អន្តរជាតិ
ប្រមុខការពារជាតិអាម៉េរិក៖ អាម៉េរិក​ចង់ឃើញរុស្ស៊ីចុះខ្សោយដល់កម្រិតលែងអាចឈ្លានពានប្រទេសដទៃ
25, Apr 2022 , 3:56 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន (ខាងឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន (ខាងឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន។ រូបភាព៖ AP
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២៤ ខែមេសា បានលើកឡើងថា អាម៉េរិក ចង់ឃើញរុស្ស៊ីធ្លាក់ចុះអំណាច ទៅដល់ចំណុចមួយ ដែលមិនអាចធ្វើអ្វីបាន ដូចការឈ្លានពានអ៊ុយក្រែន។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានយល់ឃើញថា អ៊ុយក្រែន នឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ី ប្រសិនបើទទួលបានសម្ភារ និងការគាំទ្រត្រឹមត្រូវ។

 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២៤ ខែមេសា បានទស្សនកិច្ចនៅអ៊ុយក្រែនលើកដំបូង ដោយធ្វើដំណើរតាមផ្លូវគោកពីប៉ូឡូញ។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកលើកដំបូងនៅទីក្រុងកៀវ បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេស។ 
 
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន នៅថ្ងៃទី២៤ ខែមេសា លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែន នៅតែជាប្រទេសមានអធិបតេយ្យ ជាប្រទេសប្រជាធិបតេយ្យអាចការពារបូរណភាពដែនដីខ្លួនបាន។ ខណៈចង់ឃើញអ៊ុយក្រែនខ្លាំង លោក អូស្ទីន បានបញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិក ចង់ឃើញរុស្ស៊ីចុះខ្សោយវិញ។ 
 
«យើងចង់ឃើញរុស្ស៊ីចុះខ្សោយទៅកម្រិតមួយ ដែលរុស្ស៊ីមិនអាចធ្វើអ្វីបាន ដូចជាការឈ្លានពានលើអ៊ុយក្រែន»។ ប្រមុខការពារជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាម៉េរិក ជឿលើអ៊ុយក្រែនអាចយកឈ្នះលើសង្រ្គាមជាមួយរុស្ស៊ីបាន តែត្រូវទទួលបានសម្ភារ និងការគាំទ្រត្រឹមត្រូវ។ ទន្ទឹមនេះ លោក អូស្ទីន អះអាងថា ក្រុងវ៉ាស៊ីនតោន នឹងធ្វើអ្វីគ្រប់យ៉ាង និងបន្តជួយក្រុងកៀវ តាមអ្វីដែលអាចធ្វើបាន។ 
 
ក្នុងសន្ទិសីទរួមគ្នាដដែលនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក ប្លីងខិន បានប្រាប់អ្នកសារព័ត៌មានថា គោលដៅសង្រ្គាមរបស់រុស្ស៊ី កំពុងតែបរាជ័យ ខណៈអ៊ុយក្រែន កំពុងទទួលជ័យជម្នះ។ ក្នុងន័យនេះ លោក ប្លីងខិន បានពន្យល់ថា គោលបំណងដ៏សំខាន់របស់រុស្ស៊ី គឺគ្រប់គ្រងអ៊ុយក្រែន ព្យាយាមយកអធិបតេយ្យ និងឯករាជ្យភាពរបស់អ៊ុយក្រែន ប៉ុន្តែវាបរាជ័យ។ 
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន មន្រ្តីជាន់ខ្ពស់អាម៉េរិកទាំងពីរ បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុទៅរដ្ឋាភិបាលក្រុងកៀវច្រើនជាង ៣០០លានដុល្លារបន្ថែម រួមទាំងឯកភាពលក់គ្រាប់កាំភ្លើងក្នុងទំហំ១៦៥លានដុល្លារផងដែរ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង អាម៉េរិក បានផ្តល់ជំនួយសន្តិសុខប្រមាណ ៣,៧ពាន់លានដុល្លារទៅអ៊ុយក្រែន។ 
 
ដោយរុស្ស៊ីបានផ្តោតការវាយប្រហារនៅតំបន់ដុនបាស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន លោក អូស្ទីន បាននិយាយថា ស្ថានភាពប្រយុទ្ធនៅអ៊ុយក្រែនបានផ្លាស់ប្តូរហើយ បន្ទាប់ពីរុស្ស៊ីដកទ័ពនៅតំបន់ជុំវិញក្រុងកៀវ។ ដោយការផ្លាស់ប្តូរបែបនេះ យោធាអ៊ុយក្រែនត្រូវការរថក្រោះ កាំភ្លើងធំ និងគ្រាប់កាំភ្លើងបន្ថែមទៀត។ មុនជំនួបជាមួយមន្រ្តីជាន់ខ្ពស់អាម៉េរិក លោក ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែន នឹងស្នើសុំអាវុធធ្ងន់ធ្ងរពីក្រុងវ៉ាស៊ីនតោន ដើម្បីទប់រុស្ស៊ី។ 
 
តាមរយៈជំនួបជួបផ្ទាល់នេះ មន្រ្តីជាន់ខ្ពស់អាម៉េរិក បានពិភាក្សាប្រមាណ ៣ម៉ោង ជាមួយមេដឹកនាំអ៊ុយក្រែន ជុំវិញតម្រូវការរបស់អ៊ុយក្រែនសម្រាប់រយៈពេលខាងមុខ រួមទាំងការបន្តដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ឈប់សង្រ្គាមមួយនេះ៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com