អន្តរជាតិ
កោះសូឡូម៉ុន ប្រាប់ជប៉ុនថា នឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនក្នុងប្រទេសឡើយ
27, Apr 2022 , 11:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន Yoshimasa Hayashi ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសជប៉ុន Yoshimasa Hayashi ។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Mannaseh Sogavare នៅថ្ងៃទី២៦ ខែមេសា ប្រាប់ប្រតិភូជប៉ុនដែលកំពុងធ្វើទស្សនកិច្ចនៅកោះសូឡូម៉ុនថា កោះសូឡូម៉ុនគ្មានបំណងអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានយោធានៅក្នុងប្រទេសឡើយ។ ប្រមុខការទូតជប៉ុនអះអាងបែបនេះ ខណៈដែលកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិនបង្កក្ដីបារម្ភពីអស្ថិរភាពនៅតំបន់ប៉ាស៊ីហ្វិក។

 
កាលពីសប្តាហ៍មុន ចិន និងកោះសូឡូម៉ុន បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។ រឿងនេះបង្កឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តជាពិសេស ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ព្រួយបារម្ភជុំវិញការពង្រីកឥទ្ធិពលយោធាចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង។
 
ស្របពេលការព្រួយបារម្ភនេះ ជប៉ុននៅថ្ងៃទី២៥ ខែមេសា បានបញ្ជូនអនុរដ្ឋមន្រ្តីការបរទេស Kentaro Uesugi ទៅទស្សនកិច្ចនៅកោះសូឡូម៉ុនរយៈពេល៣​ ថ្ងៃ។ បើតាមរដ្ឋមន្រ្តីការបរទេសជប៉ុន Yoshimasa Hayashi នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Mannaseh Sogavare នៅថ្ងៃទី២៦ ខែមេសា ប្រាប់លោក Uesugi ថា កោះសូឡូម៉ុនមិនមានបំណងអនុញ្ញាតឱ្យចិនតាំងមូលដ្ឋានយោធានៅក្នុងប្រទេសទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ 
 
កន្លងមក ប្រមុខការទូតជប៉ុនជឿថា កិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់សន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ហើយថា ខ្លួនកំពុងមើលការវិវឌ្ឍដោយក្តីបារម្ភ បើទោះបីជាមេដឹកនាំកោះសូឡូម៉ុនអះអាងម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនក្នុងតំបន់ ឬវត្តមានយោធាចិនរយៈពេលវែងក៏ដោយ។ 
 
អាម៉េរិក នៅថ្ងៃទី២២ ខែមេសា បានបញ្ជូនប្រតិភូអាម៉េរិកជាន់ខ្ពស់ទៅទស្សនកិច្ចនៅកោះសូឡូម៉ុនដែរ ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការ ប្រសិនបើកិច្ចព្រមព្រៀងជាមួយចិននេះបង្កការគំរាមដល់ផលប្រយោជន៍អាម៉េរិក និងសម្ព័ន្ធមិត្ត៕
 
 
 
 
 
 

Tag:
 ជប៉ុន
  កោះសូឡូម៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com