កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ស៊ីគ្នា៧គ្រាប់ក្នុងជំនួប Man City-Real Madrid នៅវគ្គ១/២ផ្តាច់ព្រ័ត្រជើងទី១
27, Apr 2022 , 9:16 am        
រូបភាព
គ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា៧គ្រាប់ បានកើតឡើងក្នុងជំនួបរវាង Manchester City និង Real Madrid ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១។ ម្ចាស់ផ្ទះ Man City រកបានជ័យជម្នះលើក្រុមភ្ញៀវ Real Madrid ក្នុងលទ្ធផល ៤-៣។



នាជំនួបវគ្គ១/២ផ្តាច់ព្រ័ត្រជើងទី១នៅកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃទី២៦ ខែមេសា Kevin De Bruyne ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Man City នាំមុខមុននៅនាទី២ តាមរយៈការបញ្ជូនបាល់ពីមិត្តរួមក្រុម Riyad Mahrez។ ៩នាទីបន្ទាប់ De Bruyne បញ្ជូនបាល់ឱ្យ Gabriel Jesus ដើម្បីសម្រេចគ្រាប់ទី២ឱ្យក្រុមម្ចាស់ផ្ទះ មុនពេល Karim Benzema តាមបាន១គ្រាប់ឱ្យ Real Madrid វិញនៅនាទី៣៣។ ចប់វគ្គទីមួយ Man City នាំមុខ Real Madrid ២-១។
 
ចូលដល់វគ្គទីពីរ ខណៈការប្រកួតដំណើរការបាន៨នាទី Phil Foden បានសម្រេចទីគ្រាប់ទី៣ ឱក្រុមលោក Pep Guardiola មុនពេល Vinicius Junior តាមបានគ្រាប់ទីពីរសម្រាប់ក្រុមលោក Carlo Ancelotti នៅ២នាទីបន្ទាប់។ 
 
ជាមួយនឹងការគ្រប់គ្រងបាល់ និងការបង្កើតឱកាសជាច្រើនលើក ក្រុមមេឃខៀវអាចបន្តរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀត និងជាគ្រាប់បាល់ទី៤ដែលធ្វើបានដោយ Bernardo Silva នៅនាទី៧៤។ យ៉ាងណាក៏ដោយនៅ៨នាទីបន្ទាប់ខ្សែប្រយុទ្ធបារាំង Benzema បន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ទី៣សម្រាប់ក្រុមអធិរាជសដោយបាល់ពិន័យ១១ម៉ែត្រ។ ចប់ការប្រកួត Man City ឈ្នះ Real Madrid ៤-៣។
 
ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតនៅជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu សប្តាហ៍ក្រោយ ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២១-២២នេះ។
 
ប្រវត្តិជួបគ្នាកន្លងមក Real Madrid ម្ចាស់ជើងឯក១១សម័យ ធ្លាប់ទម្លាក់ Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងមកហើយនៅរដូវកាល ២០១៥-១៦។ នៅរដូវកាល ២០១៩-២០ Man City ទម្លាក់ Real Madrid វិញនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com