អន្តរជាតិ
ឥណ្ឌូណេស៊ី បិទការនាំចេញប្រេងដូង ស្របពេលវិបត្តិតម្លៃស្បៀងអាហារពិភពលោកកើនឡើង
25, Apr 2022 , 5:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងដ៏ធំជាងគេលើពិភពលោក បានប្រកាសផែនការបិទនាំចេញប្រេងដូងដើម្បីទប់ស្កាត់ការឡើងថ្លៃខ្លាញ់ ឬប្រេងឆាក្នុងស្រុក។ ចំណាត់ការនេះនឹងបណ្តាលឱ្យតម្លៃប្រេងបន្លែផ្សេងៗទៀតនៅលើពិភពលោកឡើងថ្លៃ ស្របពេលការផ្គត់ផ្គង់កំពុងខ្វះខាតស្រាប់ ដោយសារបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់នៃវិបត្តិអ៊ុយក្រែន។

 
ឥណ្ឌូណេស៊ីដែលជាប្រទេសផលិតប្រេងដូងដ៏ធំនៅលើពិភពលោកបានប្រកាសបិទការនាំចេញប្រេងដូង ដើម្បីធានាការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃប្រេងចម្អិនអាហារក្នុងស្រុក។ វិធានការនេះនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែមេសា តទៅរហូតដល់មានការបញ្ជាក់ពីរដ្ឋាភិបាលជាថ្មី។ 
 
តាមរយៈការផ្សាយតាមប្រព័ន្ធវីដេអូ ប្រធានាធិបតីឥណ្ឌូណេស៊ី​ ចូកូ វីដូដូ លើកឡើងថា លោកចង់ធានាឱ្យមានការផលិតស្បៀងអាហារក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ បន្ទាប់ពីវិបត្តិតម្លៃស្បៀងអាហារនៅលើពិភពលោកកើនឡើងដល់កម្រិតខ្ពស់បំផុត តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែន។ ម្យ៉ាងទៀត ការប្រកាសនេះក៏បានធ្វើឡើង បន្ទាប់ពីមានការតវ៉ានៅទីក្រុងហ្សាការតាជុំវិញការឡើងថ្លៃស្បៀងអាហារ និងប្រេងផងដែរ។ 
 
«ខ្ញុំនឹងបន្តត្រួតពិនិត្យ និងប៉ាន់ស្មានការអនុវត្តគោលនយោបាយនេះដើម្បីឱ្យប្រេងឆាក្នុងស្រុកសម្បូរ និងមានតម្លៃសមរម្យ»។ ប្រធានាធិបតីឥណ្ឌូណេស៊ីលើកឡើងបែបនេះអំឡុងកិច្ចប្រជុំមួយនៅថ្ងៃទី២២ ខែមេសា។ 
 
ចំណាត់ការរបស់ឥណ្ឌូណេស៊ី នឹងបណ្តាលឱ្យតម្លៃប្រេងដែលអាចបរិភោគបានឡើងថ្លៃដូចជាប្រេងដូង ប្រេងសណ្តែក និងប្រេងផ្កាឈូករ័ត្នជាដើម។ លោក James Fry ប្រធានក្រុមហ៊ុនប្រឹក្សាទំនិញអន្តរជាតិ LMC  ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ីមិនត្រឹមតែប៉ះពាល់ដល់ប្រេងដូងប៉ុណ្ណោះទេ ប៉ុន្តែប្រេងបន្លែទូទាំងពិភពលោកផងដែរ។  
 
បើតាមលោក Fry រឿងនេះកំពុងកើតឡើង ពីព្រោះការនាំចេញប្រេងសំខាន់ៗដទៃទៀតរងការប៉ះពាល់​ដូចជាប្រេងសណ្តែកសៀងដោយសារគ្រោះរាំងស្ងួតនៅអាម៉េរិកខាងត្បូង ប្រេងកាណូឡា (canola oil) ដោយសារដំណាំកាណូឡានៅកាណាដាត្រូវបានខូតខាត និងប្រេងផ្កាឈូករ័ត្នដោយសារសង្រ្គាមនៅអ៊ុយក្រែន។
 
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីផ្គត់ផ្គង់ជាងពាក់កណ្តាលនៃប្រេងដូងទូទាំងពិភពលោក ដែលប្រេងប្រភេទនេះត្រូវបានយកមកប្រើបានយ៉ាងច្រើនជាប្រចាំថ្ងៃរាប់ចាប់ពីនំ សូកូឡា ប៊័រ និង​ខ្លាញ់ រហូតដល់គ្រឿងសម្អាង សាប៊ូកក់សក់ និងផលិតផលលាងសម្អាត៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com