អន្តរជាតិ
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី៖ ចិន ទំនងជាពង្រាយយោធានៅកោះសូឡូម៉ុន
27, Apr 2022 , 7:19 pm        
រូបភាព
ដោយ:
ចិនទំនងជាពង្រាយកងទ័ពនៅប្រជុំកោះសូឡូម៉ុននៅឆ្នាំក្រោយ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំងពីរបានប្រកាសចុះហត្ថលេខាជាផ្លូវការ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្រ្តាលី Karen Andrews អះអាងបែបនេះនៅថ្ងៃទី ២៧ ខែមេសា។ កិច្ចព្រមព្រៀងសន្តិសុខ ធ្វើឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តបារម្ភជាខ្លាំងជុំវិញការផ្ទុះឡើងអស្ថិរភាពក្នុងតំបន់ប៉ាស៊ីហ្វិក។

 
ចិន និងកោះសូឡូម៉ុនកាលពីសប្តាហ៍មុន បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាផ្លូវការ តែខ្លឹមសារលម្អិតទាក់ទងនឹងកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបង្ហាញជាសាធារណនៅឡើយទេ។ ចំណុចដែលធ្វើឱ្យឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តមានអូស្ត្រាលី និងនូវែលសេឡង់បារម្ភ គឺការពង្រាយកងទ័ពចិននៅកោះមួយនេះ។
 
ទាំងកោះសូឡូម៉ុន ទាំងចិន សុទ្ធតែច្រានចោលក្ដីបារម្ភនេះ ប៉ុន្តែមិនអាចរំលត់ការច្រួលច្រាលរបស់អូស្ត្រាលីឡើយ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុអូស្រ្តាលី 4BC ថាតើមានភាពប្រាកដប្រជាប៉ុណ្ណាដែលចិននឹងស្នើពង្រាយកងទ័ពនៅកោះសូឡូម៉ុននៅឆ្នាំក្រោយ រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី Karen Andrews បញ្ជាក់ថា វាពិតជាត្រូវបានរំពឹងថា នឹងកើតឡើង។ 
 
«​វាហាក់ដូចជានោះគឺជាផ្លូវដែលចិននឹងដើរនៅក្នុងតំបន់ប៉ាស៊ីហ្វិក»។ លោកស្រី Andews លើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសនៅថ្ងៃទី២៧ ខែមេសា។ 
 
ខណៈក្តីបារម្ភជុំវិញកិច្ចព្រមព្រៀងសន្តិសុខនេះនៅតែមាន  នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare ធ្លាប់បានធានាជារឿយៗថា លោកនឹងមិនអនុញ្ញតឱ្យយោធាចិនមកឈរជើងនៅទឹកដីលោកឡើយ។
 
កាលពីថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន ក៏បានព្រមានដែរថា ការតាំងមូលដ្ឋានកងទ័ពជើងទឹកចិននៅកោះសូឡូម៉ុននឹ ងក្លាយជាបន្ទាត់ក្រហមសម្រាប់ទីក្រុងកង់បេរ៉ា ថ្វីបើទីក្រុងប៉េកាំងទទូចម្ដងហើយម្ដងទៀតថា កិច្ចព្រមព្រៀងនេះ សំដៅជួយកោះសូឡូម៉ុនដើម្បីរក្សាសណ្តាប់ធ្នាប់ ដោះស្រាយគ្រោះមហន្តរាយធម្មជាតិ និងប្រតិបត្តិការសង្គ្រោះមនុស្សធម៌ក៏ដោយ។ 
 
ស្របពេលឈានជិតដល់ការបោះឆ្នោតជ្រើសរើសសមាជិកសភាអូស្រ្តាលីដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែ​ឧសភា នាយករដ្ឋមន្រ្តីអូស្រ្តាលី រងការរិះគន់ពីគូប្រជែងនយោបាយជាខ្លាំងចំពោះការមិនអាចបញ្ចុះបញ្ចូលកោះសូឡូម៉ុនកុំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិន។ គូប្រជែងរបស់លោក ម៉ូរីសុន បានយករឿងនេះមកវាយប្រហារថាជាការបរាជ័យក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក៕
 
 

Tag:
 អូស្ត្រាលី
  ចិន
  កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com