អន្តរជាតិ
ប្រមុខ EU ទៅដល់ឥណ្ឌា ដើម្បីជជែកជម្លោះអ៊ុយក្រែន និងពាណិជ្ជកម្ម
25, Apr 2022 , 11:09 am        
រូបភាព
លោកស្រី អឺស៊ូឡា_ វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មាការអឺរ៉ុប។ រូបភាព៖ AFP
លោកស្រី អឺស៊ូឡា_ វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មាការអឺរ៉ុប។ រូបភាព៖ AFP
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន (Ursula von der Leyen) នៅថ្ងៃទី២៤ ខែមេសា បានទៅដល់ឥណ្ឌាហើយ។ ក្នុងដំណើរទស្សនកិច្ចចំខួប ៦០ឆ្នាំនៃទំនាក់ទំនងឥណ្ឌា-សហភាពអឺរ៉ុបនេះ លោកស្រី វ៉ុន ដឺ លៃអេន  នឹងជជែកពីការទិញសម្ភារយោធារបស់អឺរ៉ុបពីឥណ្ឌា កិច្ចព្រមព្រៀងពាណិជ្ជកម្ម បរិស្ថាន រួមទាំងជម្លោះនៅអ៊ុយក្រែន។

 
ត្រឹមឆ្នាំ២០២២ ឥណ្ឌា និងសហភាពអឺរ៉ុប មានទំនាក់ទំនងទេ្វភាគីរយៈពេល៦០ឆ្នាំហើយ។ ដើម្បីសាទរពីទំនាក់ទំនងដ៏ល្អមួយនេះ លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន បានធ្វើទស្សនកិច្ចនៅឥណ្ឌា ដើម្បីជជែកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម បរិស្ថាន ការទិញលក់សម្ភារយោធា ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា រួមទាំងជម្លោះនៅអ៊ុយក្រែន ដែលឥណ្ឌា មិនទាន់ដាក់សម្ពាធលើរុស្ស៊ីផង។ 
 
ឥណ្ឌា ជាប្រទេសមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធ និងទិញអាវុធជាច្រើនពីរុស្ស៊ី នាពេលកន្លងមក។ ទស្សនកិច្ចនេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ដែលបានបញ្ចុះបញ្ចូលឥណ្ឌាឱ្យងាកឆ្ងាយរុស្ស៊ីផងដែរ។ 
 
លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ត្រូវជួបជាមួយ លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្រ្តីឥណ្ឌា នៅថ្ងៃទី២៥ ខែមេសា។ ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលឥណ្ឌា ប្រធានប្រតិបត្តិសហភាពអឺរ៉ុបរូបនេះ នឹងជជែកពីការបង្កើនការទិញសម្ភារយោធាពីសហភាពអឺរ៉ុប និងការឈប់ទិញប្រេងពីរុស្ស៊ីជាដើម។ 
 
ក្នុងកម្មវិធី « Youth for a Greener Future» ដែលរៀបចំដោយវិទ្យាស្ថានធនធាន និងថាមពល នៅក្នុងក្រុងញូវដែលី នាថ្ងៃទី២៤ ខែមេសា លោកស្រី វ៉ុន ដឺ លៃអេន នលើកឡើងថា ឥណ្ឌា និងសហភាពអឺរ៉ុប មានសក្តានុពលរួមគ្នាជាច្រើន ដែលមានទាន់បានប្រើប្រាស់ ជុំវិញវិស័យបរិស្ថាន និងប្រភពថាមពល។ បើតាមប្រធានស្ថាប័ននីតិប្រតិបត្តិសហភាពអឺរ៉ុបរូបនេះ ភាគីទាំងពីរ អាចរួមកម្លាំងជាមួយគ្នា ដើម្បីបម្រើជាប្រយោជន៍សម្រាប់ប្រជាជន អាកាសធាតុ និងភពផែនដី។ 
 
«សម្រាប់អឺរ៉ុប ជម្លោះនៅអ៊ុយក្រែន បានបង្ហាញយើងថា ការពឹងផ្អែកលើប្រេងរុស្ស៊ី មិនមានចីរភាពឡើយ»។ លោកស្រី វ៉ុន ដឺ លៃអេន សង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការប្តូរទៅប្រើថាមពលកកើតឡើងវិញ មិនត្រឹមតែល្អសម្រាប់បរិស្ថានឡើយ ប៉ុន្តែវាជាការវិនិយោគបែបយុទ្ធសាស្រ្តមួយ ក្នុងន័យសន្តិសុខ។ 
 
ក្រៅពីប្រធានបទខាងលើ ប្រមុខគណៈកម្មការអឺរ៉ុប ក៏ឯកភាពជាមួយលោក ម៉ូឌី ដើម្បីបង្កើតក្រុមប្រឹក្សាបច្ចេកវិទ្យា និងពាណិជ្ជកម្ម ដែលស្រដៀងនឹងគំរូអាម៉េរិក-សហភាពអឺរ៉ុបដែរ។ តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អឺរ៉ុប ក្រុមប្រឹក្សាមួយនេះ នឹងពិភាក្សាពីបទបញ្ញាត្តិក្រុមហ៊ុនបច្ចេកវិទ្យា និងការគ្រប់គ្រងបណ្តាញសង្គមជាដើម។ លើសពីនេះ ឥណ្ឌា-សហភាពអឺរ៉ុប ទំនងជាយល់ព្រមចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ បន្ទាប់ពីផ្អាកចាប់តាំងពីឆ្នាំ ២០១៣ មក ដោយសារការយល់ឃើញខុសគ្នាលើប្រកាសនីយបត្រតក្កកម្ម រួមទាំងការកាត់បន្ថយពន្ធនាំចូល៕
 

Tag:
 EU
 ​ ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com