កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ជួប Crystal Palace នៅសិង្ហបុរី៖ សំបុត្រមើលការប្រកួតជិត១១០ដុល្លារ មើល​ហ្វឹកហាត់ ២៨,​៥ដុល្លារ
27, Apr 2022 , 8:29 am        
រូបភាព
​ក្លិបយក្សអង់គ្លេសហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរមកប្រកួតមិត្តភាពមុនបើករដូវកាល ទល់ក្រុម Crystal Palace នាបំណាច់ឆ្នាំ ២០២២ នេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី២៦ ខែមេសា។



ក្រុមនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ទាំងពីរនឹងជួបប្រកួតគ្នានាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ នាកីឡដ្ឋាន Nation Stadium ប្រទេសសិង្ហបុរី ក្នុងការប្រកួតពានរង្វាន់មិត្តភាពមុខបើករដូវកាល Standard Chartered Singapore Trophy 2022។ នេះបើតាមអ្នករៀបចំកម្មវិធីប្រកួតបាននិយាយ។ 
 
តម្លៃសំបុត្រសម្រាប់ការប្រកួតមួយសន្លឹក ចាប់ផ្តើមពី១៤៩ដុល្លាសិង្ហបុរី (ជិត១១០​ដុល្លារអាម៉េរិក) នឹងត្រូវលក់តាមប្រព័ន្ធអនឡាញ ហើយសំបុត្រសម្រាប់ចូលទស្សនាការហ្វឹកហាត់តម្លៃប្រមាណ ២៨,៥ដុល្លារ។
 
«Pre-Season គឺជាពេលវេលាសម្រាប់កីឡាករយើង ត្រៀមសម្រាប់រដូវកាលបន្ទាប់។ វាពិតជាសំខាន់ខ្លាំងក្នុងការត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ហើយវាក៏ជាឱកាសដ៏ល្អសម្រាប់យើង ក្នុងការជួបជុំអ្នកគាំទ្រជុំវិញពិភពលោក»។នេះបើតាមប្រធានផ្នែកពាណិជ្ជកម្ម Liverpool លោក Ben Latty។
 
កាលពីឆ្នាំ ២០១១ Liverpool ក៏ធ្លាប់បានធ្វើដំណើរមកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដើម្បីហ្វឹកហាត់សម្រាប់ត្រៀមប្រកួតរដូវកាលថ្មី ២០១១-១២ ក្នុងក្របខណ្ឌ Premier League។ 
 
បន្ទាប់ពីជំនួបជាមួយនឹងក្រុម Crystal Palace បញ្ចប់នាប្រទេសសិង្ហបុរី ក្រុមហង្សក្រហមក៏នឹងត្រូវបន្តដំណើរទៅប្រកួតនៅប្រទេសថៃ នាទីក្រុងបាងកក ដោយត្រូវជួបតទល់ជាមួយក្រុមបិសាចក្រហម Manchester United ដែលជាការប្រកួតត្រៀមរដូវកាលថ្មីខាងមុខ។
 
លើសពីនេះនាយកក្លិប Crystal Palace ក៏បានបញ្ជាក់ថា លោកក៏សម្លឹងឃើញផ្លូវវែងឆ្ងាយ ហើយសប្បាយចិត្តសម្រាប់ការប្រកួតទល់នឹងក្រុម Liverpool នៅប្រទេសសិង្ហបុរី៕
 

Tag:
 Liverpool
  Crystal Palace
© រក្សាសិទ្ធិដោយ thmeythmey.com