កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man Utd ស្តើងឱកាសដណ្តើមកៅអី UCL ក្រោយ Arsenal, Spurs បន្ថែម៣ពិន្ទុ
02, May 2022 , 9:51 am        
រូបភាព
Arsenal និង Tottenham Hotspur ប្រដេញគ្នាប្រកិតដើម្បីដណ្តើមចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League ក្រោយរកបាន៣ពិន្ទុបន្ថែមរៀងខ្លួន។ ជ័យជម្នះរបស់ Arsenal និង Spurs នៅជំនួបសប្តាហ៍ទី៣៣ បានធ្វើឱ្យ Manchester United កាន់តែឃ្លាតឱកាសប្រជែងកៅអី Champions League រដូវកាលក្រោយ។


 
ខ្សែការពារ Rob Holding និង Gabriel Magalhaes បានជួយ Arsenal យកឈ្នះ West Ham United ២-១ ក្នុងការប្រកួតលីគកំពូលអង់គ្លេសនៅថ្ងៃទី១ ខែឧសភា។ ទទួលបាន៣ពិន្ទុបន្ថែម ធ្វើឱ្យក្រុមលោក Mikel Arteta ឈរជើងនៅតំបន់ Top4 បន្តទៀត ដោយមានគម្លាត២ពិន្ទុប៉ុណ្ណោះពីគូប្រជែង Spurs ដែលស្ថិតនៅចំណាត់ថ្នាក់ទី៥។
 
ក្រុមមាន់ខ្នាយមាស ក៏បានជ័យជម្នះរបស់ខ្លួនផងដែរ ក្រោយឈ្នះ Leicester City ៣-១ ក្នុងជំនួបសប្តា៍ទី៣៤។ ៣៤ប្រកួត Spurs ដែលមានលោក Antonio Conte ជាអ្នកចាត់ការរកបាន៦១ពិន្ទុ តាមពីក្រោយក្រុមលេខ៤ កាំភ្លើងធំដែលរកបាន៦៣ពិន្ទុ។
 
ជ័យជម្នះរបស់ Arsenal និង Spurs បានធ្វើឱ្យ Man Utd កាន់តែឃ្លាតឆ្ងាយក្នុងការប្រជែងចំណាត់ថ្នាក់ទី៤ ដើម្បីបានកៅអីក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។
 
ក្រុមបិសាចក្រហមបច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្រោយប្រកួត៣៥លើករកបាន៥៥ពិន្ទុ។ លើសមួយប្រកួតហើយ ក្រុមដែលដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick តាមពីក្រោយក្រុម Spurs ៦ពិន្ទុ និង Arsenal ដល់ទៅ៨ពិន្ទុថែមទៀត ខណៈការប្រកួតនៅសល់៣លើកប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ។
 
តាមរយៈគម្លាតពិន្ទុនេះ ត្រូវបានគេមើលឃើញថា ក្រុមបិសាចក្រហម ល្អបំផុតសល់ត្រឹមកៅអី UEFA Europa League ប៉ុន្តែបើភ្លាត់ស្នៀតអាចធ្លាក់ទៅលេងពាន Europa Conference League វគ្គ play-off។ Man Utd លើសពិន្ទុ ក្រុមលេខ៧ West Ham តែ២ពិន្ទុប៉ុណ្ណោះ។
 
ពាន Europa Conference League ទើបបង្កើតថ្មីរដូវកាលមុន។ ក្រុមនៅអង់គ្លេសដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៧រដូវកាលនេះ បានកៅអី play-off រដូវកាលក្រោយ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com