ជាតិ
របាយការណ៍សេរីភាពមូលដ្ឋានរកឃើញថា ភ្នំពេញរងការរឹតត្បិតខ្លាំងជាងគេ ក្នុងចំណោមរាជធានី-ខេត្ត
29, Apr 2022 , 4:04 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាកាលពីខែមករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់ថា
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាកាលពីខែមករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ សង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជា រកឃើញថា រាជធានីភ្នំពេញ រងការរឹតត្បិតយ៉ាងខ្លាំង ជាងបណ្ដាខេត្តក្រុងដទៃទៀត ដោយសារអាជ្ញាធរអនុវត្តច្បាប់បំពានលើរាស្រ្ត។ ប៉ុន្តែមន្រី្តរដ្ឋាភិបាល អះអាងថា សិទ្ធិសេរីភាពរឹតត្បិតតែក្រុមមួយចំនួនតូច ដែលធ្វើសកម្មភាពខុសច្បាប់ប៉ុណ្ណោះ។

 
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR), សមាគមការពារសិទ្ធិមនុស្ស និអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញរបាយការណ៍កម្រាស់១៣០ទំព័រ ស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាក្នុងឆ្នាំ២០២១។ ពួកគេរកឃើញថា រដ្ឋាភិបាលបានតាក់តែងឯកសារគគិតយុត្តិនិងច្បាប់ ដែលអាចប៉ះពាល់ដល់ការអនុវត្តសេរីភាពមូលដ្ឋាន។ លើសពីនេះ រដ្ឋាភិបាលបានបន្ទច់បង្អាក់ ជ្រៀតជ្រែក រំលោភបំពាន លើការជួបជុំនិងការបញ្ចេញមតិ។
 
របាយការណ៍ដែលចេញថ្ងៃទី២៧មេសានេះ បានពិនិត្យឃើញការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានពលរដ្ឋចំនួន៤៥៤ករណី មានការរំលោភបំពាន និងរឹតត្បិត៣៤១ករណី។ ក្រុមសង្គមស៊ីវិល ក៏កត់សម្គាល់ឃើញដែរថា ក្នុងហេតុការណ៍នៃការរឹតត្បិតនិងបំពាននៅទូទាំងប្រទេស កើតមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ដែលមានរហូតដល់ទៅ១៦៥ករណី។ 
 
កត្តា៥ចំណុច​ ដែលក្រុមសង្គមស៊ីវិលរកឃើញថា ជាដើមចងនាំឲ្យសេរីភាពមូលដ្ឋានរងការរំលោភបំពានខ្លាំង ក្នុងឆ្នាំ២០២១។ ទី១ ការកែប្រែក្របខ័ណ្ឌច្បាប់ថ្មីៗ ដែលអាចរារាំងដល់សិទ្ធិបុគ្គលក្នុងការអនុវត្តសេរីភាពមូលដ្ឋាន។ ច្បាប់និងបទប្បញ្ញត្តិទាំងនេះរួមមាន អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ, ច្បាប់ស្ដីពីវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត(ហៅកាត់ច្បាប់កូវីដ-១៩) និងសង្ឃប្រកាស ដែលហាមឃាត់ព្រះសង្ឃមិនឲ្យចូលរួមរាលការតវ៉ា ឬបាតុកម្ម។ 
កត្តាទី២ គឺក្រុមអ្នកនយោបាយ ឬមាននិន្នាការជំទាស់ ត្រូវបានអាជ្ញាធរនិងភាគីទីបី កំណត់ជាមុខសញ្ញាថា ជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយប្រឆាំង ខណៈការចូលរួមនយោបាយ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប រួមជាមួយនឹងសិទ្ធិមូលដ្ឋាននៃសេរីភាពសមាគម។ កត្តាទី៣​ អាជ្ញាធរបានជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ។ កត្តាទី៤ ការរឹតត្បិតលើការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត មានការកើនឡើង និងកត្តាទី៥ គឺបុគ្គលម្នាក់ៗនៅតែមិនមានសេរីភាពពេញលេញ ក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។ 
 
«ករណី​រឹត​ត្បិត​ជាច្រើនដែល​កត់​ត្រា​ដោយ​គម្រោង​សេរីភាពមូលដ្ឋាន​នេះ​​បង្ហាញ​ពី​​ការ​អនុវត្ត​ពុំ​​ត្រឹមត្រូវ​ ឬការ​អនុវត្ត​ក្រប​ខ័ណ្ឌ​ច្បាប់​កម្ពុជា ​ដោយ​បំពាន​ពី​សំណាក់​អាជ្ញាធរ​។ រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ច្បាប់ទាំង​នេះ ដើម្បី​កាត់​បន្ថយ​លម្ហ​សេរីភាព​ពលរដ្ឋ​ និង​រឹត​ត្បិត​​ការ​អនុវត្ត​សេរីភាព​មូល​ដ្ឋាន ​ជាជាង​ការ​ពារ​សិទ្ធិ​ទាំង​នេះ​​​»។ នេះបើតាមការលើកឡើងរបស់ក្រុមសង្គមស៊ីវិល ។
 
បន្ថែមពីនេះ សង្គមស៊ីវិល ក៏ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសិទ្ធិសេរីភាពមូលដ្ខាន ខណៈកម្ពុជា​កំពុង​​ឈានទៅ​រក​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០២៣។ ពួកគេសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «អនុវត្ត​សេរីភាព​មូល​ដ្ឋាន​មាន​សារៈសំខាន់ ​សម្រាប់​ធានា​ឱ្យមាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌»។ 
 
ឆ្លើយតបក្រុមសង្គមស៊ីវិលខាងលើនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលស្គាល់ថា សិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជា ត្រូវបានរឹតត្បិតពិតមែន។ ប៉ុន្តែ ច្បាប់តឹងតែងចំពោះតែក្រុមមួយចំនួនតូច ដែលបំពានច្បាប់ប៉ុណ្ណោះ។ 
 
លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា៖ «លម្ហសិទ្ធិសេរីភាពប្រជាធិបតេយ្យ រឹតត្បិតមែន។ ប៉ុន្តែរឹតត្បិតសម្រាប់ ក្រុមមួយក្ដាប់តូច ដែលតែធ្វើសកម្មភាពបំពានច្បាប់ បង្កចលាចល។ ចំណែក ពលរដ្ឋលើសលុបដែលមិនមានចេតនាអាក្រក់ ពួកគេសប្បាយរីករាយជាមួយនឹងលម្ហសេរីភាពប្រជាធិបតេយ្យ ដោយមិនមានបញ្ហាអ្វីនោះទេ»។ 
 
ចំពោះការតាក់តែងច្បាប់ មន្រី្តជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរូបនេះ ក៏ទទួលស្គាល់ដែរថា គ្រប់ច្បាប់ទាំងអស់មិនមែនល្អ ឥតខ្វះចន្លោះឡើយ។ ប៉ុន្តែ នៅពេលដែលមានបញ្ហាក្នុងការអនុវត្ត គឺត្រូវតែមានយន្តការសហការគ្នា ដើម្បីកែសម្រួលច្បាប់នោះ ឲ្យប្រសើរនិងស្របតាមសង្គមជាក់ស្ដែងឡើងវិញ។ យ៉ាងណា លោកសង្កត់ធ្ងន់ថា នៅពេលមានច្បាប់ ពលរដ្ឋគ្រប់រូបត្រូវគោលច្បាប់ ហើយករណីជនណាមិនគោរព គឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់៕ 
 
 
 
 

Tag:
 សង្គម
  សេរីភាពមូលដ្ឋាន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com