អន្តរជាតិ
ប្រេសិតពិសេស​ចិន៖ ចិននឹងដើរតួនាទីប្រកបដោយស្ថាបនា​​​ដើម្បីដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ
03, May 2022 , 5:24 pm        
រូបភាព
ប្រេសិតពិសេសចិន Liu Xiaoming និងកូរ៉េខាងត្បូង Noh Kyu-duk ចាប់ដៃគ្នាមុនជំនួបនៅសេអ៊ូល។ រូបថត AFP
ប្រេសិតពិសេសចិន Liu Xiaoming និងកូរ៉េខាងត្បូង Noh Kyu-duk ចាប់ដៃគ្នាមុនជំនួបនៅសេអ៊ូល។ រូបថត AFP
ដោយ:
ពីរដ្ឋធានីសេអ៊ូល ប្រេសិតចិនទទួលបន្ទុកកិច្ចការកូរ៉េ Liu Xiaoming នៅថ្ងៃទី៣ ខែឧសភា បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងការដើរតួនាទីស្ថាបនា​លើការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការលើកឡើងរបស់បេសកជនពិសេសរូបនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយពីកូរ៉េខាងជើងបានប្រកាសអភិវឌ្ឍអាវុធនុយក្លែអ៊ែររបស់ខ្លួនឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

 
លោក Liu Xiaoming ប្រេសិតរបស់ចិនទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ បានជួបជាមួយសមភាគីកូរ៉េខាងត្បូង Noh Kyu-duk នៅថ្ងៃទី៣ ខែឧសភា នៅរដ្ឋធានីសេអ៊ូល ស្របពេល ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនកម្តៅសារជាថ្មីដោយសារកូរ៉េខាងជើងបន្តសាកល្បងបាញ់មីស៊ីលឥតឈប់ឈរ។                                                                                                                                 
បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោក​​ Noh Kyu duk អ្នកតំណាងទទួលបន្ទុកសនិ្តភាពនិងសន្តិសុខឧបទ្វីបកូរ៉េ បានសម្តែងក្តីបារម្ភលើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ​ និងសកម្មភាពទីតាំងសាកល្បងនុយក្លែអ៊ែរ​ Punggyeri ។ បន្ថែមពីនេះ ​លោក​ Noh ក៏បានស្នើឱ្យក្រុងប៉េកាំងដើរតួនាទីសម្របសម្រួលឱ្យក្រុងព្យុងយ៉ាងត្រឡប់ទៅរកការចរចាវិញ។
 
ចំណែក​ ​លោក Liu ក៏បានបង្ហាញក្តីបារម្ភជុំវិញភាពតានតឹងនៃឧបទ្វីបនេះ ហើយបានអះអាងជាថ្មីនូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការដើរតួនាទីដោះស្រាយបញ្ហា ដែលអូសបន្លាយជាច្រើនឆ្នាំនេះដែរ។ អ្នកការទូតចិនរូបនេះ ​សង្កត់ធ្ងន់ថា គន្លឹះក្នុងការដោះស្រាយបញ្ហាគឺស្ថិតក្នុងដៃរវាងកូរ៉េខាងជើងនិងអាម៉េរិកប៉ុណ្ណោះ។

 
«ចិន ត្រៀមខ្លួនជាស្រេចលើការសហការជាមួយកូរ៉េខាងត្បូងដើម្បីជំរុញដំណើរការដោះស្រាយនយោបាយក្នុងបញ្ហានេះ។» ប្រេសិតពិសេសរបស់ចិនបញ្ជាក់បែបនេះ មុនបន្ថែមថា ភាគីទាំងពីរជាដៃគូសហប្រតិបត្តិការដ៏សំខាន់។
 
បើតាម​សេចក្តីប្រកាសព័ត៌មានដដែល មន្រ្តីចិននិងកូរ៉េខាងត្បូង ក៏បានយល់ព្រមបន្តយុទ្ធសាស្រ្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជុំវិញបញ្ហាឧបទ្វីបកូរ៉េ។
 
បន្ទាប់ពីបានបាញ់មីស៊ីលជាច្រើនលើក មន្រ្តីនៅទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន បានអះអាងថា កូរ៉េខាងជើងអាចនឹងរៀបចំការបាញ់សាកល្បងនៅជុំថ្មីបន្ថែមទៀត។ ក​ន្លងមក ​អាម៉េរិកបានជំរុញឱ្យអង្គការសហប្រជាជាតិ (UN) ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ ប៉ុន្តែ ចិននិងរុស្សី បានបង្ហាញសញ្ញាប្រឆាំងដោយលើកហេតុផលថា​ ​ទណ្ឌកម្មគួរតែត្រូវកាត់បន្ថយដើម្បីចាប់ផ្តើមការចរចា និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្រីក្រកូរ៉េខាងជើងវិញ៕
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com