អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី ព្រមានពីការផ្ទុះឡើងនៃសង្រ្គាមនុយក្លេអ៊ែរ
26, Apr 2022 , 10:22 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី២៥ ខែមេសា បានព្រមានពីការផ្ទុះឡើងសង្រ្គាមនុយក្លេអ៊ែរផ្ទុះចេញពីជម្លោះអ៊ុយក្រែន ស្របពេលប្រទេសលោកខាងលិច បន្តផ្តល់ជំនួយយោធាជាច្រើនសន្ធឹកសន្ទាប់ទៅក្រុងកៀវ។ បើតាមប្រមុខការទូតរុស្ស៊ី ភាគីទាំងអស់ កុំមើលស្រាលគ្រោះថ្នាក់មួយនេះ ខណៈរុស្ស៊ី​ បានព្យាយាមទប់ស្កាត់មិនឱ្យសង្រ្គាមលោកលើកទីបីលេចជារូបរាងឡើយ។

 
សង្រ្គាមអ៊ុយក្រែនបានអូសបន្លាយ ២ខែហើយ ខណៈកិច្ចចរចារវាងក្រុងមូស្គូ និងក្រុងកៀវបញ្ចប់ជម្លោះ នៅតែបន្តជាប់គាំង។ សព្វាវុធធុនធ្ងន់ជាច្រើនគ្រឿង ត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត ផ្តល់ឱ្យអ៊ុយក្រែនដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ រុស្ស៊ីព្រមានថា ទង្វើនេះ កំពុងបង្កគ្រោះថ្នាក់។
 
ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ក្នុងស្រុកនៅនៅថ្ងៃទី២៥ ខែមេសា លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ត្រូវបានអ្នកសារព័ត៌មានសួរពីភាពចាំបាច់នៃការបញ្ចៀសសង្រ្គាមលោកលើកទីបី និងការប្រៀបធៀបវិបត្តិមីស៊ីលនៅគុយបាក្នុងឆ្នាំ ១៩៦២ នឹងស្ថានភាពនៅអ៊ុយក្រែន។  
 
ទាក់ទិននឹងបញ្ហានេះ លោក ឡាវរ៉ូវ បានលើកឡើងថា រុស្ស៊ី បានព្យាយាមអនុវត្តគោលការណ៍ ក្នុងការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរយ៉ាងខ្លាំងបំផុត។ បើតាមប្រមុខការទូតរុស្ស៊ី ពេលនេះ គ្រោះថ្នាក់នៃសង្រ្គាមនុយក្លេអ៊ែរ អាចត្រូវពិចារណាបានហើយ។ 
 
«គ្រោះថ្នាក់ គឺធ្ងន់ធ្ងរណាស់។ វាគឺមានពិត អ្នកមិនអាចមើលស្រាលស្ថានការណ៍បានឡើយ»។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សង្រ្គាមមួយនេះ នឹងបញ្ចប់ ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសដដែលនោះ មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះ បានចោទអ៊ុយក្រែនថា លេងសើចនឹងកិច្ចចរចា។ លោក ឡាវរ៉ូវ បានហៅលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ជាតួសម្តែងដ៏ល្អក្នុងកិច្ចចរចា ដោយធ្វើពុតចរចាជាមួយរុស្ស៊ី។ 
 
ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះ បានយល់ថា សម្ព័ន្ធយោធាណាតូ បានចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែន ដោយមិនផ្ទាល់ តាមរយៈការបញ្ជូនអាវុធដូចជា មីស៊ីលប្រឆាំងរថក្រោះ Javelin, រថពាសដែក និងដ្រូនមានបច្ចេកវិទ្យាខ្ពស់ជាដើម។ អាវុធទាំងនោះ សុទ្ធតែផ្តោតលើកម្លាំងរុស្ស៊ី ដែលបើកប្រតិបត្តិការនៅអ៊ុយក្រែន។ ការណ៍នេះ បានធ្វើឱ្យយោធារុស្ស៊ីវាយប្រការគោលដៅបំផ្លាញឃ្លាំងអាវុធអ៊ុយក្រែនម្ដងហើយម្ដងទៀត។ 
 
គួររម្លឹកថា លោក ឡាវរ៉ូវ នៅពាក់កណ្តាលខែមេសា បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ី នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ ខណៈពេលប្រតិបត្តិការយោធាខ្លួន ចូលដល់ដំណាក់កាលថ្មីក៏ដោយ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com