អន្តរជាតិ
រដ្ឋម​ន្ត្រីការបរទេសអង់គ្លេសថា ការរីកចម្រើនរបស់ចិនអាស្រ័យលើការគោរពច្បាប់អន្តរជាតិ
28, Apr 2022 , 1:56 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស Liz Truss នៅថ្ងៃទី២៧ ខែមេសា បានព្រមានចិនចំៗថា បរាជ័យ​ក្នុងការគោរពតាមច្បាប់អន្តរជាតិដូចជាការមិនប្រឆាំងនឹងរុស្ស៊ីដែលការលុកលុយអ៊ុយក្រែន​ជា​ដើម នឹង​នាំឱ្យចិនមិនអាចរីកចម្រើនទៅមុខនោះឡើយ ព្រោះចិនត្រូវពឹងអាស្រ័យលើការរកស៊ីជាមួយប្រទេសផ្សេង ដែលពឹងផ្អែកតាមច្បាប់អន្តរជាតិដូចគ្នាដែរ។

 
ចិន នៅតែជាគោលដៅនៃការរិះគន់ចំពោះការមិនមាត់កអ្វីនឹងសកម្មភាពរុស្ស៊ីលើអ៊ុយក្រែន។ ម្ដងជាពីរដង លោកខាងលិច ទទូចឱ្យចិនដើរតួសកម្មក្នុងរឿងនេះ ព្រោះមានទំនាក់ទំនងជិ​តស្និទ្ធជាមួយ​ក្រុង​មូស្គូស្រាប់។ យ៉ាងណាមិញ ក្រុងប៉េកាំង បញ្ជាក់វិញយ៉ាងច្បាស់ថា ជម្លោះនៅអ៊ុយក្រែននឹង​មិនត្រូវ​យក​មកពាក់ព័ន្ធជាមួយទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងមូស្គូនោះឡើយ។
 
ខណៈភាពតានតឹងនៅអ៊ុយក្រែននៅតែបន្ត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss អំឡុង សន្និសីទកាសែតថ្ងៃទី២៧ ខែមេសា លើកឡើងថា ក្នុងជម្លោះអ៊ុយក្រែននេះ ប្រទេសទាំងអស់ត្រូវតែ ប្រកាន់យកជំហរដែលស្របនឹងច្បាប់អន្តរជាតិហើយក្នុងនោះក៏មានចិនផងដែរ។
 
«ចិន នឹងមិនបន្តការរីកចម្រើននោះឡើយ ប្រសិនបើមិនគោរពតាមច្បាប់អន្តរជាតិ។ ចិនត្រូវ​ធ្វើ​ពាណិជ្ជកម្មជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7)»។ លោកស្រី Truss សង្កត់ធ្ងន់​បែបនេះរួចបន្តថា ក្រុមប្រទេស G7 តំណាងឱ្យប្រហែលពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចពិភពលោក ហើយ​ប្រទេសទាំង៧នេះមាន​ជម្រើសក្នុងការបញ្ឈប់ ឬបន្តការធ្វើពាណិជ្ជកម្មជាមួយចិន។
 
ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះក៏បានលើកឡើងពីរឿងកោះតៃវ៉ាន់ដែល កំពុង​តែ​តាន​តឹងដែរ។ លោកស្រី Truss បានលើកឡើងថា សម្ព័ន្ធយោធាណាតូចាំបាច់ត្រូវមាន​ទស្សន​វិស័យ​ជា​សកលដែលពង្រីកលទ្ធិប្រជាធិបតេយ្យលើសពីប្រទេសសមាជិករបស់ខ្លួន ដូចជាការ​ជួយ​ការពា​រ​ប្រជាធិបតេយ្យរបស់តៃវ៉ាន់។
 
«យើងត្រូវតែធានាថាប្រទេសដែល​ប្រកាន់យកលទ្ធិប្រជាធិបតេយ្យដូចនៅតៃវ៉ាន់អាចការពារខ្លួនឯង​បាន​»​។ លោកស្រី Truss អះអាងបែបនេះរួចបន្ថែមថា សហគមន៍អន្តរជាតិក៏ដូច​ជា​សម្ព័ន្ធ​យោធា​ណាតូត្រូវលុបបំបាត់ការគំរាមនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយធ្វើការ​ជាមួយសម្ព័ន្ធមិត្ត​ដូច​ជា​ជប៉ុន និង​អូស្ត្រាលីជាដើម៕
 

Tag:
 អង់គ្លេស
  ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com