​ដោយមិននិយាយចំៗសំដៅបស្ចិមលោកដែលកំពុងដាក់ទណ្ឌកម្មយ៉ាងគំហុកលើរុស្ស៊ីជុំវិញការវាយលុកអ៊ុយក្រែនឡើយ។
 
ថ្ងៃទី២២ ខែមេសា
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទរដ្ឋាភិបាលទីក្រុងកៀវ មិនអនុញ្ញាតឱ្យកម្លាំងយោធានៅក្រុង Mariupol ទម្លាក់អាវុធចុះឡើយ។ មកទល់ពេលនេះ កម្លាំងយោធាអ៊ុយក្រែន នៅក្នុងរោងចក្រដែក Azovstal មិនទាន់ទម្លាក់អាវុធឡើយ បើទោះរុស្ស៊ីបានហ៊ុមព័ទ្ធជិត និងគ្រប់គ្រងក្រុង Mariupol ទាំងស្រុងក៏ដោយ។
 
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គ្រាន់ជាដំណាក់កាលដំបូងប៉ុណ្ណោះ ហើយរុស្ស៊ីអាចឈ្លានពានលើបណ្តាប្រទេសផ្សេងទៀត នៅចំណុចបន្ទាប់។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីមេបញ្ជាការរងរុស្ស៊ីមួយរូបអះអាងពីគម្រោងគ្រប់គ្រងពេញលេញនៅភាគខាងត្បូង និងតំបន់ដុនបាសអ៊ុយក្រែន។
 
ថ្ងៃទី២៣ ខែមេសា
 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែន អាចទទួលបានអាវុធធ្ងន់ធ្ងរ ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ដែលត្រូវធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងថ្ងៃទី២៤ ខែមេសា។
 
ថ្ងៃទី២៤ ខែមេសា
 
បារាំង បានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីជុំចុងក្រោយហើយ។ នៅជុំចុងក្រោយនេះ បេក្ខជនពីររូប ដែលមាន លោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី ម៉ារីន ឡឺ ប៉ែន ត្រូវប្រជែងយកតំណែងប្រធានាធិបតី សម្រាប់អាណត្តិ ៥ឆ្នាំខាងមុខ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com