ជាតិ
NTFP EP រៀបចំទស្សនកិច្ចដល់អ្នកសារព័ត៌មាន ដើម្បីបង្ហាញអេកូទេសចរណ៍ដងទន្លេមេគង្គ
03, May 2022 , 9:59 pm        
រូបភាព
ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តំបន់អេកូទេសចរណ៍ចំនួនបួន នៅទន្លេមេគង្គលើ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តំបន់អេកូទេសចរណ៍ចំនួនបួន នៅទន្លេមេគង្គលើ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ស្ទឹងត្រែង៖ អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP EP Cambodia) បានរៀបចំដំណើរទស្សនកិច្ចសិក្សាដល់ក្រុមអ្នកសារព័ត៌មានចំនួន៩ស្ថាប័ន ទៅកាន់សហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង និងក្រចេះ។ ទស្សនកិច្ចសិក្សានេះ​ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។


ដំណើរទស្សនកិច្ចសិក្សាខាងលើ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលសហគមន៍អេកូទេសចរណ៍ តាមបណ្ដោយទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង ដល់សារធារណជន តាមរយៈបណ្ដាញសារព័ត៌មាន។ នាដំណើរទស្សនកិច្ចសិក្សានេះ អ្នកសារព័ត៌មានបានទៅទស្សនកិច្ច ក្នុងសហគមន៍អេកូទេសចរណ៍ចំនួន៤ រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍អេកូទេសចរណ៍កោះសាមសិប។


 ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តំបន់អេកូទេសចរណ៍ចំនួនបួន នៅទន្លេមេគង្គលើ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។

នាទស្សនកិច្ចនៅក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ NTEP EP  លើកឡើងថា ការបង្កើតទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាននេះ គឺចង់​ផ្សព្វផ្សាយពីតំបន់សហគមន៍អេកូទេសចរណ៍ខាងលើ ស្របទៅនឹងបច្ចុប្បន្នភាពនៃការប្រើប្រាស់ Digital Market។ លោកបន្ថែមថា ការផ្សព្វផ្សាយបែប Digital Market នេះមានសារៈសំខាន់៖ «សម័យឥឡូវគេនិយាយពី Digital Market ជាការភ្ជាប់ទីផ្សារទៅនឹងប្រព័ន្ធ Digital ដែលធ្វើឱ្យ អ្នកចូលអាន ចូលមើល​ ច្រើន ដូច្នេះអញ្ជើញអ្នកសារព័ត៌មានបានច្រើន ផ្សព្វផ្សាយបានច្រើន»។
 
យោងតាមទិន្នន័យចង្អុលបង្ហាញ នៅគោលនយោបាយអេកូទេសចរណ៍ជាតិ មានសហគមន៍អេកូទេសចរណ៍ជាង៥០កន្លែង បានបង្កើតឡើងនៅទូទាំងប្រទេស រាប់បញ្ជូលទាំងសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គផងដែរ។ សហគមន៍អេកូទេសចរណ៍ ដើរតួយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពពលរដ្ឋសហគមន៍។
  

ម្ហូបតាមតំបន់ តាមបណ្ដាសហគមន៍អេកូទេសចរណ៍ ដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង។

បច្ចុប្បន្ននេះ NTFP EP Cambodia តាមរយៈកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) គាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDG) និងស៊ុយអែតដំណាក់កាលទី៣ រយៈពេល២ឆ្នាំ (២០២១ ដល់ ២០២៣) និងគម្រោងព្រៃឡង់បៃតង ដំណាក់កាលទី២ គាំទ្រថវិកាទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រយៈពេល១៨ខែ (ពីខែកក្កដា ២០២១ ដល់ ខែធ្នូ ២០២២)។
 
តាមរយៈគម្រោងទាំងពីរខាងលើនេះ កំពុងគាំទ្រដល់សហគមន៍ទាំង៤ រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍អេកូទេសចរណ៍កោះសាមសិប៕
 
 
 
 
 

Tag:
 ThmeyThmey25
  សហគមន៍អេកូទេសចរណ៍
  ក្រចេះ
  ស្ទឹងត្រែង
  NTFP EP
© រក្សាសិទ្ធិដោយ thmeythmey.com