អន្តរជាតិ
មហាសន្និបាត UN នឹងបោះឆ្នោតលើសេចក្តីព្រាងកំណត់ការប្រើសិទ្ធិវេតូ
26, Apr 2022 , 3:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
សមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ចំនួន ១៩៣រដ្ឋ នៅថ្ងៃទី២៦ ខែមេសា នឹងបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខ បញ្ជាក់ហេតុផលត្រឹមត្រូវក្នុងការប្រើសិទ្ធិវេតូនាពេលអនាគត។ បើទោះតំណាងលិចតិចស្តាញដែលព្រាងឯកសារអះអាងថា ដំណោះស្រាយនេះ មិនបានផ្តោតលើសមាជិកអចិន្រ្តៃយ៍ណាមួយ ប៉ុន្តែវាត្រូវបានលើកយកមកបោះឆ្នោតឡើងវិញ ស្របពេលរុស្ស៊ីកំពុងបើកប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។



 
ពីរឆ្នាំមុន លិចតិចស្តាញ បានស្នើសេចក្តីព្រាងមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ប្រើហេតុផលត្រឹមត្រូវក្នុងការប្រើសិទ្ធិវេតូលើកដំបូង មកមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយសមាជិកអង្គការសហប្រជាជាតិជាច្រើន គាំទ្រឱ្យធ្វើកំណែទម្រង់ស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ សេចក្តីសម្រេចខាងលើ ត្រូវបានយកមកពិភាក្សាជាថ្មី។ នេះបើតាមការបញ្ជាក់របស់លោក Christian Wenaweser អគ្គរាជទូតលិចតិចស្តាញ ប្រចាំនៅអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែមេសា កន្លងទៅ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមេសា អគ្គរាជទូតលិចតិចស្តាញប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា គំនិតផ្តួចផ្តើមមួយនេះ មិនបានផ្តោតលើសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិណាមួយឡើយ។ 
 
«វាមិនបានផ្តោតលើរុស្ស៊ីឡើយ»។ លោក Wenaweser បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សេចក្តីព្រាងដំណោះស្រាយខាងលើ ធ្វើឡើងដើម្បីលើកតម្កើងតួនាទីអង្គការសហប្រជាជាតិ ការគាំទ្រប្រព័ន្ធពហុភាគីនិយម និងជួយឱ្យប្រទេសមិនមានសិទ្ធិវេតូ និងមិនមែនសមាជិកក្រុមប្រឹក្សាសន្តិសុខ អាចចូលរួមដោះស្រាយបញ្ហាសន្តិសុខ និងសន្តិភាពសកល។ នេះបើ។ 
 
បើទោះប្រេសិតលិចតិចស្តាញបាននិយាយការពារសេចក្តីព្រាងដំណោះស្រាយ មិនបានផ្តោតលើប្រទេសណាមួយក៏ដោយ ប៉ុន្តែវាត្រូវបានដាក់ឱ្យបោះឆ្នោត ស្របពេលរុស្ស៊ី កំពុងឈ្លានពានអ៊ុយក្រែន។ 
 
ប្រសិនសេចក្តីព្រាងនេះត្រូវបានអនុម័ត មហាសន្និបាត អាចកោះប្រជុំសមាជិករបស់ខ្លួន ក្នុងរយៈពេល១០ថ្ងៃធ្វើការ បន្ទាប់ពីសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ ប្រើសិទ្ធិវេតូលើបញ្ហាអ្វីមួយ។ សេចក្តីព្រាងនេះ ត្រូវបានគាំទ្រដោយប្រទេសប្រមាណ ៥០ ដោយក្នុងនោះមានអាម៉េរិកផង។ 
 
មកទល់ពេលនេះ វាមិនទាន់ច្បាស់ឡើយ ថាសេចក្តីព្រាងសេចក្តីសម្រេចខាងលើ នឹងធ្វើឱ្យសមាជិកអចិន្រ្តៃយ៍ អាចប្រើសិទ្ធិវេតូកាន់តែតិចជាងមុន ឬបង្កើតសិទ្ធិវេតូច្រើនជាងមុន សម្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខ៕
 

Tag:
 UN
  រុស្ស៊ី
  អាម៉េរិក
  បារាំង
  អង់គ្លេស
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com