ជាតិ
សង្គមជាតិ
អាវុធហត្ថ២នាក់នៅសៀមរាប ត្រូវរកឃើញថា ប្រព្រឹត្តបទបង្ខាំងមនុស្ស លួច និងគ្រឿងញៀន...
02, May 2022 , 3:34 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប
រូបពីទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប
ដោយ៖ ទេពញាណ
 
កងរាជអាវុធហត្ថ២នាក់នៅខេត្តសៀមរាប ដែលទទួលបន្ទុកផ្នែកផែនការប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានរកឃើញថា បានប្រពឹត្តបទល្មើសផ្សេងៗ ដែលលើសពី២បទល្មើស ក្នុងមា្នក់ៗ។ នេះបើតាមដីការបស់ចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប។


 
ក្នុងចំណោមកងរាជអាវុធហត្ថទាំង២នាក់នោះ ម្នាក់វ័យ៥២ឆ្នាំ មានរហស្សនាម «រាំ» ត្រូវបានចោទប្រកាន់ដល់ទៅ៤បទល្មើស គឺ «បទបង្ខាំងមនុស្ស» «បទរក្សាទុកសារធាតុញៀន» ​«បទលាក់បំបាំងតម្រុយ» និង «បទមិនប្តឹងបរិហារលើបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ» ហើយម្នាក់ទៀតវ័យ២៨ឆ្នាំ មានរហស្សនាម «នាគក្រហម» ត្រូវបានចោទប្រកាន់២បទល្មើស គឺ «បទលួច» និង «បទមិនប្តឹងបរិហារលើបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ»។  
 
លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ថា មន្រ្តីកងរាជអាវុធហត្ថទាំង២នាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ កាលពីថ្ងៃទី៣០ ខែមេសា ដើម្បីបន្តនីតិវិធីស៊ើបសួរ។ 
 
ដីការបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថទាំង២នាក់នោះ បានប្រព្រឹត្តបទល្មើសតាំងពីឆ្នាំ២០២០មកម្ល៉េះ។ ផ្អែកតាមដីកាដដែល ចំពោះករណីឈ្មោះ ធាវ ច័ន្ទតារា នៅមានបក្សពួកដទៃទៀត ដែលពាក់ព័ន្ធ ប៉ុន្តែដីកា ពុំបានបញ្ចេញឈ្មោះ និងអត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធទាំងនោះឡើយ៕  
 

Tag:
 កងរាជអាវុធហត្ថ
  លួច
  គ្រឿងញៀន
  បង្ខាំងមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com