ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អាជ្ញាធរ ឲ្យផ្តល់សន្តិសុខដល់គ្រប់គណបក្ស
29, Apr 2022 , 7:59 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ នៅសណ្ឋាគារសុខាភ្នំពេញ។ រូបពីក្រសួងមហាផ្ទៃ_
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ នៅសណ្ឋាគារសុខាភ្នំពេញ។ រូបពីក្រសួងមហាផ្ទៃ_
 ដោយ៖ ទេពញាណ 
 
ខណៈការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ជិតមកដល់ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានណែនាំទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យបង្កលក្ខណៈងាយស្រួល នឹងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប។ ការណែនាំរបស់សម្តេច ធ្វើឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។

 
បន្ថែមពនេះ សម្តេចរដ្ឋមន្រ្តី បានណែនាំអាជ្ញាធរ ឲ្យរក្សាជំហរអព្យាក្រឹត គោរពច្បាប់ បទបញ្ជាស្តីពីការបោះឆ្នោត និងមានក្រមសីលធម៌ ក្នុងពេលបំពេញការងារពាក់ព័ន្ធនឹងការបោះឆ្នោត។ សម្តេច ថែមទាំងក្រើនរម្លឹកកងកម្លាំង និងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ក្នុងដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដែលជាដំណាក់កាលដ៏សំខាន់។ 
 
ជាមួយគ្នានេះ ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអំពាវនាវដល់គណបក្សនយោបាយ ប្រជាពលរដ្ឋ និង អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ឲ្យចូលរួមក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងស្ថិតក្នុងភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង៕ 
 
សូមបញ្ជាក់ថា មានគណបក្ស១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ មេសា ឆ្នាំ២០២២។ គណបក្សទាំង១៧នោះ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ 
 

Tag:
 ស ខេង
  បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com