កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ មុនប៉ះគ្នាជើងទី២ គ្រូ Villarreal ទទួលស្គាល់ Liverpool ជាក្រុមល្អបំផុតលើលោក
03, May 2022 , 4:19 pm        
រូបភាព
លោក Unai Emery អ្នកចាត់ការទូទៅ Villarreal បង្ហាញក្តីរំភើបក្នុងការតតាំងជាមួយ Liverpool នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ទាំងលោក Emery និងកូនក្រុម ទទួលស្គាល់ហង្សក្រហមជាក្រុមល្អបំផុតលើលោក ខណៈពួកគេប្ដេជ្ញាចិត្តឡើងវគ្គផ្ដាច់ព្រ័ត្រ។



កាលពីជើងទី១នៅ Anfield ក្រុមរហស្សនាមនាវាមុជទឹកពណ៌លឿង បានចាញ់ក្រុមរបស់លោក Jurgen Klopp ក្នុងលទ្ធផល ២-០។ ជំនួបជើងទី២ដើម្បីកាត់សេចក្តីថាក្រុមណាត្រូវឡើងវគ្គផ្តាច់ព្រ័ត្រនៅក្រុងប៉ារីស នឹងត្រូវធ្វើឡើងនៅទឹកដី Villarreal វិញនារាត្រីថ្ងៃទី៣​ ខែឧសភា វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
មុនជំនួបជើងទី២ លោក Emery អ្នកចាត់ការទូទៅ Villarreal បានលើកសរសើរ​ និងទទួលស្គាល់ Liverpool ជាក្រុមល្អបំផុតលើលោក។ ការលើកសរសើរក្រុមគូប្រជែងរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញបែបនេះ បន្ទាប់ពី Villarreal ឆ្លងកាត់ការប្រកួតជើងទី១ជាមួយ Liverpool ដោយគ្មានឱកាសស៊ុតនៅមុខទីសូម្បីមួយលើក។
 
ហង្សក្រហម បានបង្ហាញទម្រង់លេងដ៏ល្អអស្ចារ្យ ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ ហើយក្រុមអង់គ្លេសមួយនេះគ្រប់គ្រងការប្រកួតស្ទើទាំងស្រុងជាមួយស្ថិតិ ៧៤ភាគរយ ទល់២៦ភាគរយ។
 
«​យើងពិតជារំភើបណាស់។ យើងពេញចិត្តដែលត្រូវប្រជែងជាមួយក្រុមល្អបំផុតមិនធ្លាប់មាន ដូចជា Liverpool»។ នេះជាការលើកឡើងរបស់លោក Emery។ យ៉ាងណាក៏ដោយ បើទោះអតីតអ្នកចាត់ការ Arsenal និង PSG បានចាត់ទុកក្រុមគូប្រជែងល្អបំផុតក្នុងពិភពបាល់ទាត់ក្តី ប៉ុន្តែលោក Emery បានទទូចឱ្យកូនក្រុមលោករីករាយនឹងជំនួបនេះដូចគ្នា និងប្រឹងប្រែងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។
 
ក្រោយរបូតពីរគ្រាប់នៅជើង១ Villarreal ត្រូវធ្វើយ៉ាងណារកឱ្យបានលើសពី២គ្រាប់នៅជើងទី២ក្នុងទឹកដីខ្លួន ដើម្បីកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com