អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន៖ ស្ថានភាពនៅអ៊ុយក្រែនអាចកើតឡើងនៅអាស៊ីខាងកើត
06, May 2022 , 11:59 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ចាកចេញពីការិយាល័យ 10 Downing Street ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តី បូរីស ចនសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ចាកចេញពីការិយាល័យ 10 Downing Street ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តី បូរីស ចនសុន ។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានព្រមានពីលទ្ធភាពដែលអ្វីកំពុងកើតឡើងនៅអ៊ុយក្រែន អាចកើតមាននៅអាស៊ីខាងកើតដែរ ប្រសិនបើប្រទេសមហាអំណាចធំៗមិនរួបរួមឆ្លើយតបនឹងអ្នក​ឈ្លាន​ពាន និងជួយរក្សាការពារសន្តិភាព និងស្ថិរភាពទេនោះ។​ ទោះមិននិយាយចំឈ្មោះ ប្រមុខរដ្ឋាភិបាលជប៉ុន ហាក់ចង់សំដៅដល់ជម្លោះដែនដី និងសកម្មភាពរបស់ចិននៅក្នុងតំបន់។

 
តាំងពីមានការលុកលុយពីកងកម្លាំងរុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈមក ប្រទេសនៅអាស៊ី​ខាងកើត ជាពិសេសកោះតៃវ៉ាន់ផ្ទាល់ រឹតតែព្រួយបារម្ភពីរឿងបែបនេះកើតឡើងដូចគ្នា ខណៈដែលចិនតែងសង្រ្កឺតធ្មេញ និងសម្ញែងអំណាចយោធារបស់ខ្លួនជាបន្តបន្ទាប់នោះ។
 
ពីទីក្រុងឡុដ៍ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នេះជា​ពេលសំ​ខាន់​ដែល​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើនទាំង៧ (G7) ត្រូវពង្រឹងការឯកភាពគ្នា ការសហការគ្នា និងការចែករំលែកតម្លៃជាសកល។ ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ ក៏ព្រមានជាថ្មីពីស្ថានភាពអ៊ុយក្រែនដែលអាចកើតឡើងនៅអាស៊ីខាងកើតផងដែរ។
 
«យើងត្រូវតែសហការជាមួយសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា ហើយមិនត្រូវ អត់ឱន​ចំពោះការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពដោយការប្រើប្រាស់កម្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីខាងកើត។ (ស្ថានភាព)​ អ៊ុយក្រែនអាចនឹង កើតឡើង​នៅ​អាស៊ី​ខាង​កើត​»។ លោក គីស៊ីដា បានសង្កត់ធ្ងន់បែបនេះចង់សំដៅលើចិនអាចឈ្លានពានកោះតៃវ៉ាន់ អំឡុងសន្និសីទសារព័ត៌មានជាមួយសមភាគីអង់គ្លេស បូរីស ចនសុន ។ លោកក៏បន្ថែមថា ​សន្តិភាព និង​ស្ថិរ​ភាព​នៅច្រកសមុទ្រតៃវ៉ាន់គឺសំខាន់មិនត្រឹមតែសម្រាប់ជប៉ុន តែក៏សម្រាប់​ស្ថិរភាព​ពិភពលោក​ទាំងមូល។
 
មេដឹកនាំជប៉ុនរូបនេះ ក៏បានអះអាងពីជំហររបស់ក្រុងតូក្យូដែលរំពឹងឱ្យមានការដោះស្រាយដោយ​សន្តិវិធីតាមរយៈការសន្ទនាចំពោះបញ្ហាជុំវិញកោះតៃវ៉ាន់ ហើយជប៉ុននឹងតាមដានរឿងនេះ​យ៉ាង​ដិត​ដល់។ 
 
ក្នុងរឿងរុស្ស៊ីឈ្លានពានអ៊ុយក្រែននេះដែរ លោក គីស៊ីដា ក៏បានទទូចឱ្យក្រុម G7 ដាក់​សម្ពាធ​លើ​រុស្ស៊ី​ឱ្យ​សមនឹងសកម្មភាពដែលប្រទេសមួយនេះបានធ្វើដាក់អ៊ុយក្រែនផងដែរ។ លោកក៏ប្រកាសបន្ថែម​បុគ្គល​ចំនួន១៤០នាក់ទៀតចូលក្នុងបញ្ជីបង្កកទ្រព្យធន ហើយហាមឃាត់ការ​នាំចេញ​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធនឹងក្រុមហ៊ុនអាវុធរុស្ស៊ី៕
 

Tag:
 អង់គ្លេស
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com