ជាតិ
សង្គមជាតិ
អ្នកស្រី ប៊ុន ចន្ទសោភា តារាភាពយន្តសម័យសង្គមរាស្រ្តនិយម ទទួលមរណភាព
05, May 2022 , 4:26 pm        
រូបភាព
រូបពីក្រុមព្រះសុរិយា
រូបពីក្រុមព្រះសុរិយា
តារាភាពយន្តខ្មែរដ៏ល្បីល្បាញ នាទសវត្ស៦០ (សម័យសង្គមរាស្រ្តនិយម) និងទសវត្ស៧០ (ឈានចូលសម័យសាធារណរដ្ឋខ្មែរ) គឺអ្នកស្រី ប៊ុន ចន្ទសោភា បានទទួលមរណភាព ក្នុងវ័យ៧៧ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង១១ និង៤៥ព្រឹក នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមព្រះសុរិយា ជាក្រុមការងារមួយ ដែលស្រាវជ្រាវពីប្រវត្តិសិល្បករខ្មែរពីអតីតកាល។



ក្រោយរបបខ្មែរក្រហម គេបាត់ដំណឹងឈឹងពីអ្នកស្រី ប៊ុន ចន្ទសោភា។ រហូតដល់ឆ្នាំ២០២១២ ក្រុមព្រះសូរិយា ក៏ទទួលដំណឹងថា អ្នកស្រីកំពុងរស់នៅជាមួយក្រុមគ្រួសារនៅលើ​កោះ​រ៉ុង​។ ក្រុមព្រះសុរិយា បានចេញផ្សាយវីដេអូមួយ ក្នុងឆ្នាំ២០២១ និយាយពីខ្សែជីវិតរបស់អ្នកស្រី។ បើតាមវីដេអូរបស់ក្រុមព្រះសុរិយា អ្នកស្រីបានដកខ្លួនចេញពីសិល្បៈ ចាប់តាំងពីក្រោយរបបខ្មែរក្រហមដួលរលំ ហើយអ្នកស្រី រស់នៅជាមួយក្រុមគ្រួសារយ៉ាងស្ងប់ស្ងាត់។


សពអ្នកស្រី ប៊ុន ចន្ទសោភា ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់អ្នកស្រីនៅឯកោះរ៉ុង។ រូបពីក្រុមព្រះសុរិយា

អ្នកស្រី ប៊ុន ចន្ទសោភា ជាតារាភាពយន្ត ដែលមានរូបសម្បត្តិ ស្រដៀងនឹងអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី ជាកំពូលតារាភាពយន្តខ្មែរ នាសម័យសង្គមរាស្រ្តនិយម។ ខ្សែភាពយន្តល្បីៗ ដែលអ្នកស្រី ប៊ុន ចន្ទសោភា បានដើរតួ មានដូចជា រឿងផលកម្មខ្ញុំ រឿងត្រពាំងពាយ រឿងផ្កាព្កុលមាស រឿងឫទ្ធិវង្ស រឿងព្រះជិនវង្ស រឿងឫទ្ធិស័ក្តិព្រួញមាស និងរឿងស្នាមស្នេហ៍ព្រៃគុក ជាដើម៕

Tag:
 ប៊ុន ចន្ទសោភា
© រក្សាសិទ្ធិដោយ thmeythmey.com