កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand៖ Liverpool ជាក្រុមល្អបំផុត ដែលមិនធ្លាប់ឃើញ ខណៈ Klopp ប្ដេជ្ញាលេងជើងទីពីរ ឱ្យល្អ ១០០ភាគរយ
28, Apr 2022 , 10:54 am        
រូបភាព
Rio Ferdinand អតីតខ្សែការពារឆ្នើមក្រុម Manchester United សរសើរក្រុម Liverpool បច្ចុប្បន្នថាជាក្រុម Liverpool ដ៏អស្ចារ្យបំផុតដែលខ្លួនមិនធ្លាប់ឃើញទាល់តែសោះពីមុនមក។  Ferdinand អះអាងបែបនេះ តាមរយៈទម្រង់លេងរបស់ហង្សក្រហមដែលយកឈ្នះ Villarreal ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១។


ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះ Villarreal ក្នុងលទ្ធផល ២-០ នៅទឹកដី Anfield នាជំនួបជើងទី១ វគ្គ១/២ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២៧ ខែមេសា។ ទាំងពីរគ្រាប់កើតឡើងដោយគ្រាប់ចូលទីខ្លួនឯងរបស់ Pervis Estupinan អ្នកចាំទី Villarreal និង Sadio Mane។
 
ជាមួយនឹងលទ្ធផលនេះ Liverpool បានបង្ហាញទម្រង់លេងដ៏ល្អអស្ចារ្យ ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ។ ក្រុមអង់គ្លេសមួយនេះគ្រប់គ្រងការប្រកួតស្ទើទាំងស្រុង ដោយគ្រប់គ្រងបាល់លើសលុប ៧៤ភាគរយ ទល់២៦ភាគរយ។
 
មិនត្រឹមតែវាយសម្រុកខ្លាំងលើគូប្រកួត Liverpool ថែមទាំងបិទមិនឱ្យមានការស៊ុតនៅមុខទីសូម្បីមួយលើក ខណៈខ្លួនស៊ុតចំគោលដៅចំនួន៥លើក។ Villarreal របស់លោក Unai Emery មានឱកាសស៊ុតតែមួយលើកប៉ុណ្ណោះហើយមិនចំគោលដៅថែមទៀត។
 
ស្ថិតិផ្សេងទៀត Liverpool ទទួលបានបាល់ជ្រុង១០លើក  ឯ Villarreal ២លើក  និងបញ្ជូនបាល់ទៅវិញទៅមក ៧៣៧ប៉ះ ទល់នឹង២៧២ប៉ះ។
 
តាមរយៈរបៀបលេងល្អឥតខ្ចោះទាំងអស់នេះ Ferdinand ដែលសព្វថ្ងៃជាអ្នកវិភាគកីឡាបាល់ទាត់ បានសរសើរ និងសាទរក្រុម Liverpool។ លោក Michael Owen និង Peter Crouch ដែលជាអ្នកវិភាគដូចគ្នា ក៏អបអរអតីតក្រុមខ្លួនដែលធ្វើបានល្អមិនគួរឱ្យជឿនៅ Anfield។
 
Ferdinand អតីតប្រធានក្រុម Man Utd បាននិយាយក្នុងកម្មវិធីទូរទស្សន៍កីឡា BT Sport បន្ទាប់ពីការប្រកួតថា ខ្លួនពិតជាភ្ញាក់ផ្អើល និងមិនដែលឃើញក្រុម Liverpool លេងបានល្អយ៉ាងនេះទេពីមុនមក។ 
 
«នេះជាក្រុម Liverpool ដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានឃើញពីមុនមក។ ពួកគេមានទេព្យកោស្យ ថាមពល និងការលេងជាក្រុមដ៏អស្ចារ្យ។ ពិតជាមិនគួរឱ្យជឿ»។ នេះជាការបញ្ជាក់របស់ Ferdinand។
 
Owen មិត្តរួមវិភាគជាមួយ Ferdinand មើលឃើញថា Villarreal ដូចត្រូវគេចាប់ជីពចរ ក្នុងជំនួបជាមួយ Liverpool នេះ។ អតីតខ្សែប្រយុទ្ធអង់គ្លេស Man Utd និង Real Madrid រូបនេះបន្ថែមថា នេះជាក្រុមអាវក្រហមល្អបំផុតដែលខ្លួនធ្លាប់ឃើញ។ 
 
តែយ៉ាងណាលោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool នៅតែជំរុញកូនក្រុមឱ្យបន្តយកចិត្តទុកដាក់ចំពោះការប្រកួតពេលខាងមុខ ក្រោយឈ្នះលើក្រុម Villarreal ដោយលទ្ធផល ២-០ នេះ។
 
«ជ័យជម្នះនេះប្រៀបដូចជាវគ្គទីមួយនៃការប្រកួតប៉ុណ្ណោះ ដូច្នេះយើងនៅសល់ការងារដែលត្រូវធ្វើបង្ហើយជាមួយក្រុម Villarreal។ ជ័យជម្នះលើកនេះ យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតជើងទីពីរឱ្យបាន១០០ភាគរយ ព្រោះយើងនឹងដឹងហើយថាវគ្គទីពីរគេនឹងលេងដូចជាយើង»។លោក Klopp និយាយបែបនេះក្រោយចប់ការប្រកួត។
 
គ្រាប់បាល់ទី២ដែលស៊ុតដោយខ្សែប្រយុទ្ធ Sadio Mane ជាគ្រាប់បាល់លឿនបំផុតត្រឹមតែ ១៣៣វិនាទី ហើយក៏ជាគ្រាប់បាល់ទី៦ ក្នុងចំណោម៧ប្រកួតគ្រប់កម្មវិធីផ្សេងគ្នា។ ហើយវាក៏ជាគ្រាប់ទី១៤ របស់ Mane ក្នុងនាមជាកីឡាករអាហ្វ្រិក ដែលស៊ុតបញ្ចូលទីនៅ UCL វគ្គជម្រុះ ស្មើនឹង Didier Drogba។
 
នេះជាលើកទី៤ហើយ សម្រាប់លោក Klopp ដែលដឹកនាំឈ្នះការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទាំងក្នុងនាមជាគ្រូបង្វឹកក្លិប Liverpool និង Borussia Dortmund ។ 
 
សម្រាប់រដូវកាល ២០២១-២២ នេះក្រុម Liverpool របស់លោក Klopp អាចស៊ុតបាល់បាន១៥គ្រាប់ ក្នុងក្របខណ្ឌ UCL ហើយរបូតសំណាញ់ទីត្រឹម៣គ្រាប់ប៉ុណ្ណោះ។ 
 
សម្រាប់ជំនួបជើងទី២ រវាងក្រុមទាំងពីរ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ នៅទឹកដីអេស្ប៉ាញរបស់ Villarreal ដើម្បីរកមួយក្រុមឡើងកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខណ្ឌអឺរ៉ុប រដូវកាល ២០២១-២២៕
 

Tag:
 Champions League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com