អន្តរជាតិ
SIPRI៖ ចិនបន្តចំណាយថវិកាលើយោធាច្រើនជាងគេនៅអាស៊ី តាមក្រោយដោយឥណ្ឌា និងជប៉ុន
25, Apr 2022 , 9:29 pm        
រូបភាព
ព្យុហយាត្រាយោធាចិននៅក្នុងឆ្នាំ ២០១៩។ រូបភាព៖ Xinhua
ព្យុហយាត្រាយោធាចិននៅក្នុងឆ្នាំ ២០១៩។ រូបភាព៖ Xinhua
ចិន នៅក្នុងឆ្នាំ២០២១ ជាប្រទេសចំណាយថវិកាលើយោធាលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីអាម៉េរិក និងច្រើនជាងគេនៅតំបន់អាស៊ី ដោយច្រើនជាងប្រទេសជិតខាងឥណ្ឌាចំនួន ៣ដង និងនិងជប៉ុន ៥ដង។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) ចេញនៅថ្ងៃទី២៥ ខែមេសា។

 
ទោះពិភពលោកកំពុងស្ថិតក្នុងវិបត្តិជំងឺឆ្លងសកលក៏ដោយ ការចំណាយយោធារបស់ពិភពលោកនៅក្នុងឆ្នាំ២០២១ បានកើនឡើង ០,៧ភាគរយ ពោលគឺមានទំហំ ២១១៣ពាន់លានដុល្លារ។ នៅតំបន់អាស៊ី ចិន ជាប្រទេសចំណាយថវិកាលើយោធាច្រើនជាងគេ ខណៈឥណ្ឌា ជប៉ុន អ៊ីរ៉ង់ និងកាតា ឈរនៅលេងរៀងបន្តបន្ទាប់។ 
 
«ចិន...បានបែងចែកថវិកាចំណាយលើយោធា២៩៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១»។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការចំណាយយោធានៅក្នុងឆ្នាំ ២០២១ បានកើនឡើង ៤,៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ និងបានកើនឡើង ក្នុងរយៈពេល ២៧ឆ្នាំជាប់ៗគ្នា។ 
 
ទន្ទឹមនេះ ឥណ្ឌា ក្នុងឆ្នាំដដែលបានចំណាយលើវិស័យយោធាចំនួន ៧៦,៦ពាន់លានដុល្លារ ដោយកើនឡើង ០,៩ភាគរយ បើធៀបនឹងឆ្នាំ២០២០ និងកើនឡើង ៣៣ភាគរយ ចាប់តាំងពីឆ្នាំ២០១២ មក។ ដើម្បីពង្រឹងវិស័យឧស្សាហកម្មយោធាក្នុងស្រុករបស់ខ្លួន ថវិកា ៦៤ភាគរយនៃការចំណាយយោធាក្នុងឆ្នាំ ២០២១ ត្រូវបានឥណ្ឌា កំណត់ទិញអាវុធ ដែលផលិតនៅក្នុងស្រុក។
 
ចំណែកជប៉ុនវិញ ការចំណាយថវិកាលើវិស័យយោធាប្រចាំឆ្នាំ២០២១ មានទំហំ ៥៤,១ពាន់លានដុល្លារ ដោយកើតឡើង ៧,៣ភាគរយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសមួយនេះ បានបន្ថែមថវិកា ៧ពាន់លានដុល្លារ ទៅក្នុងការចំណាយយោធា។ នេះជាទំហំថវិកាដ៏ខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ ១៩៧២មក។ ការបង្កើនការចំណាយយោធារបស់ជប៉ុន គឺដោយសារតែសកម្មភាពយោធារបស់ចិន នៅក្នុងសមុទ្រខាងកើត និងសមុទ្រខាងត្បូង។ 
 
បន្ទាប់ពីចិន ឥណ្ឌា និងជប៉ុន អ៊ីរ៉ង់បានចំណាយលើវិស័យយោធា២៤,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដោយកើនឡើងជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំមកនេះ។ ប្រទេសទីប្រាំ ក្នុងតំបន់អាស៊ី ដែលចំណាយលើយោធាច្រើនជាងគេ គឺកាតា ដោយមានទំហំ ១១,៦ពាន់លានដុល្លារ។ គិតចាប់ពី២០១០ មក ការចំណាយយោធារបស់កាតា បានកើនឡើង ៤៣៤ភាគរយ៕ 
 

Tag:
 យោធា
  SIPRI
  ចិន
  ឥណ្ឌា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com