អន្តរជាតិ
ក្រុងប៉េកាំង ពង្រីកការធ្វើតេស្តរកជំងឺកូវីដ-១៩ ស្ទើរពេញទីក្រុងទាំងមូល
26, Apr 2022 , 7:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលចិន ប្រមូលសំណាកពីប្រជាជនក្នុងខណ្ឌ Chaoyang ។ រូបថត Xinhua
បុគ្គលិកសុខាភិបាលចិន ប្រមូលសំណាកពីប្រជាជនក្នុងខណ្ឌ Chaoyang ។ រូបថត Xinhua
ទីក្រុងប៉េកាំង នៅថ្ងៃទី២៥ ខែមេសា បានប្រកាសពង្រីកការធ្វើតេស្តរកជំងឺកូវីដ-១៩ ពីមួយ​សង្កាត់​ទៅ​១១សង្កាត់ផ្សេងៗទៀតនៅទីក្រុងដែលមានប្រជាជនប្រមាណ២២លាននាក់ ខណៈដែលអាជ្ញាធរ​កំពុង​ញាប់ដៃញាប់ជើងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។

 
រដ្ឋធានីប៉េកាំង ក្លាយជាចំណុចមួយទៀតក្នុងការប្រយុទ្ធការរាលដាលជំងឺកូវីដ-១៩ នៅទឹកដីចិន ខណៈដែលយុទ្ធនាការនៅទីក្រុងធំៗដូចជាសៀងហៃមិនទាន់បញ្ចប់នៅឡើយ។ ក្នុងរដ្ឋធានីប៉េកាំងនៅ​ថ្ងៃទី​២៦ ខែមេសា អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ថា ក្នុងថ្ងៃទី២៥ ខែមេសា ករណីឆ្លងថ្មី​ក្នុង​សហគមន៍មាន៣៣ករណីដែលក្នុងនោះ​៣២នាក់បានចេញរោគសញ្ញា ចំណែកឯម្នាក់ទៀត​មិនបាន​ចេញរោគសញ្ញា​នោះឡើយ។
 
ក្រុងប៉េកាំង បានចាប់ផ្ដើមធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅខណ្ឌ Chaoyang ចាប់​នៅ​ថ្ងៃទី២៥ ខែមេសា។ បន្ទាប់មក អាជ្ញាធរទីក្រុងប៉េកាំង បានសម្រេចធ្វើតេស្តលើខណ្ឌចំនួន១១ផ្សេង​ទៀតដែលគ្របដណ្ដប់លើប្រជាជនប្រមាណជាង២០លាននាក់។
 
«ដើម្បីទប់ស្កាត់ហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់ និងរក្សាសុខភាពរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពួកយើងបានសម្រេចពង្រីកវិសាលភាពនៃការតេស្ត​រកជំងឺ​តាម​តំបន់ផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋាននៃការធ្វើតេស្តដែលបានធ្វើឡើងនៅក្នុង Chaoyang​»។ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបញ្ជាក់បែបនេះនៅយប់ថ្ងៃទី២៥ ខែមេសា។
 
ក្រោមចំណាត់ការនេះ ការធ្វើតេស្តម៉ាស៊ីន PCR ចំនួនបីជុំនឹងត្រូវធ្វើឡើងពីថ្ងៃទី២៦​ ដល់ថ្ងៃទី៣០ ខែមេសា​នៅក្នុងខណ្ឌ Dongcheng, Xicheng, Haidian, Fengtai, Shijingshan, Fangshan, Tongzhou, Shunyi, Changping, Daxing, រួមទាំងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច-បច្ចេកវិទ្យា​ទីក្រុង៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com