ជាតិ
លោក ហេង សួរ៖ មិនទាន់មានប្រទេសណាមួយ យល់ព្រមអនុវត្តរបបសោធន ជាមួយគ្នាឡើយ
02, May 2022 , 2:50 pm        
រូបភាព
រាជរដ្ឋាភិបាលកម្ពុជា​ កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធន ដើម្បីផ្ដល់ប្រយោជន៍ដល់ពលករ នៅថ្ងៃអនាគត។ គោលបំណងនៃការអនុវត្តរបបសោធននេះ ដើម្បីឱ្យពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។


 
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា កិច្ចសហការផ្នែកប្រាក់សោធននេះ មិនទាន់មានបណ្តាប្រទេសណាមួយ បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នានៅឡើយ។ បើតាមលោក ហេង សួរ បច្ចុប្បន្នប្រទេសនៅលើសកលលោក កំពុងពិភាក្សាគ្នាពីបញ្ហារបបសោធននេះ ខណៈកម្ពុជាក៏បានចូលរួមជំរុញការពិភាក្សាលើចំណុចនេះ ជាមួយដៃគូរបស់ខ្លួនផងដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម កាលពីថ្ងៃទី១ ឧសភា អ្នកនាំពាក្យក្រសួងការងាររូបនេះ បាននិយាយដូច្នេះថា៖«ចំណុចប្រឈមផ្នែកនេះ គឺមូលដ្ឋាននៃការបង់(ប្រាក់សោធន) ពីប្រទេសមួយទៅប្រទេសមួយគឺផ្សេងគ្នា ហើយដើម្បីផ្ទេរកើត គ្រប់ប្រទេសត្រូវបើកចំហរ និងផ្លាស់ប្តូរព័ត៌មានជាមួយគ្នា។ ជារួមកម្ពុជាយើងត្រៀមបើកចំហរ ប៉ុន្តែជាសកលគឺប្រទេសអភិវឌ្ឍភាគច្រើន មិនទាន់ចង់ចែករំលែកទិន្នន័យនេះ និងមិនទាន់ឱ្យមានការចល័តអត្ថប្រយោជន៍ផ្នែកសោធននៅឡើយ»។ 
 
កម្ពុជា នឹងបន្តដើរតួនាទីឈានមុខក្នុងការកៀរគបណ្តាប្រទេស ដែលមានទស្សនរួមគ្នា ដើម្បីជំរុញឱ្យមានចល័តភាពផ្នែកសោធននេះ។ នេះបើតាមលោក ហេង សួរ។
កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់បានពន្យល់ថា ការអនុវត្តរបបសោធននេះ ដើម្បីឱ្យពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។ 
 
ត្រង់ចំណុចនេះ បានន័យថា នៅពេលពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស អស់រយៈពេល៥ឆ្នាំ ហើយត្រឡប់មកបម្រើការងារនៅកម្ពុជាវិញនោះ គឺត្រូវមានការរៀបចំឯកសារពាក់ព័ន្ធ ដើម្បីគិតអតីតភាពការងារសម្រាប់ពួកគេបន្ត ចាប់ពី៥ឆ្នាំទៅតែម្ដង រហូតដល់ពួកគេឈប់បម្រើការងារ ហើយទទួលបានប្រាក់សោធននិវត្តន៍។
 
កន្លងមករដ្ឋាភិបាល បានប្រកាសឱ្យអនុវត្តប្រាក់​សោធននិវត្តន៍ សម្រាប់កម្មករ-កម្មការិនី ចាប់ពីឆ្នាំ ២០១៩ ទៅ។
 
បច្ចប្បន្ននេះ កម្ពុជា មានតែកិច្ចសហការជាមួយបណ្តាប្រទេសទទួលពលករ អំពីអត្ថប្រយោជន៍សន្តិសុខសង្គមផ្នែកធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងជីវិត ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការធានានូវសុខភាព និងអត្ថប្រយោជន៍របស់ពលករកម្ពុជា។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
 
«នៅពេលមានគ្រោះថ្នាក់ការងារ ឬអកុសលឈានទៅដល់ការបាត់បង់ជីវិត គឺបងប្អូនពលករ និងក្រុមគ្រួសារពលករ ដែលបានចេញដោយស្របច្បាប់តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែទទួលបាននូវការផ្ទេរសំណង និងអត្ថប្រយោជន៍ផ្សេងៗបានគ្រប់ចំនួន»។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បន្ថែមដូច្នេះ៕

Tag:
 ហេង សួរ
  ពលករ
  របបសោធ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com