ជាតិ
សង្គមជាតិ
ស្ថាប័នបំភ្លឺ៖ អនុប្រធានបណ្ឌិត្យសភានគរបាល ទះកំផ្លៀងគ្រូនគរបាលជាមន្រ្តីបក្សភ្លើងទៀន គឺមិនពិត
04, May 2022 , 6:09 pm        
រូបភាព
រូបពីវីដេអូរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបង្ហោះលើ Youtube
រូបពីវីដេអូរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបង្ហោះលើ Youtube
ដោយ៖ ទេពញាណ 
 
បណ្ឌិត្យសភានគរបាលកម្ពុជា ច្រានចោលការចោទប្រកាន់ថា លោកឧត្តមសេនីយ៍ឯក ប្រាក់ ណារ៉ុង សាស្រ្តាចារ្យបង្រៀននគរបាល និងជាអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទះកំផ្លៀងលោកវរសេនីយ៍ត្រី អេង ស្រូយ ជាគ្រូនគរបាលដែរនោះ និងជាប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ ក្នុងអង្គប្រជុំមួយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។


 
បណ្ឌិត្យសភានគរបាលកម្ពុជា ហ៊ានច្រានចោលការចោទប្រកាន់ខាងលើនេះ ក្រោយពីឆ្លងកាត់ការស្រាវជ្រាវរួច។ តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជា សរសេរថា៖«សាក្សីទាំងអស់៦នាក់ ដែលបានចូលរួមប្រជុំ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អះអាងថា ឧត្តមសេនីយ៍ឯក ប្រាក់ ណារ៉ុង មិនបានប្រើហិង្សាទះកំផ្លៀងលោក អេង ស្រូយ ក្នុងកិច្ចប្រជុំ ដូចការផ្សព្វផ្សាយនោះទេ។ ករណីនេះ ផ្ទុយពីការពិត និងជាការបរិហារកេរ្តិ៍ដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងប៉ះពាល់ដល់កិត្តិយសបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ»។ 
 
ក្រោយចាកចេញពីកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក អេង ស្រូយ ក៏ប្រាប់បណ្តាញសារព័ត៌មានមួយចំនួនថា ក្នុងកិច្ចប្រជុំនោះ លោក ត្រូវបានលោក ប្រាក់ ណារ៉ុង ដែលជាមេកើយ ទះកំផ្លៀង។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានវីអូអេថា៖«ដើមចមនៃការទះផ្លៀងនេះ គឺបណ្តាលមកពីរឿងនយោបាយមួយ និងរឿងថតរូបក្នុងអង្គប្រជុំពីរ»។ 
 
បណ្ឌិត្យសភានគរបាលកម្ពុជា បកស្រាយថា ការបើកកិច្ចប្រជុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដែលដឹកនាំដោយលោក ប្រាក់ ណារ៉ុង គឺផ្តោតទៅលើការមិនគោរពវិន័យរបស់លោក អេង ស្រូយ ដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយសោះឡើយ។ ក្នុងសេចក្តីបំភ្លឺ៣ទំព័រ បណ្ឌិត្យសភានគរបាលកម្ពុជា បានបរិយាយពីកំហុសយ៉ាងច្រើនរបស់លោក អេង ស្រូយ ដែលនាំឲ្យអង្គភាព ចាំបាច់ត្រូវបើកកិច្ចប្រជុំ ដើម្បីណែនាំលោកឲ្យកែប្រែខ្លួនឲ្យល្អឡើងវិញ។ 
 
កំហុសរបស់លោក អេង ស្រូយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជាបរិយាយ មានជាអាទិ៍ មិនបានបំពេញភារកិច្ចតាមការណែនាំ មិនមានលទ្ធផលការងារ អសកម្មនឹងការងារ មិនគោរពវិន័យ មិនមានភាពរាងចាលចំពោះទណ្ឌកម្មរដ្ឋបាល និង អវត្តមានពីការងារដោយឥតច្បាប់។ អ្វីដែលគួរកត់សម្គាល់លើសពីនេះ គឺបណ្ឌិត្យសភានគរបាលកម្ពុជា អះអាងថា ចាប់តាំងពីត្រូវបានផ្ទេរភារកិច្ចឲ្យធ្វើជាគ្រូបង្រៀននគរបាល នៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន (២០២២) លោក អេង ស្រូយ មិនទាន់បានឡើងបង្រៀននគរបាលម្តងនោះទេ ដោយសារលោក មិនទាន់មានឯកសារបង្រៀនគ្រប់គ្រាន់ និងមិនទាន់ឆ្លងកាត់ការវាយតម្លៃសមត្ថភាពបង្រៀនសាកល្បងនៅឡើយ។ 
 
លោក អេង ស្រូយ និងលោក ប្រាក់ ណារ៉ុង សុទ្ធតែដាក់លិខិតទៅលោកនាយឧត្តមសេនីយ៍ សេង ផល្លី ដើម្បីសុំឲ្យជួយរកខុសត្រូវ។ ចំពោះលោក អេង ស្រូយ ក្រៅពីការសុំអន្តរាគមន៍ពីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាហើយ លោក ប្រាប់បណ្តាសារព័ត៌មាននានាថា លោក ក៏នឹងដាក់របាយការណ៍ពីករណីទះកំផ្លៀងលោកទៅកាន់ក្រសួងមហាផ្ទៃ និងប្តឹងទៅតុលាការផងដែរ។ 
 
លោក ប្រាក់ ណារ៉ុង ក៏មិននៅស្ងៀមដែរ។ បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់ព័ត៌មានក្នុងសេចក្តីបំភ្លឺថា លោក ប្រាក់ ណារ៉ុង បានស្នើសុំការអនុញ្ញាតពីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីចាត់វិធានការតាមច្បាប់ទៅលើលោក អេង ស្រូយ។ ក្នុងន័យនេះ លោក ប្រាក់ ណារ៉ុង ប្រហែលជាដាក់បណ្តឹងប្តឹងលោក អេង ស្រូយ វិញដូចគ្នា។  
 
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់ព័ត៌មានបន្ថែមថា ក្រៅពីនេះ លោក អេង ស្រូយ នឹងត្រូវរងទណ្ឌកម្មរដ្ឋបាលជាថ្មីម្តងទៀត៕  
 
 

Tag:
 គណបក្សភ្លើងទៀន
  អេង ស្រូយ
  ប្រាក់ ណារ៉ុង
  ករណីទះកំផ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com