អន្តរជាតិ
អ្នកការទូតសូឡូម៉ុន៖ កោះសូឡូម៉ុន នឹងត្រួតមើលប៉ូលិសចិនដែលឈរជើងលើទឹកដីខ្លួន
03, May 2022 , 10:00 am        
រូបភាព
ដោយ:
វត្តមានប៉ូលិសចិនក្រោមកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិន នឹងជួយបង្កើនសមត្ថភាពរបស់កោះសូឡូម៉ុន ប៉ុន្តែប៉ូលិសទាំងនេះនឹងមិនប្រើវិធីសាស្ត្របង្រ្កាបអ្នកប្រឆាំងរដ្ឋាភិបាលដូចនៅហុងកុងឡើយ។ មន្រ្តីការទូតកោះសូឡូម៉ុនប្រចាំអូស្រ្តាលីថ្លែងបែបនេះក្នុងកិច្ចសម្ភាសជាមួយវិទ្យុអូស្រ្តាលីនៅថ្ងៃទី២ ខែឧសភា។

 
កិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិនដែលត្រូវបានចុះហត្ថលេខាកន្លងមក មិនទាន់ត្រូវបានបង្ហាញជាសាធារណៈតាមសំណើបណ្តាប្រទេសលោកខាងលិចឡើយ។ នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manesseh Sogavare បានអះអាងម្តងហើយម្តងទៀតថា យោធាចិននឹងមិនត្រូវអនុញ្ញាតឱ្យតាំងមូលដ្ឋាននៅទឹកដីខ្លួនទេ ឯប៉ូលិសចិនដែលនឹងមានវត្តមាន នឹងឈរជើងដើម្បីការពារសន្តិសុខប៉ុណ្ណោះ ពីព្រោះកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយអូស្រ្តាលី នៅមិនទាន់គ្រប់គ្រាន់។
 
បន្ថែមពីការព្រួយបារម្ភជុំវិញមូលដ្ឋានយោធាចិនក្នុងតំបន់ប៉ាស៊ីហ្វិក សម្ព័ន្ធមិត្តលោកខាងលិចជាពិសេស អាម៉េរិក អូស្រ្តាលី និងនូវែលសេឡង់ព្រួយខ្លាចក្រែងប៉ូលិសចិនដែលបញ្ជូនទៅទីនោះប្រើវិធីដ៏ឃោរឃៅដូចដែលធ្លាប់ប្រើពីមុននៅក្រុងហុងកុងដើម្បីបង្រ្កាបការតវ៉ាប្រឆាំងរដ្ឋាភិបាល។ 
 
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអូស្រ្តាលី ABC នៅថ្ងៃទី២ ខែឧសភា លោក Robert Sisilo ស្នងការជាន់ខ្ពស់កោះសូឡូម៉ុនប្រចាំអូស្រ្តាលី លើកឡើងថា កោះសូឡូម៉ុនកំពុងបង្កើនសមត្ថភាពខ្លួន បន្ទាប់ពីប៉ូលិសក្នុងស្រុកមិនអាចបង្ក្រាបកុប្បកម្មប្រឆាំងរដ្ឋាភិបាលនៅតំបន់ជនជាតិចិនរស់នៅនៅរដ្ឋធានី Honiara កាលពីខែវិច្ឆិកា។ 
 
«យើងនឹងព្យាយាម និងប្រឹងឱ្យអស់ពីសមត្ថភាពដោះស្រាយជាមួយពួកគេដើម្បីធ្វើឱ្យប្រាកដថា អ្វីដែលកំពុងកើតឡើងនៅទីតាំងផ្សេងដូចជាហុងកុង មិនកើតឡើងក្នុងប្រទេសយើងឡើយ»។ លោក Sisilo លើកឡើងបែបនេះ បន្ទាប់ពីបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង ប៉ូលិសយោធាចិនអាចនឹងត្រូវបានឱ្យឈរជើង ប៉ុន្តែនឹងធ្វើប្រតិបត្តិការក្រោមកងកម្លាំងប៉ូលិសជាតិកោះសូឡូម៉ុនដូចដែលប៉ូលិសអូស្រ្តាលីបានពង្រាយនៅទីនោះដែរ។
 
លើសពីនេះ មន្រ្តីការទូតជាន់ខ្ពស់រូបនេះ បកស្រាយថា កោះសូឡូម៉ុនមិនព្យាយាមចាកចេញពីអូស្រ្តាលីទេ ប៉ុន្តែកំពុងស្វះស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយចិន។ 
 
ស្របពេលចិនព្យាយាមពង្រីកឥទ្ធិពលក្នុងតំបន់ប៉ាស៊ីហ្វិក អាម៉េរិកនៅថ្ងៃដដែលបានប្រកាសពីបំណងពង្រឹងទំនាក់ទំនងការទូត និងផ្នែកផ្សេងៗឡើងវិញជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ក្រោយមិនសូវអើពើអស់រយៈពេលជាច្រើនឆ្នាំ៕
 
 

Tag:
 កោះសូឡូម៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com