អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្កានីស្ថានថា រដ្ឋបាលតាលីបង់នឹងមិនអត់ធ្មត់ចំពោះការឈ្លានពានឡើយ
25, Apr 2022 , 12:19 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិស្តីទីនៃរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន Mullah Mohammad Yaqoob នៅថ្ងៃទី ២៤ ខែមេសា បានប្រកាសថា រដ្ឋបាលតាលីបង់ នឹងមិនអត់ធ្មត់ចំពោះការឈ្លានពានណា មួយឡើយ។ ទោះមិនបញ្ចេញឈ្មោះ ប្រមុខការពារជាតិរដ្ឋាភិបាលតាលីបង់ ទំនងសំដៅដល់ប៉ាគីស្ថាន ខណៈដែលការវាយប្រហារឆ្លងព្រំដែនប្រទេសទាំងពីរកើនឡើង។

 
ការវាយប្រហារទៅវិញទៅមកនៅព្រំដែន កំពុងធ្វើឱ្យទំនាក់ទំនងរវាងប៉ាគីស្ថាន និងក្រុមតាលីបង់កំពុងដឹកនាំអាហ្វហ្កានីស្ថានធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៦ ខែមេសា ក្រសួងការបរទេស​រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន បានកោះហៅតំណាង ប៉ាគីស្ថានដើម្បីតវ៉ានឹងការវាយប្រហារ​មួ​យ​ដែលខ្លួនបានអះអាងថា ជាការវាយប្រហារដោយឧទ្ធម្ភាគចក្ររបស់យោធាប៉ាគីស្ថានដែលលបាន​សម្លាប់មនុស្សយ៉ាងហោច៤៧នាក់នៅខេត្ត Kunar និង Khost ។ ប៉ុន្តែប៉ាគីស្ថាន​មិន​បាន​បញ្ជាក់ថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារមួយនេះឡើយ។
 
អំឡុងពិធី​មួយ​រំឭក​ដល់​ការស្លាប់​ស្ថាបនិកក្រុមតាលីបង់ Mullah Mohammad Omar ក្នុង​ទីក្រុង​កាប៊ុល​ រដ្ឋមន្ត្រីការពារជាតិស្តីទីអាហ្វហ្កានីស្ថាន Mohammad Yaqoob ប្រកាសថា អាហ្វហ្កានីស្ថាន​កំពុងជួបនឹងបញ្ហាពិភពលោកផង និងបញ្ហាជាមួយប្រទេសជិតខាងផង ហើយឧទាហរណ៍ច្បាស់មួយ គឺការឈ្លានពានដោយប៉ាគីស្ថានមកលើខេត្ត Kunar ជាដើម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្ដីមន្រ្តីតាលីបង់។ 
 
«ពួកយើង​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ឈ្លានពាន​បាន​ទេ។ ពួកយើងបានអត់ឱនចំពោះការវាយប្រហារ​មួយ​នោះ។ យើង​អត់​ឱន​ព្រោះ​ផលប្រយោជន៍​ជាតិ ប៉ុន្តែលើក​ក្រោយពួកយើង​ប្រហែលមិន​អត់​ឱន​ទៀត​នោះ​ទេ»។​ លោក Yaqoob បានសង្កត់ធ្ងន់បែបនេះ ដោយសំដៅដល់ប៉ាគីស្ថាន
 
ទាក់ទងការអធិប្បាយនេះ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន នៅតែមិនបាន​ទទួល​ស្គាល់​ពី​ការ​វាយប្រហារដដែល តែបង្ហាញក្ដីសង្ឃឹមសម្រាប់ការចូលរួមយូរអង្វែង​ជាមួយ​អាហ្វហ្កានីស្ថាន​ដើម្បី​ប្រឆាំងអំពើរភេរវកម្មវិញ។ បើតាមអ្នកនាំពាក្យដដែល ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ជាប្រទេស បង​ប្អូនគ្នា ហើយរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរចាត់ទុកអំពើភេរវកម្មជាការគំរាមធ្ងន់ធ្ងរ។ មន្ត្រីដដែលស្នើឱ្យប្រទេសទាំងពីររួមគ្នាប្រឆាំងអំពើភេរវកម្មឆ្លងព្រំដែន និងចាត់វិធានការប្រឆាំង​ក្រុម​ភេរវករ​ក្នុង​ទឹកដីរៀងៗខ្លួន។
 
គួរបញ្ជាក់ថា តាំងពីក្រុមតាលីបង់ឡើងកាន់កាប់អំណាចកាលពីខែសីហាឆ្នាំ២០២១មក ការ​ប្រឈម​មុខដាក់គ្នា បានកើតឡើងជាច្រើនសានៅតាមបណ្តោយព្រំដែនប្រវែង ២,៦០០​គីឡូម៉ែត្រ​រវាង​អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន។ ខណៈការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ​កាន់តែ​កើន​ឡើង​នៅ​តំបន់នោះ យោធាប៉ាគីស្ថានក៏បានបង្កើនប្រតិបត្តិការនៅតាមព្រំដែនអាហ្វហ្កានីស្ថាន​ក្នុង​រយៈ​ពេល​ប៉ុន្មានខែថ្មីៗនេះផងដែរ៕
 

Tag:
 អាហ្វហ្កានីស្ថាន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com