កីឡាជាតិ
ជាតិ
កីឡាចំបាប់កម្ពុជា រំពឹងយកមេដាយមាសយ៉ាងតិច២ ពីស៊ីហ្គេមនៅវៀតណាម
29, Apr 2022 , 10:44 am        
រូបភាព
អត្តពលិកចំបាប់កម្ពុជា ក្នុងពិធីសំណេះសំណាង ប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមលើកទី៣១ រូបពី Camsoc
អត្តពលិកចំបាប់កម្ពុជា ក្នុងពិធីសំណេះសំណាង ប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមលើកទី៣១ រូបពី Camsoc
សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់ការរំពឹងទុកយ៉ាងខ្ពស់ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-២៣ ខែឧសភា។ ការរំពឹងទុកនេះ ដោយផ្អែកលើការវិវឌ្ឍសមត្ថភាពរបស់អត្ដពលិកកម្ពុជា មានការរីកចម្រើនជាងមុន។



សហព័ន្ធ រំពឹងទុកខ្ពស់ដោយផ្អែកលើកការហ្វឹកហាត់ជាក់ស្ដែងរបស់អត្តពលិកកម្ពុជា។ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិកីឡាចំបាប់កម្ពុជា បានប្រា​ប់សារព័ត៌មានថ្មីៗថា៖«សហព័ន្ធ រំពឹងទុកថាអត្តពលិកកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់អាចប្រជែង យកមេដាយមាសយ៉ាងតិច២​»។ 
 
គ្រូជម្រើសជាតិរូបនេះ បន្ថែមថា មុនពេលទៅប្រកួតស៊ីហ្គេមនេះ សហព័ន្ធបានបញ្ជូនអត្តពលិកខ្លះ ទៅហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង និងកូរ៉េ ដែលជំរុញឲ្យសមត្ថភាពរបស់អត្តពលិក​ មានការរីកចម្រើនខ្លាំង។ «បើប្រៀបធៀបជាមួយការទៅប្រកួតស៊ីហ្គេមនៅហ្វីលីពីន សមត្ថភាពកីឡាករ និងកីឡាការិនី មានការរីកចម្រើន និងប្រសើរជាងមុន។ យើង មានការសង្ឃឹមលើវិញ្ញាសា FreeStyle ច្រើនជាង Greco Romance តែពួកគាត់ក៏អាចធ្វើបានល្អដែរ ដោយសារយើងបានបញ្ជូនអត្ដពលិក២រូប ទៅហ្វឹកហាត់នៅកូរ៉េ ចំពោះវិញ្ញាសានេះដែរ»។ លោក កាង ដែនពិសិដ្ឋ ប្រាប់សារពត៌មានថ្មីៗយ៉ាងដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា សមាសភាពអត្ដពលិកជម្រើសជាតិចំបាប់កម្ពុជា ដែលត្រូវចូលរួមប្រកួតនៅវៀតណាម មានកីឡាករ១១រូប និងកីឡាការិនី៥រូប។ 
 
កីឡាករ១១រូបនោះ មាន៖ សឿន សុភាស់  ប្រកួតលើប្រភេទទម្ងន់៥៧គីឡូក្រាម វិញ្ញាសា Freestyle ,ជុន ធួន ប្រកួតលើប្រភេទទម្ងន់៦៥គីឡូក្រាម វិញ្ញាសា Freestyle ,អុល សៅហ៊ាង ប្រកួតលើប្រភេទទម្ងន់៧៤គីឡូក្រាម វិញ្ញាសា Freestyle ,ហេង វុទ្ធី ប្រកួតលើប្រភេទទម្ងន់៨៦គីឡូក្រាម វិញ្ញាសា Freestyle ,ម៉ូ សារី ប្រកួតលើប្រភេទទម្ងន់៩៧គីឡូក្រាម វិញ្ញាសា Freestyle ,ស៊ូ បាលី ប្រកួតលើប្រភេទទម្ងន់១២៥គីឡូក្រាម វិញ្ញាសា Freestyle ,ឌន សៅ ប្រកួតលើប្រភេទទម្ងន់៩៧គីឡូក្រាម វិញ្ញាសា Greco Romance ,កែវ សុភ័ក្ដ ប្រកួតលើប្រភេទទម្ងន់៨៧គីឡូក្រាម វិញ្ញាសា Greco Romance ,ងួន មករា ប្រកួតលើប្រភេទទម្ងន់៧៧គីឡូក្រាម វិញ្ញាសា Greco Romance ,អេង ផានិត ប្រកួតលើប្រភេទទម្ងន់៦៧គីឡូក្រាម វិញ្ញាសា Greco Romance និង យុន ប៊ុនណា ប្រកួតលើប្រភេទទម្ងន់៦០គីឡូក្រាម វិញ្ញាសា Greco Romance។
 
កីឡាការិនី៦រូប មាន៖ ឌិន សំណាង ប្រកួតលើប្រភេទទម្ងន់៥០គីឡូក្រាម វិញ្ញាសា Freestyle ,សម្បត្តិ វណ្ណៈ ប្រកួតលើប្រភេទទម្ងន់៥៣គីឡូក្រាម វិញ្ញាសា Freestyle ,សឿន នឿន ប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាម វិញ្ញាសា Freestyle ,អ៊ំ ជីអ៊ុន ប្រកួតលើប្រភេទទម្ងន់ ៦២គីឡូក្រាម វិញ្ញាសា Freestyle និង ជា កញ្ញា ប្រកួតលើប្រភេទទម្ងន់៦៨គីឡូក្រាម វិញ្ញាសា Freestyle៕
 

Tag:
 កីឡាចំបាប់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com