អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក នឹងអញ្ជើញមេដឹកនាំកោះប៉ាស៊ីហ្វិកដើម្បីពង្រឹងទំនាក់ទំនង ស្របពេលចិនពង្រីកឥទ្ធិពល
02, May 2022 , 9:29 pm        
រូបភាព
លោក Kurt Campbell អ្នកសម្របសម្រួលគោលនយោបាយអាស៊ីប៉ាស៊ីហ្វិកនៅសេតវិមាន។ រូបថត AFP
លោក Kurt Campbell អ្នកសម្របសម្រួលគោលនយោបាយអាស៊ីប៉ាស៊ីហ្វិកនៅសេតវិមាន។ រូបថត AFP
អ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកប្រចាំសេតវិមាន Kurt Campbell នៅថ្ងៃទី២ ខែ ឧសភា លើកឡើងពីគម្រោងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ក្នុងការអញ្ជើញ​មេដឹកនាំ​បណ្តា​ប្រទេសកោះប៉ាស៊ីហ្វិកសម្រាប់ជំនួបមួយដើម្បីរឹតបន្តឹងទំនាក់ទំនងការទូត។ លោក Campbell ក៏​អះ​អាងថា អាម៉េរិក ក៏នឹងបង្កើនការគាំទ្ររបស់ខ្លួនតាមរយៈវេទិកាកោះប៉ាស៊ីហ្វិកផងដែរ។

 
រយៈពេលចុងក្រោយនេះ អាម៉េរិករឹតតែព្រួយបារម្ភពីបញ្ហាសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិក ខណៈដែល​ចិន​បានពង្រីកវត្តមាននៅក្នុងតំបន់នោះ។ ថ្មីៗនេះ ចិន ក៏បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងសន្តិសុខជាមួយកោះសាឡូម៉ុនទៀតផង ដែលរឹតតែធ្វើឱ្យអាម៉េរិកបារម្ភខ្លាំង បន្ទាប់ពីទុកតំបនប៉ាស៊ីនហ្វិកចោលយូរគួរសមហើយនោះ។
 
ដើម្បីទប់ទល់ចិន អាម៉េរិកក៏ប្រុងជើងការពង្រឹងទំនាក់ទំនងឱ្យរឹងមាំជាថ្មី។ ក្នុងកិច្ចប្រជុំធុរកិច្ចអាម៉េរិក-នូវែលសេឡង់នៅថ្ងៃទី២ ខែឧសភា អ្នកសម្របសម្រួលគោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិក Kurt  Campbell បានលើកឡើងតាមទូរស័ព្ទពីក្រុងវ៉ាស៊ីនតោនថា អាម៉េរិក​មានបំណង​ពង្រឹង​ទំនាក់​ទំនង​ការ​ទូតជាមួយប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកដែលអស់ពេលជាច្រើនឆ្នាំ​មកនេះមិនមានការរៀបចំពិភាក្សា​រវាងអ្នកតំណាងប្រទេសទាំងនោះជាមួយក្រុង​វ៉ាស៊ីនតោន​នោះ​ឡើយ។
 
«ដើម្បីធ្វើឱ្យម៉េរិកធ្វើការដោយមានប្រសិទ្ធភាពនៅតំបន់ប៉ាស៊ីហ្វិក ពួកយើងត្រូវតែពង្រឹងការទំនាក់​ទំនងការទូត និងផ្នែកផ្សេងៗទៀតដែលសំខាន់សម្រាប់ប្រទេសកោះប៉ាស៊ីហ្វិក»។ លោក Campbell សង្កត់ធ្ងន់បែបនេះ ហើយក៏បន្តថា រដ្ឋបាលលោក ចូ បៃឌិន នឹងធ្វើការជាមួយទីភ្នាក់ងារអាម៉េរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) និងស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍​អន្តរជាតិថ្មី​របស់​អាម៉េរិ​ក​ដើម្បី​ផ្តល់ហិរញ្ញប្បទានដល់គម្រោងនានាក្នុងតំបន់ក៏ដូចជាការស្តារអង្គភាព Peace Corps ឡើងវិញ។
 
អ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកអាម៉េរិករូបនេះក៏បានអះអាងថា អាម៉េរិកនឹង​បង្កើនការគាំទ្រសម្រាប់ការចូលរួមពហុភាគីតាមរយៈវេទិកាកោះប៉ាស៊ីហ្វិក។ លើសពីនោះ រដ្ឋបាលក្រុងវ៉ាស៊ីនតោន ក៏នឹងធ្វើការឱ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ាស៊ីហ្វិកជាមួយ​នូវែលសេឡង់, អូស្ត្រាលី, ជប៉ុន, អង់គ្លេស, បារាំង និងប្រទេសផ្សេងៗទៀត។
 
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា​ អាឌើន បានលើកឡើងក្នុងជំនួបខាងលើថា នូវែលសេឡង់ដឹងពីការឈ្លានពាននៅក្នុងតំបន់ដែលកំពុងកើនឡើង។ តែលោកស្រីមិនបានបញ្ជាក់ចំឈ្មោះចិននោះឡើយ។ ស្របពេលជាមួយគ្នានេះ លោកស្រី អាឌើន បញ្ជាក់ថា នូវែលសេឡង់ក៏មាន​ភាព​ជាដៃគូ​និង​ទំនាក់ទំនង​ដ៏​រឹងមាំជាមួយអាម៉េរិកនិង​ប្រទេសក្នុងតំបន់ផងដែរ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com