ជាតិ
សង្គមជាតិ
CCJ៖ មួយឆ្នាំចុងក្រោយនេះ មានអ្នកកាសែត៣៣នាក់ត្រូវបានឃាត់ខ្លួន
03, May 2022 , 11:53 am        
រូបភាព
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅក្នុងទិវាសេរីភាពសារព័ត៌មានសាកលលោក ៣ ឧសភា នៅសណ្ឋាគារសុខា។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅក្នុងទិវាសេរីភាពសារព័ត៌មានសាកលលោក ៣ ឧសភា នៅសណ្ឋាគារសុខា។
ភ្នំពេញ៖​ មួយឆ្នាំចុងក្រោយនេះអ្នកសារព័ត៌មាននៅកម្ពុជាចំនួន៣៣នាក់ ត្រូវបានឃាត់​និងចាប់ខ្លួន។ ចំនួននេះ បានកើនឡើង៨នាក់ បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះមាន៣នាក់ ត្រូវបានឃាត់ខ្លួនពេលកំពុងផ្សាយផ្ទាល់(Live)ក្នុងតំបន់ហាមឃាត់។​ នេះបើយោងតាមសាររបស់ក្លិបអ្នកកាសែតកម្ពុជា(CCJ) ក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២២។​

 
សេរីភាពអ្នកសារព័ត៌មាននៅកម្ពុជានាមួយឆ្នាំចុងក្រោយនេះ ពោលចន្លោះពីថ្ងៃទី៣ឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ឧសភា ឆ្នាំ២០២២  គឺមានបញ្ហាកើតឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះ អ្នកសារព័ត៌មានមួយចំនួនបានរងនូវពាក្យបណ្តឹង, ការឃាត់/ចាប់ខ្លួន, ការប៉ះទង្គិចជាមួយអាជ្ញាធរ និងការផ្អាកអាជ្ញាប័ណ្ណ ជាដើម។  
 
បើតាមក្លិបអ្នកកាសែតកម្ពុជា ពេញមួយឆ្នាំកន្លងមកនេះ មានបណ្តឹងចំនួន៥ករណីបានកើតឡើងចំពោះអ្នកសារព័ត៌មាន ដែលសុទ្ធសឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងចំណោមបណ្តឹងទាំងនេះ មាន៤ករណីត្រូវបានដោះស្រាយ ខណៈ១ករណីទៀត គឺកំពុងស្ថិតនៅក្នុងដៃតុលាការ។​ 
 
លើសពីនេះ ក៏មានអ្នកសារព័ត៌មានសរុប៣៣ ត្រូវបានឃាត់/ចាប់ខ្លួន។  សាររបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំនួនអ្នកកាសែតដែលត្រូវបានឃាត់/ចាប់ខ្លួននេះ គឺបានកើនដល់៨នាក់ បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះ មាន៣នាក់ត្រូវបានឃាត់ខ្លួនពេលកំពុងLive នៅក្នុងតំបន់ហាមឃាត់។ ចំណែកអ្នកកាសែត២នាក់ទៀត ត្រូវចាប់ខ្លួនពីបទកាន់កាប់អាវុធកែច្នៃខុសច្បាប់ និងការចែកចាយគ្រឿងញៀន ខណៈអ្នកកាសែត៣០នាក់ទៀត  ត្រូវបានឃាត់ខ្លួនពីបទគំរាមកំហែង ឬជំរិតទារប្រាក់។ ប៉ុន្តែ អ្នកកាសែតទាំងនោះក៏ត្រូវបានដោះលែងវិញ ក្រោយឃាត់ខ្លួនក្នុងរយៈពេលខ្លី។ 
 
ក្រៅពីនេះក៏មានអ្នកសារព័ត៌មានមួយចំនួនទៀត បានប៉ះទង្គិចជាមួយសមត្ថកិច្ច នាពេលចុះអនុវត្តច្បាប់ ឬរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅពេលដែលពួកគេចុះយកព័ត៌មាន ផងដែរ។ CCJ បានរៀបរាប់ថា ដូចជា៖ ករណីអ្នកកាសែតព័ត៌មានចុះព័ត៌មាន នៅពេលសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់នៃការតវ៉ារបស់អតីតបុគ្គលិកណាហ្គាវើល៍​ និងអំឡុងពេលរឹតបន្តឹងវិធានការសុខាភិបាលពេលផ្ទុះខ្លាំងនៃជំងឺកូវីដ-១៩ ជាដើម។  
 
បើតាមCCJ មួយឆ្នាំកន្លងមកនេះ ក៏មានស្ថាប័នសារព័ត៌មានចំនួន៥ត្រូវ បានក្រសួងផ្អាកអាជ្ញាប័ណ្ណផងដែរ ក្រោមហេតុផលផ្សព្វផ្សាយព័ត៌មានបំពានលើក្របសីលធម៌វិជ្ជាជីវៈ ដែលផ្ទុយពីកិច្ចសន្យាអាជីវកម្ម។ 
 
បន្ទាប់ពីសិក្សាលើបញ្ហាខាងលើ ដែលបានកើតឡើងក្នុងមួយឆ្នាំចុងក្រោយនេះ CCJ មើលឃើញថា រាល់បញ្ហាដដែលកើតឡើងនេះ មានមួយផ្នែកគឺបណ្តាលមកពីកំហុសវិជ្ជាជីវៈរបស់អ្នកកាសែតផ្ទាល់  និងមួយផ្នែកទៀត មកពីអាជ្ញាធរមួយចំនួនមិនយល់ពីការងាររបស់អ្នកកាសែត ហើយបានចាត់វិធានការលើសលស់លើអ្នកកាសែត។ CCJ បន្ថែមថា ចំពោះបញ្ហាមួយផ្នែកទៀត គឺបណ្តាលមកពីចំណាត់ការផ្លូវច្បាប់នឹងអ្នកសារព័ត៌មាន ដែលមិនអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
 
ដើម្បីធានាឱ្យការអនុវត្តសេរីភាពសារព័ត៌មានប្រព្រឹត្តដោយរលូន ​និងបានជាប្រយោជន៍ដល់សាធារណជន និងសង្គម CCJ ស្នើដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ក៏ដូចបង្កើតបាននូវសេចក្តីទុកចិត្តពីមហាជន។ ជាមួយនេះ CCJ ក៏បានស្នើដល់អាជ្ញាធរទាំងអស់ ឱ្យចាត់ទុកអ្នកសារព័ត៌មានជាដៃគូ និងផ្តល់កិច្ចសហការបន្ថែមទៀតជាមួយអ្នកសារព័ត៌មាន ដើម្បីបើកលំហនៃការទទួលនឹងផ្តល់ព័ត៌មានពិត ដល់ពលរដ្ឋឱ្យកាន់តែទូលាយ លឿនរហ័ស និងប្រសិទ្ធភាពខ្ពស់៕ 
 

Tag:
 អ្នកកាសែត
  CCJ
© រក្សាសិទ្ធិដោយ thmeythmey.com