កីឡាជាតិ
ជាតិ
កីឡាការិនីបាល់ទាត់២០រូប ត្រូវបានជ្រើសរើសទៅប្រកូតស៊ីហ្គេមវៀតណាមជាផ្លូវការ
30, Apr 2022 , 10:27 am        
រូបភាព
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កីឡាការិនីបាល់ទាត់២០រូប ត្រូវបានជ្រើសរើសជាផ្លូវការ ទៅប្រកួតស៊ីហ្គេមលើកទី៣១ វៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់២៣ ឧសភា ។ នេះបើតាមបញ្ជីរាយនាមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣០ មេសា។



កីឡាការិនីទាំង២០រូបនេះ ត្រូវបានជម្រុះចេញពីក្នុងចំណោមកីឡាការិនី ៣៥នាក់ តាមរយៈការធ្វើតេស្តសមត្ថភាពពួកគេ។ បញ្ជីរាយនាមកីឡាការិនីជម្រើសជាតិកម្ពុជាចុងក្រោយនេះ មាន៨រូបពីក្លិបភ្នំពេញក្រោន , ៥រូបមកពីក្លិបព្រះខ័នរាជស្វាយរៀង , ៤រូបពីណាហ្គាវើលដ៍ និង ៣រូបពីសៀមរាប។
 
លោក ប្រាក់ វុទ្ធី គ្រូបង្គោលជម្រើសជាតិបាល់ទាត់នារី ថា ការប្រកួតនៅវៀតណាម ជាម៉ែត្រវាស់ស្ទង់សមត្ថភាពកីឡាការីនី ដើម្បីដំណើឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
ការប្រកួតស៊ីហ្គេមនៅវៀតណាមនេះ ជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ជម្រើសជាតិបាល់ទាត់នារី ។ គ្រូបង្គោលជម្រើសជាតិបាល់ទាត់នារី បានប្រាប់សារពត៌មានថ្មីៗថា៖«វៀតណាម និងឥណ្ឌូណេស៊ី មានកម្រិតខ្ពស់ និងមានបទពិសោធប្រកួតអន្ដរជាតិច្រើនជាងកម្ពុជា។ អ្វី ដែលយើងអាចធ្វើបាននោះ គឺប្រឹងធ្វើឲ្យអស់ពីសមត្ថភាព ដោយមិនឲ្យរបូតគ្រាប់បាល់ច្រើន»។
 
គួរបញ្ជាក់ផងដែរថា ជម្រើសជាតិបាល់ទាត់នារីរបស់កម្ពុជា ស្ថិតនៅពូល A រួមមានម្ចាស់ផ្ទះ វៀតណាម ហ្វីលីពីន និង ឥណ្ឌូណេស៊ី ខណៈពូល B មាន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និង ឡាវ៕
 

Tag:
 បាល់ទាត់នារី
  ស៊ីហ្គេមវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com