អន្តរជាតិ
ទីក្រុងគ័ងចូវ ផ្អាកជើងហោះហើរ និងតេស្តទ្រង់ទ្រាយធំ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩
28, Apr 2022 , 5:27 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ក្រុងគ័ងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយរបស់ចិន​ បានប្រកាសលុបចោលជើងហោះហើររាប់រយនៅថ្ងៃទី២៨ ខែមេសា និងបើកយុទ្ធនាការតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំលើប្រជាជនប្រមាណ៥,៦លាននាក់។ ចំណាត់ការនេះធ្វើឡើង​​ ក្រោយពីរកឃើញករណីវិជ្ជមាននៅព្រលានយន្តហោះក្នុងទីក្រុងនេះ។


ឈានចូលឆ្នាំ២០២២ ​ចិនបានទទួលរងករណីផ្ទុះជំងឺកូវីដ-១៩ ដ៏អាក្រក់ជាបន្តបន្ទាប់។ ក្រុងសៀងហៃ បានបន្តរាយការណ៍ករណីស្លាប់ប្រចាំថ្ងៃរាប់សិបនាក់ ហើយរដ្ឋធានីប៉េកាំងឯណោះក៏កំពុងបើកយុទ្ធនាការតេស្តរកជំងឺកូវីដ-១៩ យ៉ាងតឹងតែង។
 
បន្ថែមពីសៀងហៃនិងប៉េកាំង​​ នៅថ្ងៃទី២៨ ខែមេសា​ ក្រុងគ័ងចូវ ក្នុងខេត្តគ័ងតុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផលិតកម្មនៅភាគខាងត្បូង បានបញ្ជាឱ្យប្រជាជនខ្លួនជិត១ភាគ៣នៃប្រជាជនសរុប១៩លាននាក់ ទៅធ្វើតេស្ត បន្ទាប់ពីមានលទ្ធផលវិជ្ជមានលើបុគ្គលម្នាក់នៅអាកាសយានដ្ឋានគ័ងចូវ។ ​ជើងហោះហើរជាច្រើន ក៏ត្រូវបានលុបចោលផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ AFP ។
 
ចំណែក ក្រុងហាងចូវដែលជាតំបន់សម្បូរដោយរោងចក្រ​​ ស្ថិហើយតនៅក្បែរក្រុងសៀងហៃ នៅល្ងាចថ្ងៃទី២៧ ខែមេសា ក៏បានបញ្ជាឱ្យប្រជាជន៩,៤លាននាក់ក្នុងចំណោមប្រជាជនសរុបប្រមាណ១២,២លាននាក់ ទៅធ្វើតេស្តរៀងរាល់៤៨ម៉ោងម្តង ប្រសិនជាពួកគេត្រូវការចេញទៅទីសាធារណៈនិងធ្វើដំណើរ ក្រោយរកឃើញករណីវិជ្ជមាន។
 
បើតាមសេចក្តីថ្លែងការណ៍ចេញដោយរដ្ឋាភិបាលក្រុង គោលបំណងនៃការអនុវត្តវិធានការនេះ គឺដើម្បីកុំឱ្យមេរោគគ្មានកន្លែងលាក់ខ្លួន ឬរស់នៅបានទៀត។
 
ចិន នៅថ្ងៃទី២៨ខែមេសា បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃថ្មីចំនួន​ ១១​ ៣៦៧​ករណី ដោយក្នុងនោះច្រើនជាង១ម៉ឺនករណីត្រូវបានរកឃើញក្នុងក្រុងសៀងហៃតែឯង ខណៈក្រុងប៉េកាំងរកឃើញអ្នកឆ្លងថ្មី​៥០នាក់។ គិតត្រឹមថ្ងៃដដែល ចិនកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបជាង២០ម៉ឺននាក់ និងស្លាប់ជិត៥ពាន់នាក់៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com