អន្តរជាតិ
ជាប់ឆ្នោតអាណត្តិទី២ លោក ម៉ាក្រុង សន្យាឆ្លើយតបការមិនពេញចិត្តរបស់ប្រជាជន
25, Apr 2022 , 8:57 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លើកដៃស្វាគមន៍ទៅកាន់អ្នកគាំទ្រក្រោឈ្នះការបោះឆ្នោតអាណត្តិទី២។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លើកដៃស្វាគមន៍ទៅកាន់អ្នកគាំទ្រក្រោឈ្នះការបោះឆ្នោតអាណត្តិទី២។ រូបថត AFP
លោក អេម៉ានុយអែល ម៉ាក្រុង បន្តជាប់ឆ្នោតជាប្រធានាធិបតីបារាំងអាណត្តិទី២ ក្រោយផ្ដួលគូប្រជែង ម៉ារីន ឡឺ ប៉ែន ដោយគម្លាតយ៉ាងធំក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃទី២៤ ខែមេសា។ លោក ម៉ាក្រុង ជាប្រធានាធិបតីទី១ ដែលអាចការពារតំណែងបានក្នុងពេល២ទសវត្សរ៍មកនេះ។ ក្នុងអាណត្តិថ្មី លោក ម៉ាក្រុង សន្យាកែទម្រង់គោលនយោបាយមួយចំនួន ហើយឆ្លើយតបនឹងការមិនពេញចិត្តរបស់ប្រជាជនបារាំងលើការដឹកនាំកន្លងមក។

 
ក្នុងការបោះឆ្នោតជុំទី២ លោក អេម៉ានុយអែល ម៉ាក្រុង ទទួលសំឡេងគាំទ្រ៥៨,៥៥ភាគរយ ទល់នឹងសំឡេងគាំទ្ររបស់លោកស្រី ម៉ារីន ឡឺ ប៉ែន ចំនួន៤១,៤៥ភាគរយ។ គម្លាតដ៏ធំនេះ មានហួសពីការរំពឹងទុកទៅទៀត។ ខណៈលោក ម៉ាក្រុង អាចបន្តដឹកនាំបារាំង៥ឆ្នាំទៀត នេះជាបរាជ័យលើកទី៣ សម្រាប់លោកស្រី ឡឺ ប៉ែន ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង។
 
ក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រ លោក ម៉ាក្រុង ប្រកាសការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាក្នុងប្រទេស ពិសេសការមិនពេញចិត្ត និងកំហឹងរបស់ពលរដ្ឋបារាំងដែលបោះឆ្នោតឱ្យលោកស្រី ឡឺ ប៉ែន ដែលជាបេក្ខជនប្រកាន់ស្ដាំនិយមជ្រុល។ ប្រធានាធិបតីបារាំងរូបនេះ សន្យារកវិធីសាស្រ្តថ្មីដើម្បីដឹកនាំបារាំងក្នុងយុគសម័យថ្មីនេះ។
 
«ចម្លើយ ត្រូវតែរកឱ្យឃើញដើម្បីឆ្លើយតបនឹងកំហឹង និងការមិនពេញចិត្តដែលនាំឱ្យជនរួមជាតិយើងបោះឆ្នោតគាំត្រក្រុមស្ដាំនិយម។ វាជាការទទួលខុសត្រូវរបស់ខ្ញុំ និងអ្នកនៅជុំវិញខ្ញុំ។» ប្រមុខរដ្ឋបារាំងប្រាប់អ្នកគាំទ្របែបនេះ។
 
ជ័យជម្នះរបស់លោក ម៉ាក្រុង ធ្វើឱ្យបណ្ដាមេដឹកនាំអឺរ៉ុបធូរទ្រូងយ៉ាងខ្លាំង ស្របពេលដែលនិន្នាការស្ដាំនិយមកំពុងកើនឡើងនៅប្លុកអឺរ៉ុប។ មេដឹកនាំសហភាពអឺរ៉ុប និងរដ្ឋសមាជិក បានផ្ញើសារអបអរលោក ម៉ាក្រុង ផងដែរ។ នាយករដ្ឋមន្រ្តីអ៊ីតាលី ម៉ារីអូ ដ្រាហ្គី ហៅជ័យជម្នះលោក ម៉ាក្រុង ជាព័ត៌មានអស្ចារ្យសម្រាប់អឺរ៉ុប ឯអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល និយាយថា អ្នកបោះឆ្នោតបារាំង បានបោះឆ្នោតផ្ដល់ទំនុកចិត្តនៅអឺរ៉ុប។
 
ចំណែកប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល វិញ អះអាងថា ប្លុកអឺរ៉ុប អាចពឹងពាក់បារាំង៥ឆ្នាំទៀត ខណៈដែលប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃយេន ក៏សន្យាបន្តកិច្ចសហប្រតិបត្តិជាមួយលោក ម៉ាក្រុង ទៀតដែរ៕
 

Tag:
 បារាំង
  អេម៉ានុយអែល ម៉ាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com