ជាតិ
រដ្ឋមន្រ្តីព័ត៌មាន៖ សមាគមខ្លះ សរសេររបាយការណ៍ពីសេរីភាពព័ត៌មាន មិនត្រឹមត្រូវ
03, May 2022 , 11:23 am        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រិះគន់លើរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន ដែលសរសេរ និងចេញផ្សាយដោយសមាគម និងស្ថាប័នមួយចំនួន ដែលមិនមែនជាអង្គភាពធ្វើការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ លោក រិះគន់ថា សមាគមខ្លះ សរសេររបាយការណ៍ពីសេរីភាពព័ត៌មាន មិនត្រឹមត្រូវឡើយ។

 
«នៅក្នុងរបាយការណ៍មួយ និយាយរឿងបិទអាជ្ញាបណ្ណ តែយើង(ក្រសួងព័ត៌មាន) គ្រាន់តែព្យួរទេ? »។ នេះជាការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ ដែលបានពន្យល់ថា ការបិទ ឬព្យួរអាជ្ញាបណ្ណស្ថាប័នព័ត៌មានណាមួយ គឺអាស្រ័យលើអង្គហេតុថា ស្ថាប័ននោះ បានអនុវត្តតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ត្រឹមត្រូវដែរទេ។
 
និយាយពីចំណុចនេះ រដ្ឋមន្រ្តីព័ត៌មាន បានពន្យល់ថា មូលហេតុដែលក្រសួង សម្រេចលុប ឬព្យួរអាជ្ញាបណ្ណព័ត៌មាននោះ លុះត្រាតែស្ថាប័នណាមួយ បានទៅទារថវិកាពីពលរដ្ឋ រហូតដល់មានការប្ដឹងមកក្រសួង ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក ខៀវ កាញារីទ្ធ បានពន្យល់ថា កន្លងមក មានអ្នកកាសែត៧ស្ថាប័ន បាននាំគ្នាទៅជំរិតទារលុយពីក្រុមហ៊ុនមួយ ហើយក្រសួងបានណែនាំ មុនឈានទៅដល់ការដក ឬព្យួរអាជ្ញាប័ណ្ណស្ថាប័ននោះ។
 
«អ្នកសរសេររបាយការណ៍ឱ្យស៊ីជម្រៅជាងនេះបន្តិច ព្រោះក្រសួងព័ត៌មានស៊ីជម្រៅលើរឿងនេះជាង»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីព័ត៌មាន នៅក្នុងទិវាសេរីភាពសារព័ត៌មានសាកលលោក ៣ ឧសភា នៅសណ្ឋាគារសុខា។
 
ដោយឡែកករណីមួយទៀត ទាក់ទងនឹងការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចុះផ្សាយនៅតំបន់មួយ ដែលត្រូវបានគេរាំងខ្ទប់ ។ ចំណុចនេះ លោក ខៀវ កញារីទ្ធ ចោទសួរវិញថា តើអ្នកព័ត៌មាននោះ គាត់យល់ច្បាស់ពីច្បាប់ ឬគាត់បំពានច្បាប់? ត្រង់ចំណុចនេះ លោក កាញារីទ្ធ បានពន្យល់ថា បើកន្លែងហាមឃាត់មួយ គេមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះថតរូប ឬប្រមូលព័ត៌មានហើយ អ្នកសារព័ត៌មាន គឺគ្មានសិទ្ធិអំណាចអ្វីចូលកន្លែងនោះទេ។
 
ចំណុចនេះហើយ ដែលរដ្ឋមន្រ្តីព័ត៌មាន បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានខ្លះ ត្រូវបានគេហាមឃាត់មិនឱ្យចូលផ្ដិតយកព័ត៌មាន នៅកន្លែងហាមឃាត់នោះ បែរជាមានសេចក្តីរាយការណ៍ថា មានការរិតត្បិតសេរីភាពសារព័ត៌មានទៅវិញ។
 
សម្រាប់លោក ខៀវ កាញារីទ្ធ សេរីភាពសារព័ត៌មាន និងបញ្ចេញមតិនៅកម្ពុជា មានភាពប្រសើរឡើងជាប្រទេសដទៃក្នុងតំបន់ ដូចជា ថៃ ជាដើម ដែលបានបិទវេបសាយព័ត៌មានរាប់រយហើយ តែគ្មានការប្រកាសថា រិតត្បិតសេរីភាពឡើយ៕

Tag:
 ខៀវ កាញារីទ្ធ
  សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com