កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC ៖ គ្មានការសង្ស័យឡើយ លើសមត្ថភាពសិង្ហបុរី រៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក
× គ្មានអ្វីដែលគួរឱ្យសង្ស័យឡើយ លើសមត្ថភាពប្រទេសសិង្ហបុរី ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ថ្នាក់ពិភពលោក។ នេះជាការលើកឡើងពីសំណាក់ប្រធានគណកម្មាធិកាអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នាថ្ងៃទី២៨ ខែមេសា។
លោក Thomas Bach បានបញ្ជាក់ថា ប្រទេសសិង្ហបុរី នឹងអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Athletics Championship ក្នុងឆ្នាំ ២០២៥។
«ខ្ញុំគិតថាគ្មានអ្វីដែលសង្ស័យឡើយ ដែលថាសិង្ហបុរីអាចធ្វើជាអ្នករៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ លំដាប់ពិភពលោក។ មកដល់ពេលនេះប្រទេសសិង្ហបុរី និងអ្នករៀបចំកម្មវិធីកីឡា មានសមត្ថភាពគ្រប់គ្រាន់ ហើយគ្មានបញ្ហាអ្វីទាំងអស់ ដែលពិភពលោកត្រូវដឹង»។ លោក Bach បាននិយាយបែបនេះ។
ប្រទេសសិង្ហបុរីបានប្រកាសកាលពីខែមីនាកន្លងទៅថា នឹងដាក់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Athletics Championship ក្នុងឆ្នាំ ២០២៥។
ប្រធាន IOC លោក Thomas Bach បានធ្វើដំណើរទៅទស្សនៈកិច្ចក្នុងប្រទេសសិង្ហបុរីចំនួនមួយថ្ងៃ តាមការរៀបចំឡើងដោយគណកម្មាធិការជាតិអូឡាំពិកសិង្ហបុរី(SNOC) ដោយមានការចូលរួមពីសំណាក់ប្រធាន SNOC លោកTan Chuan-Jin និងរដ្ឋមន្ត្រីក្រសួងវប្បធម៍ សហគមន៍ និងយុវជន លោក Edwin Tong៕
© រក្សាសិទ្ធិដោយ thmeythmey.com